ភ្នំពេញៈ សហជីពកម្មករមួយកាលពីម្សិលមិញបានចោទប្រកាន់ក្រុមហ៊ុនស្រាបៀរ Cambrew ថាបានបង្ខំសមាជិក-សហជីពចំនួន ២១ នាក់ក្នុងចំណោមបុគ្គលិករបស់ក្រុមហ៊ុនស្រាបៀរនេះឲ្យចេញពីការងាររបស់ខ្លួនជាថ្នូរនឹងការទទួលបានប្រាក់តិចជាងច្បាប់ និងលក្ខណៈសម្ងាត់ជាផ្នែកនៃការប៉ុនប៉ងធ្វើឲ្យសិទ្ធិតំណាងកម្មករចុះខ្សោយ។
អ្នកស្រី អ៊ូ ទេពផល្លីន អនុប្រធានសហព័ន្ធសហជីពស្បៀងអាហារ និងសេវាកម្ពុជាបានលើកឡើងថាសមាជិកសហជីពត្រូវបានសុំឲ្យលាឈប់ពីការងារជាថ្នូរនឹងការទទួលបានប្រាក់សំណង ប៉ុន្តែការបណ្តេញពួកគេអាចបំពានច្បាប់ស្តីពីការងារ និងប្រាក់បំណាច់។
អ្នកស្រីបានថ្លែងថា៖ «ក្រុមហ៊ុនបានសុំឲ្យពួកគេលាឈប់ហើយបាននិយាយថាក្រុមហ៊ុននឹងផ្តល់លុយដល់ពួកគេ ខ្ញុំយល់ឃើញថានេះជាករណីពុករលួយ»។
ក្នុងចំណោមបុគ្គលិកទាំងនោះមាន ៣ នាក់ជាមេដឹកនាំសហជីពធ្វើការងារជាអ្នកយកស្រាបៀរទៅដាក់តាមភោជនីយដ្ឋាន និងធ្វើការនៅតាមភោជនីយដ្ឋានលក់ស្រាបៀរអង្គរ និងស្រាបៀរ Carlsberg។
ក្រុមហ៊ុន Cambrew មានកម្មសិទ្ធិពាក់កណ្តាលដោយក្រុមហ៊ុន Carlsberg របស់ដាណឺម៉ាកហើយក្រុមហ៊ុននេះក៏លក់ស្រាបៀរបាយ័ន ស្រាបៀរ Klang ស្រាបៀរ Black Panther ផងដែរ។
លោកស្រីបានថ្លែងថា៖ «ខ្ញុំបានឮថាម្នាក់ក្នុងចំណោមពួកគេបានទទួល ១ ម៉ឺនដុល្លារ។ ក្រុមហ៊ុនឲ្យពួកគេលាលែងដោយនិយាយថាពួកគេឈឺ ឬហេតុផលផ្សេង»។
អ្នកស្រី ទេពផល្លីន បានថ្លែងថាក្រុមហ៊ុន Cambrew បានប៉ុនប៉ងបន្ទាបសិទ្ធិតំណាងរបស់សហជីព និងសិទ្ធិកម្មករដូចបានឃើញស្រាប់ហើយតាមរយៈការបណ្តេញនារីផ្សព្វផ្សាយស្រាបៀរ ១១ នាក់កាលពីឆ្នាំមុនដែលបានតវ៉ាចំពោះការផ្តល់ប្រាក់ឈ្នួលមិនសមស្រប និងបណ្តឹងតុលាការដែលដាក់ប្រឆាំងនឹងប្រធានសហជីព ស ម៉ូរ៉ា ពាក់ព័ន្ធនឹងកូដកម្មមួយនៅរោងចក្រក្នុងខេត្តព្រះសីហនុ។
នៅពេលទាក់ទងកាលពីម្សិលមិញលោក ងៀប ឆេងលាភ ប្រធានរដ្ឋបាលរបស់ស្រាបៀរអង្គរបានថ្លែងថាលោកមិនបានដឹងអំពីការលាលែងនេះទេហើយបានបដិសេធមិនឆ្លើយសំណួរផ្សេងៗ៕ PS