ភ្នំពេញៈ ក្នុង​ការ​ប្រជុំ​ត្រីភាគី​ម្សិលមិញ​ស្តីពី​ប្រាក់ខែ​កម្មករ ភាគី​សហជីព​តំណាង​ឲ្យ​កម្មករ​និយោជិត​បាន​ស្នើសុំ​ឲ្យ​មាន​ការដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ចំនួន​ ១៨២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​ខែ​សម្រាប់​ឆ្នាំ​ ២០១៩ ខណៈ​ភាគី​និយោជក​ហ៊ាន​ត្រឹម​ ១៧៧ ​ដុល្លារ ហើយ​ដែល​ភាគី​ទាំង​ ២ ​បាន​ស្នើ​ឲ្យ​មាន​ការ​ជួយ​ពី​រដ្ឋាភិបាល​ចំពោះ​ភាគី​រៀងៗ​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ផលប្រយោជន៍​ដល់​កម្មករ និង​និយោជក​។

ទោះ​ជា​យ៉ាង​ណា​ទាំង​ ៣ ​ភាគី​គឺ​ភាគី​តំណាង​រដ្ឋាភិបាល ភាគី​និយោជក និង​ភាគី​សហជីព​ទាំងអស់​គ្នា​ដែល​ជា​ក្រុម​បច្ចេកទេស​នេះ​មិន​ទាន់​សម្រេច​ជា​លទ្ធផល​ផ្លូវការ​ណា​មួយ​នោះ​នៅ​ឡើយ​ទេ​ក្នុង​កិច្ចប្រជុំ​ចុងក្រោយ​លើក​ទី​ ៩ ​នេះ​ដោយ​រង់ចាំ​យក​សំណើ​ទាំង​ ២ ​ខាង​លើ​ទៅ​ដាក់​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្ម​ការប្រឹក្សា​ការងារ ដើម្បី​សម្រេច​នា​ថ្ងៃ​នេះ​។

បើ​ទោះបី​មិន​ទាន់​មាន​ការឯកភាព​ជាមួយ​គ្នា​ក៏​ពិតមែន ប៉ុន្តែ​ភាគី​និយោជក និង​និយោជិត​បាន​យល់ស្រប​នូវ​ចំណុច​ខ្លះ​ចំពោះ​គ្នា​ទៅវិញ​ទៅមក ដោយ​ខាង​កម្មករ​បាន​កែសម្រួល​ពី​ការស្នើ​ដំឡើង​ប្រាក់​ឈ្នួល​ខ្ពស់​ចុះមក​ទាប​បន្តិច​។ ឯខាង​ក្រុមហ៊ុន​ក៏​បាន​កែសម្រួល​ពី​ទាប​មក​ខ្ពស់​បន្តិច​។

លោក​ ហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ថ្លែង​ថា បើ​ទោះបី​ជា​មាន​ការ​ព្រមព្រៀង​គ្នា​ឈាន​ដល់​មាន​ការ​កែសម្រួល​ទៅវិញ​ទៅមក​បន្តិច​ម្នាក់​មែន ក៏ប៉ុន្តែ​តួលេខ​ដែល​ភាគី​ទាំង​ ២ ​ស្នើ​ឡើង​នេះ​នៅតែ​មាន​គម្លាត​ឆ្ងាយ​ពី​គ្នា​។

លោក​ ហេង សួរ បញ្ជាក់​ថា​៖ «​អ៊ីចឹង​ទោះបី​ជា​មាន​ការកែសម្រួល​យ៉ាង​ដូច​ម្តេច​ក៏ដោយ ក៏​យើង​ឃើញ​ថា​គម្លាត​វា​នៅ​តែ​មាន​ដោយសារ​តែ​ព្រឹក​មិញ គោលជំហរ​របស់​ភាគី​និយោជក​គឺ​ឡើង​ត្រឹម​ ១៧៧ ​ដុល្លារ​»​។

