ភ្នំពេញៈ សហជីពមួយចំនួនបានអំពាវនាវឲ្យមានការប្រកាសព្យួរការងារកម្មករក្នុងអំឡុងពេលនេះអាចជារឿងមួយដែលល្អសម្រាប់កម្មករ ដោយពួកគេអាចគេចចេញពីការឆ្លងជំងឺកូវីដ ១៩ ដែលកំពុងបន្តរាតត្បាតនៅក្នុងប្រទេស បើទោះជាពួកគាត់អាចប្រឈមនឹងការខ្វះខាតផ្នែកហិរញ្ញវត្ថុក៏ដោយ។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់លោកកាលពីម្សិលមិញថា សម្ព័ន្ធសហជីពជាតិសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារគួរផ្អាកសកម្មភាពការងារកម្មករនៅតាមសិប្បកម្ម រោងចក្រ សហគ្រាស នានាក្នុងរាជធានីភ្នំពេញមួយរយៈសិន ដើម្បីទប់ស្កាត់ហានិភ័យនៃការរីករាលដាលជំងឺកូវីដ ១៩។
លោក សាលី ថ្លែងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នេះគឺជាបញ្ហាដែលចាំបាច់បំផុតក្នុងការបង្ការឲ្យទាន់ពេលវេលាចៀសវាងការឆ្លងដោយប្រការណាមួយដល់កម្មករដែលធ្វើឲ្យពិបាកខ្លាំង។
លោកថ្លែងថា៖ «យើងខ្ញុំបានអង្កេតឃើញថា កម្មករធ្វើការងាររួមគ្នាញាំអាហាររួមគ្នា មិនសូវយល់ដឹងអំពីការបង្ការអនាម័យ គ្មានទឹកអាល់កុលលាងដៃ និងសាប៊ូគ្រប់គ្រាន់ក្នុងរោងចក្រសហគ្រាស ពេលហូបអាហារនៅខាងក្រៅគ្មានទឹក និងសាប៊ូលាងដៃ និងអាហារគ្មានអនាម័យត្រឹមត្រូវដែលអាហារទាំងនោះគឺបានកាន់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ រួមទាំងអ្នកលក់ជាដើមទាំងនេះគឺជាបញ្ហាប្រឈម»។
លោក សាលី បានឲ្យដឹងទៀតថាការឲ្យកម្មករឈប់សម្រាកមួយរយៈ បើទោះបីជាត្រូវបាត់បង់ប្រាក់ឈ្នួលមួយចំនួនធំក្តី ប៉ុន្តែមធ្យោបាយនេះបានផ្តល់នូវសន្តិភាពផ្លូវអារម្មណ៍ និងត្រូវបានគិតគូរអំពីសុខុមាលភាព និងសុខភាពពេញលេញ ដើម្បីចៀសវាងការឆ្លងដល់បងប្អូនកម្មករនិយោជិត។
លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករបានថ្លែងថា ការព្យួរការងារនេះ វាក៏ជារឿងល្អដែរ សម្រាប់រោងចក្រដែលព្យួរ ទោះបីកម្មករប្រឈមនឹងខ្វះខាតហិរញ្ញវត្ថុ តែបងប្អូនកម្មករ ពួកគាត់អាចមានសុវត្ថិភាពពីការឆ្លងជំងឺកូវីដ១៩ ព្រោះស្ថានភាពពេលនេះបងប្អូនកម្មករហាក់ពុំមានអារម្មណ៍ធ្វើការនោះទេ ដោយសារបារម្ភអំពីការរាតត្បាតនៃជំងឺកូវីដ ១៩ ហើយជំងឺនេះបាននិងកំពុងបន្តកើនឡើងជាបន្តបន្ទាប់»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះបានទេកាលពីថ្ងៃចន្ទ៕