ភ្នំពេញៈ ភាគី​សហជីព​ដែល​តំណាងឱ្យ​កម្មករនិយោជិត​បាន​បង្ហើប​ឲ្យ​ដឹង​ពី​តួលេខ​សម្រាប់​ដាក់​ធ្វើការ​ចរចា​ជាមួយ​នឹង​ភាគី​និយោជក និង​តំណាង​រដ្ឋាភិបាល​លើ​ការស្នើសុំ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២១ គឺ​ចំនួន​ ១១,៥៩ ​ដុល្លារ​អាមេរិក​ ឬ​ស្មើនឹង​ ៦,១%​។

តួលេខ​នេះ​នឹងត្រូវ​ដាក់​ធ្វើ​ការចរចា​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្រសួង​ការងារ​ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ៣ ខែ​កញ្ញា​ដែល​មាន​ការចូលរួម​ពី​ត្រីភាគី ដែល​មាន​សហជីព​តំណាង​ឱ្យ​កម្មករ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ដែល​តំណាងឱ្យ​និយោជក និង​ក្រសួង​ការងារ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​ដឹងថា​៖ «​យើង​បានកំណត់​យក​ចំនួន​ ១១,៥៩ ​ដុល្លារ​ ជា​តួលេខ​មួយ​ដែល​យើង​បាន​ឯកភាព​គ្នា​ក្នុង​ការដាក់​តួលេខ​នេះ​សម្រាប់ធ្វើ​ការចរចា​ជាមួយ​នឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ប៉ុន្តែ​លេខ​នេះ​គ្រាន់តែ​ជា​លេខ​រួមមួយ​ដែល​យើង​បាន​រកឃើញ​ដើម្បី​ចរចា តែ​លទ្ធផល​នៃ​ការចរចា​នោះ​នឹង​ទទួល​បាន​អាចមាន​ការប្រែប្រួល​យ៉ាងណា​យើង​មិនទាន់​ដឹង​នៅឡើយ​ទេ​»​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ឲ្យ​ដឹងផង​ដែរ​ថា តួលេខ​ដែល​ខាង​សហជីព​បានកំណត់​សម្រាប់ធ្វើ​ការចរចា​នេះ គឺ​បាន​មកពី​ការគណនា​ដោយ​ផ្អែកលើ​កត្តា​ធំៗ​ចំនួន​ ៣ គឺ​អតិផរណា​ប្រចាំឆ្នាំ​ចំនួន ២,៨% ផលិតភាព​របស់​រោងចក្រ​ចំនួន ២% និង​កម្រិត​ចំណេញ​របស់​ថៅកែ​រោងចក្រ​ចំនួន​ ១,៣% ដែល​សរុប​មាន​ចំនួន​ ៦,១%​។

អ្នកនាំពាក្យ​នៃ​ក្រសួង​ការងារ​លោក ហេង សួរ បាន​ឲ្យ​ដឹង​ដែរ​ថា ដំណើរការ​នៃ​ការចរចា​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២១ ​នឹង​មិន​មាន​អ្វីដែល​នាំឱ្យ​មាន​ការរអាក់រអួល​នោះទេ ហើយ​ក្រសួង​នៅ​បន្ត​អនុវត្តតាម​កម្មវិធី​ដែល​បាន​កំណត់​រួចហើយ​ដដែល​។

លោក កាំង ម៉ូនីកា ​អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានឱ្យដឹង​ដែរ​ថា សមាគម​កំពុង​បញ្ចូល​ទិន្នន័យ​ទៅក្នុង​លក្ខណៈវិនិច្ឆ័យ​បែប​សេដ្ឋកិច្ច​មុនពេល​ឈាន​ទៅ​ដល់​ការកំណត់​តួលេខ ដោយ​ផ្អែកលើ​ស្ថានភាព​បច្ចុប្បន្ន​ដែល​គ្រប់គ្នា​អាច​មើលឃើញ​ថា ប្រាក់​ឈ្នួល​អប្បបរមា​ឆ្នាំ​ ២០២១ នឹងត្រូវ​ប្រឈម​​នឹង​ការធ្លាក់ចុះ​បន្តិច ប្រសិន​​បើ​កំណត់​ឱ្យនូវ​ភាពត្រឹមត្រូវ​ផ្អែក​ទៅ​លើ​ភាពជាក់ស្តែង​នៃ​សេដ្ឋកិច្ច​៕