មុន​ស្នើ​ប្រាក់​ខែ​ ១៨២ ​ដុលា្លរ​នេះ​ខាង​សហជីព​ដែល​មាន​សមាជិក​ ១៦ ​រូប​បាន​បោះឆ្នោត​ផ្ទៃក្នុង​ដើម្បី​លើក​ស្នើ​ប្រាក់ខែ​ដោយ​អ្នក​ខ្លះ​ស្នើ​ ១៨៩ ​ដុល្លារ ឯ​ខ្លះ​ស្នើ​ ១៨២​ ​ដុល្លារ​។ ដល់​តែ​ពេល​បោះឆ្នោត​នោះ​គឺ​បាន​តួលេខ​ ១៨២ ​ដុល្លារ ចេញ​ពី​ ១០ ​សំឡេង​លើ​ ១៥ ​សំឡេង ឯ​ ១៨៩ ​ដុល្លារ​បាន​ ២ ​សំឡេង ហើយ​ ៣ ​សំឡេង​ទៀត អនុបវាទ​។ ដូច្នេះ​តាម​លទ្ធផល ១៨២ ​ដុល្លារ​ត្រូវ​បាន​ភាគី​និយោជិត​ប្រើប្រាស់​ជា​ផ្លូវការ​ក្នុង​ក្រុម​ការងារ​ត្រីភាគី​បច្ចេកទេស​។

លោក​ ហេង សួរ ថ្លែង​ថា​ការបោះឆ្នោត​នេះ​គ្រាន់​តែ​ធ្វើ​ឡើង​ក្នុង​រូបភាព​ក្រុមការងារ​បច្ចេកទេស​ទេ ដើម្បី​លើក​តួលេខ​នេះ​ជូន​ទៅ​គណៈកម្មការ​ប្រឹក្សា​ការងារ​ដែល​ជា​អ្នកមាន​សិទ្ធិ​សម្រេច​ចុងក្រោយ​ទៅ​លើ​តួលេខ​ដែល​ក្រុម​បច្ចេកទេស​ត្រីភាគី​បាន​សម្រេច​ពី​ម្សិលមិញ​។

លោក​ឲ្យ​ដឹង​ថា​៖ «​ថ្ងៃស្អែក​ (​ថ្ងៃនេះ​) ​គណៈកម្មការ​ប្រឹក្សា​ការងារ​នឹង​បើកប្រជុំ​ម្តង​ទៀត​ដើម្បី​សម្រេច​ប្រជុំ​លទ្ធផល​ត្រីភាគី​បាន​សម្រេច​នៅ​ថ្ងៃ​នេះ​ (​ម្សិលមិញ​)​។ អ៊ីចឹង​យើង​សង្ឃឹម​ថា​ថ្ងៃ​ស្អែក​ (​ថ្ងៃនេះ​) យើង​នឹង​មាន​តួលេខ​ផ្លូវការ​ពាក់ព័ន្ធ​ប្រាក់​ឈ្នួល​អតិបរមា​ឆ្នាំ​ ២០១៩»​។

អ្នក​នាំពាក្យ​រូប​នេះ​បន្ថែម​ទៀត​ថា​ក្នុង​កិច្ចប្រជុំ​នេះ​ទាំង​ភាគី​និយោជក និង​ភាគី​និយោជិត​បាន​សំណូមពរ​ដូច​គ្នា​ដល់​រដ្ឋាភិបាល​ដោយ​គោលបំណង​ធំ​របស់​សហជីព​បាន​សំណូមពរ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បន្ត​ជួប​ជាមួយ​កម្មករ​ជួយ​ដោះស្រាយ​តម្រូវការ​ជាក់ស្តែង​។

