ភ្នំពេញៈ មេដឹក​នាំ​សហជីព​​មួយចំនួន​បាន​សម្តែង​ការ​សោ​កស្តាយ​ចំពោះ​ទង្វើ​របស់លោក សម រង្ស៊ី ដែលទៅសុំ​ឲ្យ​សហ​ភាព​អឺរ៉ុប (EU) ដក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ អ្វី​គ្រប់យ៉ាង​លើក​លែ​ង​តែ​អាវុធ (EBA) ពី​កម្ពុជា​​ ដែល​​វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្មករ​ និង​​ប្រជា​ពល​រដ្ឋ​​ខ្មែរ ដោយ​ពួក​គេ​បាន​​ព្រមាន​ថា នឹងធ្វើ​ការ​ឆ្លើយតប​វិញ​ ចំពោះ​លោក​ សម រង្ស៊ី​ ប្រសិន​បើ EU ដក​ EBA ​មែន​នោះ។

ការ​សម្តែង​ការសោកស្តាយ​របស់​សហ​ជីពមួយ​ចំនួន​ធ្វើ​ឡើ​​ង​​បន្ទាប់​​ពី​គណ:កម្ម​ការ​អឺរ៉ុប​បា​ន​បញ្ចប់​ការ​ទទួល​យក​មតិ​យោប​ល់​​​ពី​រដ្ឋ​សមាជិក​នៅ​ថ្ងៃទី ២៩ ខែ​មករាដើម្បី​ឈានទៅ​សម្រេច​​ថា​ តើ​ត្រូវ​​​ព្យួរឬ​មិន​ព្យួរ EBA?

ទោះយ៉ាងណា អំណាច​នៃ​ការ​សម្រេច​ចិត្ត គឺ​ស្ថិតនៅលើ​គណៈកម្មការ​អឺរ៉ុប មិន​មែន​លើ​រដ្ឋ​សមាជិក​ទេ ដរាប​ណា​គ្មាន​ការ​ជំទាស់​ជា​ឯក​ច្ឆន្ទ។ ការ​ឈាន​មក​ដល់​ចំណុច​នេះ គឺ​​ជា​អ្វី​ ដែល EU បាន​លើក​ឡើង​ថា ដោយសារ​តែ​​កម្ពុជា បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះនូវ​​ការគោរព​សិទ្ធិ​មនុ​ស្ស និង​សេរីភាព​បញ្ចេញ​មតិ ដូច​ដែល​មាន​ចែង​ក្នុង ១៥ ចំណុច​ របស់​អង្គការ​​សហ​ប្រជាជាតិ អង្គការ​ពលកម្ម​អន្តរជាតិ និង​កតិកាសញ្ញា​ស្តីពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ រួម​ទាំង​បាន​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​នូវ​ដំណើរ​ការ​លទ្ធិ​​ប្រជា​ធិប​តេយ្យ តាម​រយៈ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង។

លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បាន​សម្តែង​ការ​មិន​សប្បាយ​ចិត្ត​ និង​មិន​គាំទ្រ​ចំពោះ​ទង្វើ​របស់​លោក សម រង្ស៊ី ដែល​ទៅ​សុំ​ឲ្យ​ EU ដក EBA ពី​កម្ពុជា​​នោះ។

លោក​បញ្ជាក់​ថា​៖ «ខ្ញុំ​មិន​​គាំទ្រ​ទេ ពីព្រោះ ថា វាធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​ប្រជា​​​ពលរដ្ឋ​កម្ពុជា​ទាំង​មូល ហើយ​បើ​យើង​ក្រឡេក​ទៅ​មើល​សេដ្ឋ​កិច្ច​នយោ​បាយ ប្រទេស​មួយ​ចំនួន យើង​មើល​ឃើញ​ថា អ្នក​នយោ​បាយ​ប្រទេស​គេ មិន​បាន​ធ្វើ​របៀបនេះ​តាម​រយៈ​ស្នើ​ឲ្យ​អន្តរ​ជាតិ​ដាក់​ទណ្ឌ​កម្មលើ​ប្រទេស​ខ្លួន ឬ​ក៏ផ្តាច់​នូវ​សេដ្ឋ​​កិច្ច​របស់​ប្រជាពល​រដ្ឋ​ដែរ។ រឿ​ង​នេះកើតឡើ​ងដោយ​សារតែ​អ្នក​​នយោបាយ ដូច្នេះ​អ្នក​នយោ​បាយ​ត្រូវ​តែ​ដោះ​បញ្ហា​នេះ»។

