កំ​ពតៈ សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់​និង​ព្រៃ​ឈើ​កម្ពុ​ជា​ ​និង​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងារ​និង​សិទ្ធិ​មនុស្ស​ ​បាន​ស្នើ​ឲ្យ​មាន​កា​រ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ ​នូវ​សកម្ម​ភាព​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​របស់​ក្រុម​ហ៊ុន​ចិន​មួយ​ ​ដែល​ទទួល​ម៉ៅ​ការ​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​ សម្រាប់​ផ្គត់​ផ្គង់​ដល់​រោង​ចក្រ​ផលិត​ស៊ី​ម៉ង់ត៍​ថៃ​ប៊ុន​រ៉ុង​ ​ក្នុង​ខេត្ត​កំពត​ ​និង​ជំរុញ​ឲ្យ​មាន​ការ​ចុះ​ធ្វើ​អធិ​ការ​កិច្ច​ការ​ងារ​នៅ​ទី​តាំង​ការ​ដ្ឋាន​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​នៃ​ក្រុម​ហ៊ុន​នេះ​ ​ដើម្បី​ធានា​ដល់​សុវត្ថិ​ភាព​ការ​ងារ​របស់​កម្ម​ករ​។

សំ​ណើ​នេះ​​ ​បា​ន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ០២​ ​ខែ​ មិថុនា ​ឆ្នាំ​ ២០​២០​ បន្ទាប់​ពី​ក្រុម​ការ​ងារ​នៃ​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំ​ណង់​ និង​ព្រៃ​ឈើ​កម្ពុជា​បាន​រក​ឃើញ​ថា ក្រុម​ហ៊ុន​ចិន​ដែល​ទទួល​ម៉ៅ​ការ​បន្ត​ពី​ក្រុម​ហ៊ុន​រោង​ចក្រ​ផលិត​ស៊ី​ម៉ង់ត៍​ថៃ​ប៊ុន​រ៉ុង ​ក្នុង​ការ​​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​​នេះ​ ​មិន​បាន​អនុ​វត្ត​ត្រឹម​ត្រូវ​តាម​វិធាន​ណែ​នាំ​អំពី​សុវត្ថិ​ភាព​ការងារ​ ​និង​បទ​ដ្ឋាន​បច្ចេក​ទេស​មួយ​ចំ​នួន​ទៀត​ ​ជា​ពិ​សេស​នៅ​មិន​ទាន់​​បាន​ចុះ​កិច្ច​ព្រ​ម​ព្រៀង​ជា​ផ្លូវ​ការ​ជា​មួយ​ភ្នាក់​ងារ​បេ​ឡា​ជាតិ​នៃ​របប​សន្តិ​សុខ​សង្គម​នៅ​ឡើយ​ ដែល​ប្រការ​នេះ ធ្វើ​ឲ្យ​បាត់​បង់​ផល​ប្រ​យោជ​ន៍​ជា​ច្រើន​របស់​កម្ម​ក​រ​។​

លោក​ ​ស៊ូ​ ​ឆ្លូញ​ ​អនុ​ប្រ​ធាន​សហ​ព័ន្ធ​សហ​ជីព​កម្មករ​សំណង់​ និង​ព្រៃ​ឈើក​ម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ ​បន្ទាប់​ពី​មាន​ករណី​ ​បាក់​ផ្ទាំង​ថ្ម​ភ្នំ​ធ្លាក់​សង្កត់​លើ​កម្មករ​បណ្ដាល​ឲ្យ​ស្លាប់​ពីរ​នាក់​កាល​ពីរ​សៀល​ថ្ងៃ​ទី ​២៩​ ​ខែ ​ឧសភា ​ឆ្នាំ​ ២០​២០​ កន្លង​មក​នេះ​ ​ក្រុម​ការ​ងារ​នៃ​សហ​ព័ន្ធ​សហ​ជីព​របស់​លោក​ ​បាន​ចុះ​ពិនិត្យ​ និង​ស៊ើប​សួរ​កម្មករ ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​ការ​ដ្ឋាន​ខួង​បំ​ផ្ទុះថ្ម​ភ្នំ​នោះ​ ​ហើយ​រក​ឃើញ​ថា​ការ​ដ្ឋាន​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​របស់​ក្រុម​ហ៊ុន​ម៉ៅ​ការ​ចិន​នោះ​ ​នៅ​មិន​ទាន់​បាន​អនុ​វត្ត​ពេញ​លេញ​តាម​សេច​ក្ដី​ណែ​នាំ ​អំពី​គោល​ការណ៍​សុវត្ថិ​ភាព​នៅ​កន្លែង​ការ​ងារ​ និង​បទ​ដ្ឋាន​បច្ចេក​ទេស​មួយ​ចំនួន​ទៀត​។​

