ព្រះសីហនុៈ សហជីពការងារមួយនៅកម្ពុជាស្នើឲ្យដោះលែងសមាជិករបស់ខ្លួននិងសកម្មជនដីធ្លី ១ រូប ដែលត្រូវបានអាជ្ញាធរចាប់ខ្លួននៅខេត្តព្រះសីហនុកាលពីពេលថ្មីៗនេះដោយឥតលក្ខខណ្ឌ ហើយថា ការចាប់ខ្លួនសកម្មជនទាំង ២ ជាទង្វើអយុត្តិធម៌ និងនាំឲ្យពលរដ្ឋជាម្ចាស់ដីមានការភ័យខ្លាច ខណៈអាជ្ញាធរអះអាងថាការចាប់ខ្លួននេះ គឺអនុវត្តទៅតាមច្បាប់។
កាលពីថ្ងៃចន្ទ មន្ត្រីសហភាពការងារកម្ពុជាម្នាក់ គឺលោក ទេព សុផា និងសកម្មជនដីធ្លីជាអតីតចៅសង្កាត់រងមកពីអតីតគណបក្សសង្គ្រោះជាតិ លោកឆាយ រ័ត្ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចំណុចក្រុម ១៨ ភូមិ ១ សង្កាត់លេខ ១ ខេត្តព្រះសីហនុ ស្របពេលកម្លាំងសមត្ថកិច្ចចម្រុះនិងគ្រឿងចក្រចុះកាយព្រំដីតំបន់ការពារទឹកស្អាតនៅតំបន់ក្បាលឆាយដែលពលរដ្ឋអះអាងថា ប៉ះពាល់ដីពួកគាត់។
សេចក្តីថ្លែងការណ៍របស់សហភាពការងារកម្ពុជានៅថ្ងៃអង្គារបានបង្ហាញការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនដីធ្លី និងបុគ្គលិករបស់ខ្លួន ដោយអះអាងថា ករណីនេះ ផ្តើមចេញពីសកម្មភាពរបស់អាជ្ញាធរដែលជីកដីកាយព្រំរំលោភលើដីប្រជាពលរដ្ឋប្រមាណជាង ១០០ គ្រួសារ ជាហេតុនាំឲ្យពួកគាត់ខឹងសម្បា និងចុះទៅយំស្រែកក្នុងប្រឡាយនោះ។
សហភាពការងារកម្ពុជាបន្តថា ទង្វើអយុត្តិធម៌នេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងព្រួយបារម្ភខ្លាំងពីសុវត្ថិភាពលំនៅឋាន និងសិទ្ធិដីធ្លីរបស់ពួកគាត់ ខណៈសកម្មជនទាំង ២ រូបដែលត្រូវបានចាប់ខ្លួន មិនទាន់បានដោះលែងឲ្យមានសេរីភាពនៅឡើយ។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «សហភាពការងារកម្ពុជាស្នើអាជ្ញាធរខេត្តដោះលែងសកម្មជនដីធ្លីទាំង ២ រូប ឈ្មោះទេព សុផា និងឈ្មោះ ឆាយ រ័ត្ន ដោយឥតលក្ខខណ្ឌ និងដោះស្រាយវិវាទដីធ្លីខាងលើជាបន្ទាន់ ដើម្បីឲ្យពួកគាត់ទទួលបានសិទ្ធិកាន់កាប់ស្របច្បាប់លើដីកម្មសិទ្ធិទាំងនោះ»។
បើតាមលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាថ្លែងក្រោយការចាប់ខ្លួន ១ ថ្ងៃថា បច្ចុប្បន្ន ប្រជាពលរដ្ឋរងគ្រោះទាំងនោះ កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីស្ថ-ប័នមានសមត្ថកិច្ច ខណៈលោកទទូចឲ្យអាជ្ញាធរដោះលែងពួកគេទាំង ២ នាក់នេះ។