លោក​ស៊ីណា​ ក៏​ថ្លែង​ដែរ​ថា វាជាសិទ្ធិ​សេរីភាព​របស់​កម្មករ ក្នុង​ការ​តវ៉ាប្រឆាំង​ចំពោះ​លោ​ក​ សម រង្ស៊ី​ ប្រសិន​បើ មានការដក​​ភាព​អនុ​គ្រោះ​ពន្ធ​មែន​នោះ ពីព្រោះ​អ្នក​នយោបាយ មិន​គួរ​យក​សេដ្ឋ​កិច្ចនិង​របររ​ក​ស៊ីរប​ស់​​ប្រជា​ពលរដ្ឋ​ទៅ​ធ្វើ​ជា​ល្បែង នយោ​បាយ​បែប​នេះ​នោះ​ទេ។

ទន្ទឹម​នឹង​នេះដែរ លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​ បាន​បង្ហោះ​​សារ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់លោក​កាលពី​ថ្ងៃទី ៩ ខែ​កុម្ភៈ ​ឆ្នាំ ២០១៩ ​ថា ប្រសិន​បើ​ EBA ត្រូវ​បាន​ដក​​ក្នុង​វិស័យ វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀក​បំពាក់​ ស្បែក​ជើង​ និង​កាបូបនាពេលខាងមុខ​ពិតមែ​ន​​នោះ ប្រាកដ​ណាស់​ទណ្ឌកម្ម​នឹង តបស្នង ត្រឡប់​ទៅវិញ​ភ្លាមៗ ចំពោះ​អ្នក​ដែល​ស្នើសុំ​ឲ្យ​​ EU ដក​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។

លោក​ថា៖ «យើង​មិន​ស្ងៀម​ចំពោះ​បញ្ហា​ទាំង​នេះ​ឡើយ អ្នក​ត្រូវ​ដឹងថា​ កម្មករនិង​ពលរដ្ឋ​រាប់លាន​នាក់ដែល​បា​ន​ទទួល​ផល​ពី​វិស័យ​មួយ​នេះ ដូច​នេះ​ គេ​ក៏​មិន​ស្ងៀម​ដែរ។ ការដក​ EBA វា​មិន​បាន​ជំរុញ​ឲ្យ​មានការ​គោរព​សិទ្​ធិមនុស្ស លក្ខខណ្ឌ​ការងារ​ល្អ និង​លទ្ធិប្រជាធិបតេយ្យ​ឡើយ ផ្ទុយ​ទៅ​វិញវា​បានធ្វើ​ឲ្យ​ប្រជា​ជន​កម្ពុ​ជា​ ប្រឈម​នឹង​ភាពអវិជ្ជ​មានដូច​ជា​​គ្មាន​ការងារ​ធ្វើសិទ្ធិ​មនុស្ស​ធ្លា​ក់​ចុះ ប្រជា​ធិបតេយ្យ​និង​បាត់​បង់ ដោយ​សារតែ​បញ្ហា​នេះ»។

ចំណែក​ លោក សោម ​អូន ប្រធាន​សភា​​ស​ម្ព័​ន្ឋ​សហជីព​ជាតិ​កម្ពុ​ជា​ ក៏​​​ថ្លែង​​ដែរ​ថា លោក​ សម រង្ស៊ី​​ បាន​និង​កំពុ​ងព្យា​យាម​ធ្វើយុទ្ធនា​ការ ​ញុះ​ញង់​នៅក្រៅ​ប្រទេស​ក្នុង​គោ​ល​ដៅ​ឲ្យ​ EU ដក​ EBA ​ពី​កម្ពុជា​​ដែល​ជា​ទង្វើ​ធ្វើបាប​ប្រជាជន​ខ្លួន​ដើម្បី​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ខ្លួន។