លោក​បន្ថែម​ថា​សហជីព​ក៏​សុំ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​លើកលែង​ពន្ធ​លើ​ស្លាក​សហជីព និង​ប្រាក់​ចំណូល​ដែល​សហជីព​ទទួល​បាន​សូម​ឲ្យ​និយោជក​ពិចារណា​ផ្តល់​អត្ថប្រយោជន៍​ផ្សេងៗ និង​សូម​ឲ្យ​ភាគី​រដ្ឋាភិបាល​ចុះ​ពិនិត្យ​រោងចក្រ​មួយ​ចំនួន​ដែល​គាត់​មាន​ស្លាក​ឈ្មោះ ប៉ុន្តែ​មិន​ដូច​នៅក្នុង​បញ្ជី​ពាណិជ្ជកម្ម​។ ជាង​នេះ​ទៀត​សហជីព​ក៏​ស្នើសុំ​រដ្ឋាភិបាល​លើកលែង​ទោស​ដល់​មន្ត្រី​សហជីព​ដែល​រង​ការ​ចោទប្រកាន់​នានា​ផង​ដែរ​។

ដោយ​ឡែក​ខាង​និយោជក​ក៏​សូម​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​អគ្គិសនី​ពី​ ០,១៦៧ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​ (/kw/h) មក ០,១២ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​គីឡូវ៉ាត់​ម៉ោង​ (kw/h) ដែល​នេះ​ជា​សំណូមពរ​តែ​ ១ ​គត់​។

លោក​ ហេង សួរ បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​ភាគី​ពាក់ព័ន្ធ ភាគី​និយោជក និង​ភាគី​សហជីព​មាន​ភាព​ចាស់ទុំ​ច្រើន​។ យើង​បាន​ប្រើប្រាស់​យន្តការ​នេះ​បាន​ ៥ ​ឆ្នាំ​។ យើង​ឃើញ​ថា​ការចរចា​មាន​ភាពរលូន​ច្រើន​។ គ្រប់​ជ្រុងជ្រោយ​តួលេខ​ដែល​ជា​ដៃគូ​ប្រកួតប្រជែង​បើ​មិន​ដឹង​ពី​ស្ថានភាព​ច្រើន​ទេ​ការសម្រេចចិត្ត​ណា​មួយ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​បងប្អូន​និយោជិត​យើង​វិញ​»​។

លោក​ កាំង ម៉ូនីកា អគ្គលេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា​ (GMAC) ថ្លែង​ថា​វា​ជា​សញ្ញា​មិន​សូវ​ល្អ​សម្រាប់​ភាគី​វិនិយោគ ព្រោះ​ជាទូទៅ​នៅ​ពេល​មាន​ការ​ចរចា​ប្រាក់​ខែ​ម្តងៗ​ខាង​និយោជក​មាន​ការ​ព្រួយបារម្ភ​ទៅលើ​តួលេខ​ខ្ពស់ៗ​ដែល​ខាង​សហជីព​បាន​ដាក់​ស្នើ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ឆ្លើយ​ទេ ពីព្រោះ​នៅ​សល់​ការប្រជុំ​ស្អែក​ទៀត នៅ​សល់​របស់​គណៈកម្មការ​ប្រឹក្សា​ការងារ​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​។ ស្អែក​ (​ថ្ងៃ​នេះ​) ​និង​មាន​សមាជិក​ ២៨ ​នាក់​»​។

លោក​ អាត់ ធន បាន​បន្ថែម​ថា​៖ «១៧៧ ​ដុល្លារ​យើង​បាន​ដាក់ យើង​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ជួយ​អគ្គិសនី​ឲ្យ​បាន​ ៤ ​សេន​ ប៉ុន្តែ​ការឆ្លើយតប​យ៉ាង​ណា​យើង​នៅ​ថ្ងៃ​ស្អែក​ បន្ទាប់ពី​គណៈកម្ម​ការប្រឹក្សា​ការងារ​លោក​សម្រេច​ជា​តួលេខ​»​។