លោក​ ​ឆ្លូញ​ ​បាន​និយាយ​ថា​៖ ​«​កម្មករ​ដែល​បម្រើ​ការ​ងារ​នៅ​ក្នុង​ការ​ដ្ឋាន​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​នេះ​ ​មិន​បាន​ស្លៀក​ពាក់​ឯក​សណ្ឋាន​និង​ពាក់​​ឧប​ករណ៍​សម្រាប់​ការ​ពារ​គ្រោះ​ថ្នាក់​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​ ​ខណៈ​ការ​ងារ​ក្នុង​ការ​ដ្ឋាន​នេះ​មាន​បញ្ហា​ប្រ​ឈម​ខ្ពស់​​ចំ​ពោះ​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិ​ត​»​។​

ចំ​ណែក​ ​លោក​ ​ឃុន​ ​ថា​រ៉ូ ​អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការ​ងា​រ​​ ​និង​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ ​ក្រៅ​ពី​កង្វះ​ការ​​អនុ​វត្ត​នូវ​វិធាន​សុវត្ថិ​ភាព​នៅ​កន្លែង​ការ​ងារ​ ​ក្រុម​ហ៊ុន​នេះ​នៅ​មិន​ទាន់​មាន​ការ​ទទួល​ខុស​ត្រូវ​អំពី​របប​សន្តិ​សុខ​សង្គម​ចំពោះ​កម្ម​ករ​របស់​ខ្លួន​នោះ​ទេ​ ​ដោយ​រហូត​មក​ទល់​ពេល​នេះ​ ក្រុម​ហ៊ុន​នៅ​មិន​ទាន់​​ចុះ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ក្រុម​ បេ​ឡា​ជាតិ​នៃ​របប​សន្តិ​សុខ​សង្គម​ ​នៃ​​មន្ទីរ​ឬ​ក្រ​សួង​ការ​ងារ​នៅ​ឡើយ​ទេ​។​

លោក​បាន​ថ្លែង​ថា​៖ ​«​ថ្វី​ត្បិត​តែ​ភាគី​ក្រុម​ហ៊ុន​បាន​ផ្ដល់​សំណង​សម្រាប់​ជន​រង​គ្រោះ​ម្នាក់ៗ​ចំ​នួន​ ៣៥ ០០០​ ដុល្លារ​ ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​រួច​ទៅ​ហើយ​មែន​ ​ប៉ុន្តែ​​ក្រុម​ហ៊ុន​មិន​បាន​បំពេញ​កាត​ព្វ​កិច្ច​ក្នុង​ការ​ ​ជួយ​ឧប​ត្ថ​ម្ភ​គាំ​ទ្រ​ផ្នែក​របប​សន្តិ​សុខ​សង្គ​ម​ ​ដល់​សមា​ជិក​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ ​ទៅ​តាម​បទ​បញ្ញតិ​នៃ​ច្បាប់​ការងារ​នោះ​ទេ ដោយ​សារ​តែ​ក្រុម​ហ៊ុន​ ​មិន​បាន​ចុះ​បញ្ជី​ជា​មួយ​ ​ប​.​ស​.​ស ​»​។​