លោក​ថា៖ «យើង​គោរព​សិទ្ធិ​អ្នកនយោបាយ​ទាំង​​អស់ តែ​អ្នកនយោបាយ ​ត្រូវធ្វើ​ម៉េច គិត​ជាតិ​ និ​ងប្រជាពលរដ្ឋ ជាធំពីព្រោះ​រឿង (EBA) វា​ពា​ក់ព័ន្ធនឹង​ផល​ប្រយោជន៍​ជាតិ សេដ្ឋកិច្ច​ជាតិ កម្មករ​និង​ប្រជា​ពលរដ្ឋ ដូច្នេះ​ប្រសិនបើ​អ្នកនយោ​បាយ​គាត់​សុំ​គេ​ឲ្យ​ដក ​(EBA) ដើម្បី​ផល​ប្រយោ​ជន៍​បុគ្គល​ និង​មហិច្ឆតា​ខ្លួនឯង​អ្វី​ដែល​គាត់​ធ្វើ​គឺ​ផ្ទុយ​ពី​​អ្វី​ដែល​ប្រជា​ពលរដ្ឋ​ចង់​បាន»។

លោក​​​ព្រមាន​ថា ​បើ​ EU ដក​ EBA មែននោះ សភា​ស​ម្ព័​ន្ឋ​សហ​ជីព​ជាតិ​កម្ពុជា​នឹង​ចាត់​វិធា​ន​ការ​ ចំពោះ​​​លោក សម រង្ស៊ី​។ ប៉ុន្តែ​​ទោះ​យ៉ាង​ណា លោ​ក​អូន ​មិន​បាន​​ប្រាប់​​ឲ្យ​​ដឹង​ថា​ តើ​​វិធាន​ការអ្វីដែល​ក្រុម​របស់​ លោ​ក​​នឹង​ប្រើ​ដើម្បី​ប្រឆាំង​នឹង​លោក​​សម រង្ស៊ី​ ​នោះ​​ទេ។

លោ​ក​ថា​៖ «យើង​បាន​និង​កំពុង​ពិគ្រោះ​​​យោបល់​គ្នា​ជា​មួយ​ក្រុម​ការងារ​រប​ស់​ខ្ញុំ សហជីព​មូល​ដ្ឋាន និង​សកម្មជន របស់​យើង​ ថា​តើ​យើង​នឹង​មាន​យុទ្ធសាស្ត្រ​យ៉ាង​ម៉េចយើង​នឹង​ចេញនូវ​​អ្វី​ដែ​ល​យើង​ចង់​ធ្វើ ប្រសិន​ជា (EBA​) ត្រូវបាន​ EU ព្យួរ​ ឬ​ដក​តាម​សំណើរបស់​លោក​ សម រង្ស៊ី»។

លោក អូន ​បាន​កត់​សម្គាល់​ថា ជារឿយៗលោក រង្ស៊ី «តែងតែ​បង្ក​ចលាចល​ខុស​ច្បាប់​ផ្សេងៗ ​ហើ​យ​លោកបានរ​ត់ទៅរស់​នៅ ក្រៅ​ប្រទេស ហើយ​ធ្វើ​នយោ​បាយកៀរគរ​បរទេស​ឲ្យ​មក​ធ្វើបាប​ប្រជា​ពលរដ្ឋ​កម្ពុជាគា​ប​សង្កត់​ខ្មែរ​និងសម្លាប់ សេដ្ឋ​​កិច្ច ជាតិ​ដោយ​ហេតុ​ផល​ថា ជួយ​សង្គ្រោះ​ប្រទេស​ជាតិ»។