លោក​ថា​៖ «​ខ្ញុំ​គិត​ថា​តួលេខ​ ១៧៧ ​គឺជា​តួលេខ​បច្ចេកទេស​ត្រឹមត្រូវ​ដែល​យើង​ខ្ញុំ​មាន​ការ​សង្ឃឹម​យ៉ាង​ខ្ពស់​ថា លេខ​ចុងក្រោយ និង​ជា​លេខ​ ១៧៧ ​ដុលា្លរ​ពីព្រោះ​មាន​មូលដ្ឋាន​ច្បាស់លាស់​»​។

លោក​ អាត់ ធន ប្រធាន​សម្ព័ន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ថ្លែង​ថា ការជជែក​គ្នា​នេះ​គឺ​សហជីព​ចង់​បាន​ ១៨៩ ​ដុល្លារ តែ​ដោយសារ​សហជីព​មួយ​ចំនួន​មាន​និន្នាការ​នយោបាយ ដូច្នេះ​សហជីព​ដែល​មិន​សូវ​ឯករាជ្យ​គាត់​ចង់​បាន​លេខ​ទាប ដល់​អ៊ីចឹង​សហជីព​មាន​ការ​ឈ្លោះ​គ្នា​ច្រើន​ណាស់​ទម្រាំ​បាន​ចេញ​លេខ​ប៉ុណ្ណឹង​នោះ​។

លោក​ឲ្យ​ដឹង​ថា​គឺ​ចុងក្រោយ​សម្រេច​នៅ​លេខ​ ២ ​មាន​ ១៨២​ ​ដុល្លារ និង​ ១៨៩ ​ដុល្លារ​។

លោក​ អាត់ ធន បាន​បញ្ជាក់​ថា​៖ «​យើង​មាន​ ៥ ​សំឡេង​ដែល​អត់​បោះ អ៊ីចឹង​មាន​ន័យ​ថា​ជំហរ​គេ​ស្នើសុំ​ច្រើន​ជាង​ហ្នឹង​សម្រាប់ ​៥ ​សហជីព​វា​មាន​ន័យ​ថា​គេ​មិន​ពេញ​ចិត្ត​លេខ​ទាំង ២ ​ហ្នឹង​ទេ​។ គេ​ចង់​យក​លេខ​ច្រើន​ជាង​ហ្នឹង ហើយ​ process (​ដំណើរការ​) ​ហ្នឹង​វា​អត់​អាច​ឲ្យ​គេ​ជ្រើសរើស​បាន​»​។

លោក​ អាត់ ធន បន្ថែម​ថា​៖ «​សហជីព​ស្រុក​ខ្មែរ​សហជីព​មួយ​ចំនួន​ឯករាជ្យ​សហជីព​មួយ​ចំនួន​ទៀត​គាត់​មាន​និន្នាការ​គណបក្ស គាត់​នៅ​ក្រោម​ឥទ្ធិពល​និយោជក​។ អ៊ីចឹង​គាត់​មិន​អាច​មាន​សំឡេង​តែ​មួយ​ដូច​សំឡេង​កម្មករ​បាន​ទេ​។ ខ្ញុំ​គិត​ថា​ថៅកែ​ ៣-៤ ​ឆ្នាំ​នេះ​បាន​បង្កើន​ការងារ​ដែល​បង្ខំ​ឲ្យ​កម្មករ​ធ្វើ​ទាល់តែ​ហើយ​»​។

លោក​បន្ត​ថា​៖ «​តួលេខ​ទាំង​ ២ ​ហ្នឹង​ខ្ញុំ​អត់​សប្បាយ​ចិត្ត​ទេ វា​តិច​ណាស់​ដោយសារ​កម្មករ​យើង​រស់នៅ​ពិបាក​ចំណាយ​ខ្ពស់​គាត់​សន្លប់​ច្រើន​គាត់​មាន​ការទទួល​ខុសត្រូវ​បន្ទុក​ច្រើន​ដល់​ពេល​ប្រាក់ខែ​តិច គាត់​ធ្វើ​ម៉េច​គាត់​អាច​ផ្គត់ផ្គង់​បាន​អ៊ីចឹង​ធ្វើឲ្យ​គាត់​លំបាក​»៕