ភ្នំពេញៈ សហជីពដែលធ្វើការលើវិស័យសំណង់នៅកម្ពុជា ប្រមាណជិត ២០០ នាក់ បានប្រមូលផ្តុំគ្នានៅមុខក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីដាក់ញត្តិទាមទារការយកចិត្តទុកដាក់ និងដោះស្រាយបញ្ហាមួយចំនួន របស់កម្មករសំណង់ បន្ទាប់ពីពួកគេ បានប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារជាលើកទី២ កាលពីម្សិលមិញ។
លោក សុខ គីន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC) បានថ្លែងនៅចំពោះមុខកម្មករថា កម្មករសំណង់កម្ពុជាមានបញ្ហាប្រឈមច្រើនណាស់ទាក់ទងនឹងសុខភាព សុវត្ថិភាព រហូតពួកគេមួយចំនួន ក្លាយទៅជាជនពិការ និងបាត់បង់អាយុជីវិត ក្នុងពេលបំពេញការងាររបស់ខ្លួន ព្រោះតែនៅមានការខ្វះខាតច្រើន ជុំវិញការការពារពីច្បាប់ពីកន្លែងការងារពីស្ថាប័នពាក់ព័ន្ធជាពិសេសពីម្ចាស់ការដ្ឋានជាដើម។
លោកបញ្ជាក់ថា៖ «ដោយសារតែគ្មានការទទួលខុសត្រូវ នៅពេលនេះ យើងលើកបញ្ហាទាំងអស់នេះដាក់ជូនក្រសួង ដើម្បីឲ្យក្រសួងពិនិត្យឡើងវិញថា មានបញ្ហាអ្វីខ្លះ ដែលអាចនឹងដោះស្រាយជូនកម្មករសំណង់បាន។ បើយើងពិនិត្យទៅ បសស បានអនុម័តហើយ សង្ឃឹមថាក្រសួងអាចពង្រីកវិសាលភាពទៅកាន់កម្មករសំណង់ ព្រោះវាមានសារៈសំខាន់មែនទែន ហើយជាអ្វីដែលកម្មករសំណង់យើងចង់បាន។ អ៊ីចឹងសូមឲ្យក្រសួងពិនិត្យមើលចំពោះបញ្ហានេះគួរតែពង្រីកវិសាលភាពដើម្បីទប់ស្កាត់អត្រាគ្រោះថ្នាក់របស់កម្មករសំណង់កម្ពុជា»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ទាប់ពីចូលរួមវេទិកានេះថា ការការពារជូនកម្មករសំណង់នៅកម្ពុជានៅមានកម្រិតខ្សោយ និងមិនល្អនោះទេ ព្រោះកម្មករធ្វើការលើវិស័យនេះ មានបញ្ហាប្រឈមខ្លាំងណាស់ បើប្រៀបធៀបទៅនឹងវិស័យផ្សេងដូចវិស័យរោងចក្រជាដើម។
លោកបញ្ជាក់ថា៖ «កម្មកររងគ្រោះច្រើនណាស់ ព្រោះនិយោជកខ្លះ មិនមានសម្ភារ សុវត្ថិភាពគ្រប់គ្រាន់ទេ ហើយព្រោះពួកគាត់ខ្លះ ធ្វើការកន្លែងខ្ពស់ខ្លាំងណាស់ ដោយគ្មានប្រព័ន្ធការពារ។ ខ្ញុំបានសួរនាំទៅកម្មករហើយពួកគាត់ច្រើនមែនទែន ដែលមិនបានទទួលការការពារដោយច្បាប់ ហើយបើនិយាយពីគ្រោះថ្នាក់ការងារ គឺច្រើនណាស់ ចំពោះកម្មករសំណង់»។
លោក អាត់ ធន់ ថ្លែងថាញត្តិរួមគ្នាដែលសហជីពបានដាក់ជូនក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគឺ
១- ស្នើសុំឲ្យចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលគោលសម្រាប់កម្មករវិស័យសំណង់ និងសម្ភារសំណង់ឲ្យបានសមរម្យ។
២- ចេញប្រកាសស្ដីពីសុខភាពសុវត្ថិភាពសម្រាប់កម្មករវិស័យសំណង់ និងសម្ភារសំណង់។
៣- ដាក់បញ្ចូល និងពន្លឿនការអនុវត្តរបបសន្តិសុខសង្គម (បសស) ឲ្យបានឆាប់ និងឲ្យមានប្រសិទ្ធភាព ក្នុងវិស័យសំណង់។
៤- ចេញប្រកាសស្តីពីការគ្រប់គ្រង និងអធិការកិច្ចលើក្រុមហ៊ុនម៉ៅការបន្ត។ និងទី ៥-ស្នើសុំឲ្យរៀបចំគោលនយោបាយជាតិ និងបទដ្ឋានគតិយុត្ត ស្តីពីការគ្រប់គ្រង និងប្រើប្រាស់សារធាតុ អាសបេស្តុស នៅកម្ពុជា។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានថ្លែងថា ក្រសួងបានទទួលញត្តិរបស់សហជីព ហើយក៏កំពុងពិភាក្សាជាមួយ ភាគីពាក់ព័ន្ធដើម្បីដោះស្រាយ។
លោកបញ្ជាក់ថា៖ «ក្រសួងក៏បានធ្វើវេទិកាជួបជាមួយសហជីពកាលពីថ្ងៃទី ២៤ មេសា កន្លងទៅជាមួយនឹងផែនការសហការជាមួយអង្គការ ILO ដើម្បីសិក្សាដោះស្រាយលើចំណុចប្រឈម ក្នុងវិស័យសំណង់នេះ»។
បើតាមមេដឹកនាំសហជីពកម្មករក្នុងវិស័យសំណង់ទូទាំងប្រទេស គឺមានជាង ២០ ម៉ឺននាក់ ប៉ុន្តែពួកគេទាំងនោះ មានប្រមាណ ១០ % ប៉ុណ្ណោះទទួលបានសេវាគាំពារពីរដ្ឋ បើប្រៀប ធៀបទៅនឹងកម្មករក្នុងវិស័យរោងចក្រកាត់ដេរជាង ៩០ ម៉ឺននាក់ គឺមានភាពខុសគ្នាឆ្ងាយណាស់ ព្រោះពួកគេប្រមាណ ៩០% ទទួលបានលក្ខខណ្ឌល្អ និងការគាំពារពីរដ្ឋ៕