ភ្នំពេញ៖ សហជីព​មួយ​ចំនួន​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ថា គួរ​ទប់ស្កាត់​ការ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​នៅ​ឆ្នាំ​ថ្មី​នេះ ដោយ​ការ​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រី​មូលដ្ឋាន​ចុះ​តាមដាន​ផ្ទាល់​នៅ​ទីតាំង​មាន​ផ្ទះ​ជួល​នានា ដើម្បី​កុំ​ឲ្យ​ឡើង​ថ្លៃ​ជា​ជាង​គ្រាន់​តែ​​អំពាវនាវ​ដែល​ហាក់​មិន​អាច​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​បាន។

ការ​ស្នើ​ឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​ក៏​តែង​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​កុំ​ឲ្យ​មាន​ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល ប៉ុន្តែ​សហជីព​សង្កេត​ឃើញ​ថា ​តម្លៃ​ផ្ទះ​ជួល​ទំនិញ និង​សេវាដឹក​ជញ្ជូន​សម្រាប់​កម្មករ តែង​ឡើង​ថ្លៃ​ជា​រៀងរាល់​​ឆ្នាំ។

លោក ប៉ាវ ស៊ីណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ចន្ទ​ថា ជា​រៀងរាល់​ឆ្នាំ​រដ្ឋាភិបាល​តែង​អំពាវនាវ​ដល់​ម្ចាស់​ផ្ទះ​ជួល​កុំ​ឲ្យ​ដំឡើង​ថ្លៃ​ផ្ទះ​ជួល​។ ប៉ុន្តែ​ហាក់​មិន​មាន​ប្រសិទ្ធភាព​ទេ​ព្រោះ​​ផ្ទះ​ដែល​កម្មករ​ជួល​នៅ​តែ​ឡើង​ថ្លៃ​​ចន្លោះ​ពី ៥ ​ដល់ ​២០ ​ដុល្លារ ​ទៅ​តាម​ទំហំ​ផ្ទះ​​។

លោក​បញ្ជាក់​ថា៖ «ការ​អំពាវនាវ​កុំ​ឲ្យ​ម្ចាស់​ផ្ទះ​ជួល​ដំឡើង​ថ្លៃ​ជា​រឿង​មួយ​ល្អ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​មិន​សូវ​ជា​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​វា​មិន​មែន​ជា​បទបញ្ជា​ទេ​គ្រាន់​តែ​ជាការ​អំពាវនាវ​។ អ៊ីចឹង​ប្រសិន​បើ​អាច​ សម្តេច​គួរ​ចាត់​មន្ត្រី​ខណ្ឌ សង្កាត់​ឲ្យ​គាត់​ចុះ​ត្រួត​ពិនិត្យ​គោលដៅ​ដែល​ជា​មូលដ្ឋាន​របស់​ខ្លួន​ ព្រោះ​ម្ចាស់​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុង​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ​មូលដ្ឋាន អាច​ក្តាប់​ព័ត៌មាន​បាន​ច្រើន»។

លោក ស៊ីណា បាន​អះអាង​ថា បើ​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់​ករណី​នេះ​បាន នឹង​ធ្វើ​ឲ្យ​មាន​បន្ទុក​ដល់​កម្មករ ហើយ​ម្ចាស់​ផ្ទះ​ជួល​ទាំង​នោះ ​នឹង​នៅ​តែ​បន្ត​ឡើង​ថ្លៃ​ឥត​ឈប់​ឈរ​។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា តាម​ការ​អង្កេត​របស់​លោក ការ​ឡើង​ថ្លៃ​ផ្ទះ​ជួល​នេះ ​គឺ​ធ្វើ​តាម​ចិត្ត​ម្ចាស់​ផ្ទះ បើ​ទោះ​កម្ពុជា មាន​ច្បាប់​សម្រាប់​គ្រប់គ្រង​ផ្ទះ​ជួល​ក៏​ដោយ។ លោក​បញ្ជាក់​ថា៖ «ម្ចាស់​ផ្ទះ ឡើង​ថ្លៃ​គ្មាន​ពេលវេលា​នោះ​ទេ អ្នក​ណា​ចង់​ឡើង​ពេល​ណា ហើយ​ឡើង​ប៉ុន្មាន ​ក៏​ស្រេច​តែ​ម្ចាស់​ផ្ទះ។ អ្នក​ណា​ចង់ ​១ ឆ្នាំ​ឡើង​ម្តង អ្នក​ណា​ចង់ ២ ឆ្នាំ​ឡើង​ម្តង ជា​រឿង​របស់​ម្ចាស់​ផ្ទះ គ្មាន​អ្នក​ណា​មក​គ្រប់គ្រង ឬ​ចាត់​វិធានការ​នោះ​ទេ...»។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​និយោជិត​ក្នុង​វិស័យ​កាត់​ដេរ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៤ ​មក​ហើយ ​នៅ​ឆ្នាំ ​២០២០ នេះ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​និយោជិត ឡើង​ដល់ ១៩០ ដុល្លារ ​ក្នុង ​១ ​ខែ ខណៈ​ឆ្នាំ ​២០១៩ ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​ទទួល​បាន ​១៨២ ដុល្លារ​។

