The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហជីព​បញ្ចុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ

សហជីព​បញ្ចុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ

កម្មករ​ធ្វើការ​តវ៉ា​នៅ​មុខ​រោងចក្រ​កាលពី​ម្សិលមិញ​។
កម្មករ​ធ្វើការ​តវ៉ា​នៅ​មុខ​រោងចក្រ​កាលពី​ម្សិលមិញ​។ ផា លីណា

សហជីព​បញ្ចុះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ

ភ្នំពេញៈ ក្រុម​សហជីព​នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​បាន​បន្ទន់​ឥរិយាបថ​ដោយ​បញ្ចុះ​តម្លៃ​បន្តិច​លើ​​ការ​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​ថ្មី​អប្បបរមា​របស់​កម្មករ​មក​នៅ​ត្រឹម ១៧៧,៥៩ ដុល្លារ​ខណៈ​ដែល​កម្មករ​រោងចក្រ​​កាត់ដេរ​មួយ​នៅ​ក្នុង​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ​បាន​ធ្វើ​កូដកម្ម​បន្ទាប់ពី​ថៅកែ​រត់​ចោល​មិន​បើក​ប្រាក់​ខែ​ឲ្យ។

កន្លង​មក​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ (GMAC) បាន​កំណត់​ប្រាក់​ឈ្នួល​គោល​កម្មករ​និយោជិត​ចំនួន ១៤៤ ដុល្លារ​សម្រាប់​ឆ្នាំ ២០១៧ ខណៈ​ក្រសួង​ការងារ​ស្នើ​ឱ្យ​បាន​ចំនួន ១៤៨,២០ ដុល្លារ​តែ​សហជីព​ទាមទារ​ដល់ ១៧៩,៦០ ដុល្លារ។

តែ​ក្រោយ​ពី​មាន​កិច្ចប្រជុំ​ស្តីពី​ការ​កំណត់​ប្រាក់​ឈ្នួល​ជាច្រើន​លើក​មក GMAC បាន​យល់ព្រម​ដំឡើង​ប្រាក់​ឈ្នួល​ពី ១៤៤ ដុល្លារ​ដល់ ១៤៦,៣៧ ដុល្លារ​ខណៈ​ដែល​ភាគី​សហជីព​ព្រម​ទម្លាក់​តម្លៃ​ពី ១៧៩,៦០ ដុល្លារ​មក​នៅ​ត្រឹម ១៧៧,៥៩ ដុល្លារ​ដើម្បី​បង្ក​បរិយាកាស​ល្អ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត។

បច្ចុប្បន្ន​ប្រាក់​ឈ្នួល​គោល​កម្មករ​​ក្នុង​វិស័យ​វាយនភណ្ឌ និង​ស្បែក​ជើង​នៅ​កម្ពុជា​មាន​ចំនួន ១៤០ ដុល្លារ​ខណៈ​ដែល​មាន​កម្មករ​និយោជិត​បម្រើ​ការងារ​នេះ​មាន​ចំនួន​ជិត ៧០ ម៉ឺន​នាក់​គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០១៥ ​។

ប្រធាន​សម្ព័ន្ធ​សហជីព​ស៊ីខាវឌូលោក អាត់ ធន់ បាន​បញ្ជាក់​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កាលពី​ម្សិលមិញ​ថា​ខាង​សហជីព​នៅ​តែ​រកឃើញ​ថា​ប្រាក់​ឈ្នួល​កម្មករ​អាច​បាន​រង្វង់ ១៨០ ដុល្លារ​ដដែល​។

តែ​លោក​ថា​ការ​បញ្ចុះ​តម្លៃ​ ២ ​ដុល្លារ​នេះ​ដើម្បី​បន្ត​ការ​ចរចា​នៅ​ថ្ងៃ​ទី ២៦ ខែ​កញ្ញា​ម្តង​ទៀត​ខណៈ​ភាគី GMAC ព្រម​ដំឡើង​ប្រាក់​ឈ្នួល ២ ដុល្លារ​ដែរ។

លោក​ថា​៖ ​«នេះ​គ្រាន់តែ​ជា​នីតិវិធី​ចរចា​នៅ​មាន​ការ​កើនឡើង​ជាង​នេះ​ហើយ​ខាង​សហជីព​នឹង​មាន​យុទ្ធសាស្ត្រ​ជំរុញ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​មាន​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ»។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​លោក ហ្វា សាលី ថ្លែង​ថា​សហជីព​នឹង​មិន​បញ្ចុះ​តម្លៃ​បន្ថែម​ទៀត​ទេ​ដោយសារ​បាន​រកឃើញ​ថា​ការ​ចំណាយ​របស់​កម្មករ​បច្ចុប្បន្ន​មិន​តិច​ជាង ១៧០ ដុល្លារ​នោះ​ទេ​ក្នុង​មួយ​ខែ។