លោក​ ​ថា​រ៉ូ ​បាន​បន្ត​ថា​៖ ​«​តាម​រយៈ​កា​ររក​ឃើញ​នូវ​ភាព​ខ្វះ​ចន្លោះរ​បស់​ក្រុម​ហ៊ុន​ម៉ៅ​ការ​មួយ​នេះ​ ​ទើប​ក្រុម​ការ​ងារ​យើង​បាន​សម្រេច​ដាក់​​សំណើ​ទៅ​ស្ថាប័ន​មាន​សមត្ថ​កិច្ច​ពាក់​​ព័ន្ធ​ ​ចុះ​ផ្អាក​សកម្ម​ភាព​របស់​ហ៊ុន​នេះ​ជា​បណ្ដោះ​សន្ន ​និង​ត្រូវ​ធ្វើ​អធិ​ការ​កិច្ច​ការ​ងារ​ឲ្យ​បាន​ជា​ប្រ​ចាំ​ ​ប្រកប​ដោ​យ​ប្រ​សិទ្ធិ​ភាព ​និងតម្លា​ភាព។​ ​ជា​ពិសេស ត្រូវ​បង្ខំ​ឲ្យ​ក្រុម​ហ៊ុន​នេះ​​ចុះ​បញ្ជី​ការ​ជា​មួយ​ ​ប​.​ស​.​ស ​ជា​បន្ទាន់​ ដើម្បី​ធានា​ដល់​ផល​ប្រ​យោជន៍​របស់​កម្មករ​ទៅ​តាម​បទ​បញ្ញតិ​នៃ​ច្បាប់​ការ​ងារ​»​។​

ជុំវិញ​ករណី​នេះ​ ​លោក​ ​អ៊ឹង​ ​ប៉ូ​ហេង​ ​ប្រ​ធា​ន​មន្ទី​ការ​ងា​រ​ និង​បណ្ដុះ​បណ្ដាល​​មុខ​វិជ្ជា​ជីវៈ​ ​ខេត្ត​កំពត​ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិល​មិញ​ថា​ ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំ​នាញ​ចុះ​អធិ​ការ​កិច្ច​នៅ​ការ​ដ្ឋាន​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​នោះ​ហើ​យ​ បន្ទាប់​ពី​បាន​ជួយ​អន្ត​រាគមន៍​​ដល់​គ្រួ​សារ​ជន​រង​គ្រោះ ​ក្នុង​ការ​រៀប​ចំ​បុណ្យ​សព​ ​និង​ជំរុញ​ឲ្យ​មាន​ការ​ជួយ​ផ្ដល់​សំណង​ជួស​ជុល​ការ​ខូច​ខាត​ ​ដល់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ទាំង​ ២​ នាក់​នោះ។​

លោក​ ​ប៉ូ​ហេង​ បាន​បញ្ជាក់​ថា​៖ ​«​នៅ​ពេល​នេះ​ ​ខាង​ភាគី​ក្រុម​ហ៊ុន​ចិន​នោះ ​បាន​ផ្ដល់​សំណង​គ្រោះ​ថ្នាក់​​ការ​ងារ​ ​សម្រាប់​ជន​រង​គ្រោះ​ម្នាក់ៗ​ ​៣៥ ០០០ ​ដុល្លា​រ​ ដល់​គ្រួសារ​ជន​រង​គ្រោះ​អ​ស់​ហើយ។​ ​ចំ​ណែក​ភាគី​គ្រួសារ​ជន​រង​គ្រោះ​ ក៏​មិន​បាន​តវ៉ា​ទាម​ទារ​​សំ​ណង​អ្វី​បន្ថែម​ទៀត​ដែរ​»​។​ ​

បើ​តាម​លោក​ ​ប៉ូ​ហេង​ ​ក្រុម​ហ៊ុន​ចិន​​ដែល​ទទួល​ម៉ៅ​ការ​ខួង​បំផ្ទុះ​ថ្ម​ភ្នំ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ផ្នែក​ផលិ​ត​កម្ម​នៃ​រោង​ចក្រ​ផលិត​ស៊ីម៉ង់​ត៍​ថៃ ​ប៊ុន​រ៉ុង​ ​នេះ​ ​គឺ ​ជា​បុត្រ​សម្ព័ន្ធ​នៃ​ក្រុម​ហ៊ុន​ថៃ​ប៊ុន​ ​រ៉ុង​ហ្គ្រុប​ ​ដែល​មាន​ចុះ​បញ្ជី​ការ​ត្រឹម​ត្រូវ​៕​ ​