លោក ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា តាម​ច្បាប់​ភតិសន្យា​ពិសេស​ គឺ​ម្ចាស់​ផ្ទះ​មិន​ត្រូវ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​កម្មករ​និយោជិត​ខ្ពស់​ហួស​ហេតុ​ និង​គ្មាន​ហេតុផល​នោះ​ទេ។ លោក​អះអាង​ថា ប្រសិន​បើ​មាន​ការ​ឡើង​ថ្លៃ​ហួសហេតុ ​និង​ខុស​ហេតុ​ផល​នោះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​តែ​មាន​វិធានការ​ជា​បន្ទាន់។

លោក​បន្ត​ថា៖ «​យោង​តាម​ច្បាប់​នេះ​អាជ្ញាធរ​មូលដ្ឋាន​នឹង​ទទួល​សំណើ​ពិនិត្យ​ដោះ​ស្រាយ​ករណី​នីមួយៗ​ ប្រសិន​បើ​មាន​ការ​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ហួស​ហេតុ។ ក្រសួង​ក៏​តែងតែ​ទទួល​​យក​នូវ​ករណី​ប្តឹង​របស់​បងប្អូន​កម្មករ​និយោជិត​ ដើម្បី​រួម​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​ និង​​​សម្រប​សម្រួល​ផង​ដែរ»​។

ច្បាប់​ភតិសន្យា​ពិសេស ឬ​ហៅ​ថា​ ច្បាប់​គ្រប់គ្រង​ផ្ទះ​ជួល​ដែល​រដ្ឋសភា​បាន​អនុម័ត​ កាល​ពី​ឆ្នាំ ២០១៥ បាន​ហាម​ឃាត់​ដល់​ម្ចាស់​ផ្ទះ​ជួល​មិន​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ​សម្រាប់​កម្មករ​ និស្សិត និង​សិស្ស​ដែល​ជួល​ផ្ទះ​ក្នុង​អំឡុង​ពេល ​២ ​ឆ្នាំ ​នៃ​ការ​ជួល​ផ្ទះ។ ប៉ុន្តែ​ច្បាប់​នេះ ក៏​បាន​ផ្តល់​សិទ្ធិ​ដល់​អ្នក​ជួល​ផ្ទះ​មាន​សិទ្ធិ​រំលាយ​ភតិសន្យា​ពិសេស​នៅ​ពេល​ណា​ក៏​បាន​។ 

អ្នកស្រី​ អិង សាន ជា​កម្មករ​ម្នាក់ ដែល​ស្នាក់នៅ​បន្ទប់​ជួល​ក្នុង​សង្កាត់​ចោមចៅ ​១ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​​ថា បន្ទប់​ជួល​ដែល​អ្នក​ស្រី​ជួល បាន​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ហើយ​នៅ​ក្នុង​ឆ្នាំ ២០២០ ​នេះ​ អ្នកស្រី​មាន​ការ​បារម្ភ​ពី​ការ​ឡើង​ថ្លៃ​បន្ថែម​ទៀត​ ខណៈ​បន្ទប់​ជួល ​ឬ​ផ្ទះ​ជួល​របស់​កម្មករ​ដទៃ​ទៀត ត្រូវ​បាន​ប្រកាស​ឡើង​ថ្លៃ​ជា​ហូរហែ​ហើយ​នោះ​។

អ្នកស្រី​បាន​បន្ត​ថា៖ «បើ​ឡើង​ថ្លៃ​អ៊ីចឹង ប៉ះពាល់​ដែរ ព្រោះ​អី​ប្រាក់​ខែ​យើង​ឆ្នាំ​ហ្នឹង ឡើង​តែ​បន្តិច​ ហើយ​បើ​ឡើង (ផ្ទះ) ចំនួន ៥ ដុល្លារ អស់​បាត់​ទៅ​ហើយ គ្មាន​បាន​អី​ទេ។ ខ្ញុំ​មិន​ចង់​ឲ្យ​ឡើង​ថ្លៃ​ទេ ចង់​ឲ្យ​នៅ​ប៉ុណ្ណឹង​ដដែល ព្រោះ​បើ​អ្វីៗ​ឡើង​រហូត​អ៊ីចឹង​មិន​ល្អ​ទេ​​»៕