លោក​បន្ត​ថា៖ ​«សហជីព​ទាំងអស់​ដែល​បាន​រកឃើញ​ដោយ​វិនិច្ឆ័យ​លក្ខណៈ​ទាំង ៧ គឺ​យើង​បាន​ធ្វើការ​យ៉ាង​ល្អិតល្អន់​រកឃើញ​ថា​ការ​ចំណាយ​របស់​កម្មករ​យ៉ាង​តិច​ណាស់​ក៏​ ១៧១ ដុល្លារ​ដែរ​ប៉ុន្តែ​ដោយសារ​យើង​មិន​ចង់​ឃើញ​ស្ថានភាព​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ពេក​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​​ងាក​ពី​កម្ពុជា​ទៅ​ភូមា​អ៊ីចឹង​យើង​សម្រេច​ចិត្ត​ថា​យក​តួលេខ ១៧៧,៥៩ ដុល្លារ​ហ្នឹង​ប៉ុន្តែ​ជំហរ​របស់​សហជីព​មិន​ចុះ​ទេ​ទោះបី​ជា​មាន​កិច្ចប្រជុំ​ត្រី​ភាគី​នៅ​ពេល​ខាង​មុខ​ក្តី»។

លោក សាលី បាន​សម្តែង​​ការ​​គាំទ្រ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​ ធន់ ដែល​ថា​ជា​ជម្រើស​ចុង​ក្រោយ​អាច​​នឹង​មាន​កូដកម្ម​បើ​សិន​​ជា​ការ​ដំឡើង​​ប្រាក់​ឈ្នួល​​នៅ​តែ​មាន​កម្រិត​ទាប​។

កាលពី​ម្សិលមិញ​ខណៈ​ GMAC តំណាង​ក្រសួង​ការងារ និង​សហជីព​កំពុង​ចរចា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​នៅ​​រោងចក្រ​កាត់ដេរ​ Co Seek Garment C0., Ltd ក្នុង​ខណ្ឌ​ឫស្សីកែវ​មាន​កម្មករ​ប្រមាណ​ ២០០ ​នាក់​បាន​ឈរ​​តវ៉ា​នៅ​ខាង​មុខ​រោងចក្រ​ដើម្បី​ទាមទារ​ឲ្យ​​ថៅកែ​រោងចក្រ​ចេញ​មក​ទូទាត់​​ប្រាក់​ខែ​សម្រាប់​ខែ​សីហា​បន្ទាប់ពី​ថៅកែ​រោងចក្រ​បាន​រត់​ចោល​ពួកគេ​​។

កម្មករ​រោងចក្រ​ម្នាក់​លោក ឯល សុភ័ក្ត្រ បាន​ថ្លែង​ថា​រហូត​មក​​ដល់​ថ្ងៃ​ម្សិលមិញ​កម្មករ​ជាង​ ៤០០ ​នាក់​ក្នុង​រោងចក្រ​នេះ​មិន​ទាន់​ទទួល​បាន​ប្រាក់ខែ​សម្រាប់​ខែ​សីហា​នៅ​ឡើយ​ទេ​។

លោក​ថា​ខាង​ភាគី​រោងចក្រ​បាន​ចាប់ផ្តើម​ដឹក​អីវ៉ាន់​ចេញ​ពី​រោងចក្រ​តាំង​ពី​ចុង​ខែ​សីហា​តែ​លោក​ថា​កម្មករ​ក៏​មិ​ន​​បាន​ចាប់​អារម្មណ៍​ដែរ​ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១ ខែ​កញ្ញា​ទើប​មាន​ការ​ដឹក​អីវ៉ាន់​ជា​លក្ខណៈ​ទ្រង់ទ្រាយ​​ធំ​ទើប​​កម្មករ​បាន​សង្ស័យ និង​ឃាត់​រថយន្ត​មិន​ឲ្យ​ដឹក​ចេញ។

លោក​បន្ត​ថា​កម្មករ​មិន​បាន​ធ្វើ​ការ​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១ ​ខែ​កញ្ញា​មក​ដោយ​ថា​ពួកគាត់​គ្រាន់តែ​ទៅ​អង្គុយ​ក្នុង​រោងចក្រ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ថា៖ «ថ្ងៃ​នេះ​ទើប​ជា​ថ្ងៃ​ទី​ពីរ​ប៉ុណ្ណោះ​ដែល​ពួកខ្ញុំ​ចេញ​មក​ឈរ​នៅ​ខាង​ក្រៅ​...​ពួកខ្ញុំ​សុំ​ឲ្យ​តែ​គាត់​ (ថៅ​កែ) ​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួក​ខ្ញុំ​បើ​​គាត់​ចង់​បិទ​រោងចក្រ​ប្តូរ​ថៅកែ​​យ៉ាង​ម៉េច​សុំ​ឲ្យ​តែ​បើក​ប្រាក់​ខែ​ឲ្យ​ខ្ញុំ...​តែ​អ្នក​គ្រប់គ្រង​ថា​អត់​មាន​លុយ​បើក​ឲ្យ​ទេ​គាត់​ថា​​ថៅកែ​រត់​បាត់»។