លោក​ ​គិ​ន ភា ប្រធាន​វិទ្យា​​ស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុ​ជា នៃ​រាជបណ្ឌិត្យសភា​ថ្លែង​ថា នេះ​​​គឺជា​សិទ្ធិប​ញ្ចេ​ញមតិ​របស់​ប្រធាន​សហជីព​ហើយ​ពួក​គា​ត់​​អាចមាន​សិទ្ធិ​ធ្វើ​​អ្វី​មួយ​ទៅ​តា​ម​ច្បាប់​កំណត់​ ដើម្បី​បង្ហាញ​ការ​មិនសប្បាយចិត្ត​រប​ស់ខ្លួន​ ចំពោះ​​លោក សម រង្ស៊ី ​ដើម្បី​ការពារ​នូវ​អត្ថ​ប្រយោជន៍​របស់ខ្លួន។

ប៉ុន្តែ​លោកបានបន្ត​ថា៖ «វា​មិន​មាន​ឥទ្ធិពល​អ្វី​អាច​ទៅ​ឃាត់​ឃាំង​លោក​ សម រង្ស៊ី​ មិន​ឲ្យ​អំពាវ​នាវ​ដល់​​អន្តរជាតិ ដាក់​ទណ្ឌកម្ម​លើ​​កម្ពុជា​នោះទេ។ លោក​ សម រង្ស៊ី​​​ គាត់​មិនបាន​គិតដ​ល់​កេ​រ្តិ៍​ឈ្មោះ​​និង​ផល​ប្រយោជន៍​របស់​កម្ម​ករ នោះ​ទេ ហើយ​ទង្វើ​របស់គាត់ នឹង​ធ្វើ​ឲ្យ​កម្មករ-កម្មការិនី មិន​សប្បាយ​ចិត្ត​ចំពោះ​រូប​គាត់»។

លោក សុខ សុគន្ធ អ្នកវិភាគ​នយោ​បាយ បាន​ថ្លែង​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​កាលពី​ថ្ងៃទី ៧ ខែ​កុម្ភៈ​ ថា បើ​​សិន​ជា​សហភាព​អឺរ៉ុប​ដក EBA ពី​កម្ពុជា​ នោះ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ​ដាច់ខាត​​នឹង​មិន​ឲ្យ​លោក សម រ​ង្ស៊ី បាន​វិល​ចូល​ស្រុក​វិញ​នោះ​ឡើយ។

លោក​បញ្ជាក់​ថា៖ «បើ​ឯង ​(សម រង្ស៊ី) ជ្រុល​ឲ្យ​អឺរ៉ុប​ដក EBA អញ (លោក ហ៊ុន សែន​) កាត់​ឯង​មិន​ឲ្យ​ចូល​ស្រុក ដូច្នេះ​​នេះហើយ​បានជា​សម្តេច​និយា​យ​ថា​ ត្រូវ​ស្តាប់​សិទ្ធិមនុស្ស​ទៀត​ឬ​រឿង​អី​ត្រូវ​ស្តាប់ ​គេ​ប្រាប់​ទៀត​ បើ​គេ​កាត់​ហើយ​ថ្ងៃ​ក្រោយ​សហភាព​អឺរ៉ុប​ អត់​មាន​សិទ្ធិ​ក្នុង​ការ​និយាយ​អ្វី​ទាំង​អស់​​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា»។

លោក​​បានបន្ថែម​ថា ការដក​ប្រព័ន្ធ​អនុគ្រោះ​លើ​ទំនិញ​កម្ពុជា និង​មី​យ៉ាន់​ម៉ា មិន​មែនជា​ការខាត​បង់​សម្រាប់តែ​កម្ពុជា និង​មី​យ៉ាន់ម៉ា​នោះទេ តែ​អឺរ៉ុប​ ក៏​ខាតបង់​ផងដែរ គឺ​អឺរ៉ុប​បាត់បង់​ការ​ផ្គត់​ផ្គង់ ទំនិញ​ដែល​មាន​តម្លៃ​ថោក។

លោក​ សម រង្ស៊ី មិន​​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​ កាល​ពី​ម្សិលមិញ៕