លោកបញ្ជាក់ថា៖ «បុគ្គលិកស្ម័គ្រចិត្តយើងម្នាក់ គ្រាន់តែគាត់ទៅមើលទេ អត់ទាន់បានទៅពន្យល់ពលរដ្ឋផង។ ដោយសារពលរដ្ឋហ្នឹងចូលកន្លែងគេកាយហ្នឹង ហើយគាត់ថា ឲ្យងើបឡើងវិញមក កុំឲ្យនៅហ្នឹងអាចមានការប៉ះពាល់អីអ៊ឹចឹង ដល់ពេលអ៊ីចឹងទៅចាប់គាត់ដាក់ខ្នោះតែម្តង។ បន្ទាប់មកមានពលរដ្ឋម្នាក់ទៀត គ្រាន់តែឃើញគាត់ ចាប់ដាក់ខ្នោះតែម្តង»។
តាមសេចក្តីថ្លែងការណ៍របស់សហភាពការងារកម្ពុជា បានឲ្យដឹងថា ក្រៅតែពីចាប់ខ្លួនសកម្មជន ២ រូបនេះ អាជ្ញាធរក៏បានប្រើហិង្សា (ផ្ទុះអាវុធចំនួន ៣ គ្រាប់) និងវាយប្រជាពលរដ្ឋដែលមានជម្លោះដីធ្លីទាំងនោះបណ្តាលឲ្យមានអ្នករងរបួសមួយចំនួនផងដែរ។
ប៉ុន្តែលោក ស្រ៊ុន ស្រ៊ន់ អ្នកនាំពាក្យខេត្ដព្រះសីហនុនិងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លី ខេត្ដព្រះសីហនុ បានអះអាងថា ការចេញសេចក្តីថ្លែងការណ៍ ទាមទារឲ្យដោះលែងសកម្មជនទាំង ២ រូបនេះ គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់។ ប៉ុន្តែលោកស្នើឲ្យពួកគេ គួរពិនិត្យលក្ខខណ្ឌច្បាប់ និងសិក្សាពីករណីនេះឲ្យបានច្បាស់ ព្រោះអាជ្ញាធរបានអនុវត្តទៅតាមច្បាប់។
លោកថា៖ «គាត់ថ្លែងការណ៍មិនមើលការពិតនៅទីនេះ មិនមើលឯកសារច្បាប់គាត់ចេះតែថ្លែងការណ៍អ៊ឹចឹងទៅ។ តែការពិតគោលការណ៍ខេត្ត អនុវត្តទៅតាមអ្វីដែលជាចំណុចនិយាមការដែលរដ្ឋត្រូវការពារតំបន់ ក្បាលឆាយនេះ»។
បើតាមលោក ស្រ៊ុន ស្រ៊ន់ សកម្មជនទាំង ២ រូបត្រូវបានចាប់ខ្លួន ដោយសារបានបង្កការរំខានដល់ការងាររបស់អាជ្ញាធរ ហើយពួកគេកំពុងស្ថិតក្នុងការឃុំខ្លួន ដោយរង់ចាំនីតិវិធីបន្តរបស់តុលាការ។
ជម្លោះដីធ្លីរហូតឈានដល់មានការចាប់ខ្លួនសកម្មជនទាំង ២ រូប កើតឡើងបន្ទាប់ពីអាជ្ញាធរខេត្ត ធ្វើការស្តារ និងកាយព្រំដីដើម្បីការពារទឹកស្អាតនៅតំបន់ក្បាលឆាយ ដែលអាជ្ញាធរអះអាងថាបានដោះស្រាយជូនប្រជាពលរដ្ឋរួចហើយ ចំណែកពលរដ្ឋតវ៉ា អះអាងថា ជាដីរបស់ខ្លួន ហើយការដោះស្រាយលើដីជាង ៩ ហិកតាដែលកាត់ចេញពីតំបន់ការពារនេះគ្មានតម្លាភាព៕