បើ​តាម​លោក សុភ័ក្រ្ត កម្មករ​ម្នាក់​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​យ៉ាង​តិច​ក៏​ ២៥០ ​ដុល្លារ​ដែរ​បូក​ទាំង​ប្រាក់​ធ្វើការ​ថែម​ម៉ោង និង​ប្រាក់​អត្ថប្រយោន៍​ផ្សេងៗ​ដូចជា​ថ្លៃ​ស្នាក់នៅ និង​ថ្លៃ​បាយ​ជាដើម។

កម្មករ​ម្នាក់​ទៀត​គឺ​អ្នកស្រី ហន សេងហ៊ន ថ្លែង​ថា​ពួក​អ្នកស្រី​ទាមទារ​ប្រាក់​អតីតភាព​ការងារ​ប្រាក់​បំណាច់ និង​ប្រាក់​ខែ​សម្រាប់​ខែ​សីហា​ដែល​សរុប​អ្នកស្រី​អាច​​ទទួល​បាន​ដល់​​ ៥០០ ​ដុល្លារ​។

បុគ្គលិក​ផ្នែក​រដ្ឋបាល​របស់​រោងចក្រ​លោក លូ កុកឆាយ​ ដែល​ថា​ខ្លួន​ក៏​មិន​ទាន់​បាន​ទទួល​ប្រាក់​ខែ​ដែរ​នោះ​បាន​ថ្លែង​ថា​ជនជាតិ​ចិន​ដែល​ជា​អ្នក​គ្រប់គ្រង​រោងចក្រ​នេះ​បាន​ព្យាយាម​ទាក់ទង​ថៅកែ​រោងចក្រ​ជាច្រើន​ដង​មក​ហើយ​តាំង​ពី​ដើម​ខែ​ដើម្បី​រក​ប្រាក់​ខែ​បើក​ឲ្យ​កម្មករ​ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន។

លោក​បន្ត​ថា​ថៅកែ​បាន​រត់​ចោល​រោងចក្រ​នេះ។

ទោះបី​យ៉ាង​ណា​លោក​ កុក ​ឆាយ​ ថ្លែង​ថា​កាលពី​សប្តាហ៍​មុន​ម្ចាស់​អគារ​បាន​ចេញ​មុខ​ដោះស្រាយ​បញ្ហា​​​នេះ​ដោយ​បាន​សន្យា​ផ្តល់​ប្រាក់ខែ​គោល ១៤០ ដុល្លារ និង​ប្រាក់​បន្ថែម​ម៉ោង​ដល់​កម្មករ​ដែល​​កម្មករ​អាច​បាត់បង់​ប្រាក់​ដែល​ខ្លួន​ត្រូវ​ទទួល​បាន​ប្រហែល​​ ២០ ​ដុល្លារ​ក្នុង​ម្នាក់ៗ។

លោក ឡោ សុភ័ក្រ អនុប្រធាន​សម្ព័ន្ធ​សហជីព​អំណាច​យុវជន​កម្ពុជា​ដែល​បាន​ចូលរួម​ជួយ​រក​ដំណោះស្រាយ​ដល់​កម្មករ​បាន​ដាក់​ការ​សង្ស័យ​ថា​ម្ចាស់​អគារ​ និង​ថៅកែ​រោងចក្រ​អាច​មាន​ទំនាក់​ទំនង​គ្នា​ទើប​​ម្ចាស់​អគារ​ហ៊ាន​ចេញ​មុខ​ដោះស្រាយ​បែប​នេះ។

លោក​បន្ថែម​ថា៖ «តាម​ពិត​កន្លែង​ហ្នឹង​បើ​តាម​ខ្ញុំ​យល់​ម្ចាស់​អគារ​អត់​មាន​​តួនាទី​អ្វី​មក​សង​ជំនួស​ថៅកែ​ទេ...​ប៉ុន្តែ​បើ​សិន​ជា​ម្ចាស់​អគារ​ចេញ​​មុខ​សង​អ៊ីចឹង​វា​អាច​ថា​មាន​ប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ម្ចាស់​រោងចក្រ​ហើយ​»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​តាម​សារ​អេឡិចត្រូនិក​កាលពី​ម្សិលមិញ​​ថា​សម្រាប់​​ករណី​នេះ​ក្រសួង​ការងារ​​អាច​ជួយ​បំពេញ​បែបបទ​ប្តឹង​ទៅ​តុលាការ​ដើម្បី​បង្កក​ទ្រព្យសម្បត្តិ​របស់​រោងចក្រ​ទុក​សម្រាប់​លក់​ និង​ផ្តល់​សំណង​ដល់​កម្មករ​៕

អត្ថបទគួរចាប់អារម្មណ៍