ភ្នំពេញៈ សហព័ន្ធសហជីពការងារអាមេរិក និងសភានៃអង្គការឧស្សាហកម្ម (AFL-CIO) បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ និងចូលរួមដោះស្រាយវិវាទការងារផងដែរ។ នេះបើតាមការអះអាងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
យោងតាមហ្វេសប៊ុករបស់ក្រសួងការងារកាលពីថ្ងៃចន្ទបានឲ្យដឹងថា ការបង្ហាញឆន្ទៈបែបនេះបានធ្វើឡើងក្នុងជំនួបរវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាមួយលោកស្រី ខេតធី ហ្វេនហ្គោល (Cathy Feingold) នាយិកាផ្នែកកិច្ចការអន្តរជាតិនៃ AFL-CIO កាលពីថ្ងៃចន្ទ ។
ក្រសួងបានបញ្ជាក់ក្នុងហ្វេសប៊ុកថា៖ «AFL-CIO បានបង្ហាញឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការជំរុញការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងាររវាងប្រទេសទាំង ២ ឱ្យកាន់តែមានភាពល្អប្រសើររួមទាំងការចូលរួមដោះស្រាយបញ្ហាវិវាទការងារដូចជា ការពង្រឹងមន្ត្រីអធិការកិច្ច ការធ្វើវិសោធនកម្មច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីពជាដើម»។
លោក អ៊ិត សំហេង ថ្លែងថាដើម្បីលើកកម្ពស់ និងសម្រួលដល់ការកសាងសមត្ថភាពរូបវន្ត និងស្ថាប័នក្នុងការបង្កើតសុខដុមរមនានៅកន្លែងការងារ ក្រសួងការងារ និងមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពីឆ្នាំ ២០១៨ ដើម្បីបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួង និង ACILS ដើម្បីចូលរួមចំណែកអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងវិស័យការងារ។
ហ្វេសប៊ុកក្រសួងដដែលបញ្ជាក់ថា៖ «ឯកឧត្តមរដ្ឋមន្ត្រី [លោក អ៊ិត សំហេង] បានជំរុញឱ្យ ACILS អនុវត្តកាតព្វកិច្ចការចុះបញ្ជីឱ្យស្របតាមច្បាប់ជាធរមាន ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយនឹងអង្គការ ACILS តាមរយៈការលើកកម្ពស់សមត្ថភាពសហជីពមូលដ្ឋាន ការផ្សព្វផ្សាយច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងច្បាប់ស្តីពីរបបសន្តិសុខសង្គម ការពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ ការលើកកម្ពស់ភាពសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការលើកកម្ពស់កិច្ចសន្ទនាសង្គម ការពង្រឹងនិរន្តរភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល»។
លោកស្រី ខេតធី ត្រូវបានស្រង់សម្ដីដោយហ្វេសប៊ុកក្រសួងការងារថា លោកស្រីបានបង្ហាញនូវការពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មផ្សារភ្ជាប់លក្ខខណ្ឌការងារដែលកម្ពុជាបាន និងកំពុងធ្វើជាមួយសហរដ្ឋអាមេរិក និងបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែល្អប្រសើរថែមទៀត ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ភ្នំពេញពីម្សិលមិញថា ការដោះស្រាយវិវាទការងារគឺធ្វើទៅតាមនីតិវិធី និងច្បាប់ជាធរមានរបស់កម្ពុជា។ ការជួបជាមួយដៃគូនានាគឺដើម្បីសម្ដែងការស្វាគមន៍ និងបង្កើនកិច្ចសហប្រតិបត្តិការក៏ដូចជាផ្លាស់ប្តូរបទពិសោធ។
លោកបានបញ្ជាក់ថា៖ «វាមិនមែនជាការជួបដើម្បីផ្លាស់ប្តូរនីតិវិធី ឬក៏ច្បាប់នៃប្រទេសណាមួយនោះទេ»។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករបានថ្លែងពីម្សិលមិញថា ជំនួបរវាងភាគីទាំង ២ នេះគ្រាន់តែជាការស្វែងយល់នូវកិច្ចទំនាក់ទំនង និងការស្វែងយល់ជុំវិញបញ្ហាផ្សេងៗដែលបានកើតឡើងនៅកម្ពុជា និងអ្វីដែលក្រសួងការងារបានខិតខំដោះស្រាយ ។ ប៉ុន្តែបញ្ហាប្រឈមជាច្រើននៅតែកើតមានឡើង ជាពិសេសទាក់ទងនឹងការធ្វើវិសោធនកម្មច្បាប់ស្តីពីសហជីពដែលទើបប្រកាសឱ្យប្រើថ្មីៗនេះ ។
លោក ស៊ីណា បញ្ជាក់ថា៖ «ដូច្នេះយើងឃើញថា ការអនុវត្តច្បាប់នេះ នៅតែជាបញ្ហាប្រឈមសម្រាប់យើងជាអង្គការសហជីព។...ខ្ញុំគិតថាប្រសិនបើតួអង្គសហជីពដែលតំណាងឱ្យកម្មករពិបាកក្នុងការប្រើប្រាស់សិទ្ធិ...មានន័យថា កម្មករទាំងអស់គាត់ក៏នឹងបាត់បង់សិទ្ធិពួកគាត់តាមរយៈហ្នឹងដែរ»។
បើតាមហ្វេសប៊ុក ក្រសួងការងារ ACILS មានវត្តមានដំបូងនៅកម្ពុជាកាលពីចុងឆ្នាំ ១៩៩៣ ដែលមានឈ្មោះថា Asian AmericanFreeLaborInstitute(AAFLI)។
AFL-CIO គឺជាសហជីពការងារអាមេរិកធ្វើការដើម្បីលើកកម្ពស់ជីវភាពប្រជាជនដែលកំពុងធ្វើការងារ។ AFL-CIO ជាសហព័ន្ធប្រជាធិបតេយ្យស្ម័គ្រចិត្តដែលមានសហជីពការងារជាតិ និងអន្តរជាតិចំនួន ៥៥ ដែលតំណាងឱ្យបុរស និងស្ត្រីដែលកំពុងធ្វើការងារចំនួន ១២,៥ លាននាក់ ។
សហជីពនេះខិតខំប្រឹងប្រែងដើម្បីធានាថារាល់អ្នកធ្វើការទាំងអស់ទទួលការប្រព្រឹត្ដដោយស្មើភាពដោយទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍សមរម្យ ការងារមានសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងឱកាសស្មើគ្នា។ សហជីពនេះជួយដល់អ្នកធ្វើការងារឱ្យទទួលបានជំនាញមានតម្លៃ និងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចក្នុងសតវត្សរ៍ទី ២១ ៕