ភ្នំពេញៈ តំណាងសហជីព បានដើរចេញពីការចរចាហើយបន្តធ្វើកូដកម្មកាលពីថ្ងៃម្សិលមិញ នៅពេលដែលថ្នាក់ដឹកនាំ រោងចក្រកាត់ដេរ T&K និយាយថា កម្មករ នឹងមិនអាចទទួលបានប្រាក់ ២ ពាន់រៀលក្នុងមួយថ្ងៃ សម្រាប់ប្រាក់បន្ថែមលើអាហារថ្ងៃត្រង់ដែលតាមការចោទប្រកាន់ថា បានសន្យាជាមួយកម្មករ។
មួយសប្តាហ៍បន្ទាប់ពីពួកគេ ដើរចេញពីការងារកម្មករ T&K នៅឧទ្យានឧស្សាហកម្ម កាណាឌីយ៉ា ក្នុង ខណ្ឌពោធិ៍សែនជ័យ នៅតែបន្តធ្វើកូដកម្មនៅថ្ងៃនេះ។ លោក ស៊ុំ រ៉ង ប្រធានសហជីពសន្តិសុខកម្មករ បាននិយាយថា ក្រុមថ្នាក់ដឹកនាំរោងចក្រនេះ បានទទួលយកពីរចំណុច ក្នុងចំណោម ៩ ចំណុចរបស់កម្មករ ដែលរួមមានមិនកាត់ប្រាក់ខែពាក់កណ្តាលនៅពេលដែលពួកគេមានជំងឺ ហើយការទាមទារជាច្រើនទៀតត្រូវបានគេច្រានចោល។
លោក ស៊ុំ រ៉ង ដែលអះអាងថា គេសន្យាឲ្យកម្មករ ២០០០ រៀលក្នុងមួយថ្ងៃ ដែលជាប្រាក់ឧបត្ថម្ភមុនចូលឆ្នាំខ្មែរ បានបន្តថា៖ «ពួកគេ បានប្រាប់យើងថា សូម្បីតែ ៥០០ រៀល (សម្រាប់អាហារថ្ងៃត្រង់) ក៏ពួកគេមិនឲ្យយើងដែរ ដូច្នេះកម្មករ មានការខឹងសម្បា ហើយបានដើរចេញពីកិច្ចប្រជុំ។ ការនិយាយបែបនេះ គឺឈ្លើយពេក»។
មន្រ្តីរោងចក្រ T&K មិនអាចទាក់ទងបានទេកាលពីថ្ងៃម្សិលមិញ។ កម្មករប្រមាណ ៨០០ នាក់ បានដើរចូលទៅសួនឧស្សាហកម្មនោះ កាលពីថ្ងៃម្សិលមិញ ដោយឈរនៅខាងក្រៅរោងចក្រដើម្បីតវ៉ា។ ចូលរួមក្នុងការជួបចរចានោះ មានកម្មករវ័យ ៣៦ ឆ្នាំម្នាក់ឈ្មោះ ញ៉ែម ដា បាននិយាយថា អ្នកស្រីមិនខ្លាចបាត់បង់ការងារទេ ហើយនៅតែធ្វើកូដកម្មជាបន្តទៅទៀត។ អាហារថ្ងៃត្រង់ ថ្លៃណាស់ ព្រោះតម្លៃអាហារ ឡើងតាមប្រាក់ឈ្នួលអប្បបរមាចាប់ពី ៨៥ ដុល្លារ ទៅ ១០០ ដុល្លារ។
អ្នកស្រី បានថ្លែងថា៖ «កម្មករផ្សេងទៀត និងរូបខ្ញុំ នឹងនៅតែធ្វើកូដកម្មរហូតដល់គេព្រមទទួលយកការទាមទាររបស់យើង»។
ក្នុង ខណ្ឌពោធិ៍សែនជ័យ នេះដែរ ប្រធានសម្ព័ន្ធចលនាកម្មករលោក ប៉ាវ ស៊ីណា បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា រោងចក្រកាត់ដេរ អូសេអង់ ត្រូវតែបើកប្រាក់ឈ្នួលកម្មករឲ្យពេញ ក្នុងអំឡុងការផ្អាកការងារមួយខែ បើមិនដូច្នោះទេរោងចក្រនេះនឹងប្រឈមមុខ «នឹងបញ្ហាធំ» មួយ។
កម្មកររោងចក្រ អូសេអង់ ប្រមាណ ១ ពាន់នាក់ បាននឹងកំពុងធ្វើកូដកម្ម ចាប់តាំងពីថ្ងៃ ទី២៤ ខែឧសភា បន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងមួយ ដែលថា រោងចក្រ នឹងបិទទ្វារមួយខែ ចាប់ពីថ្ងៃ ទី២៦ ខែឧសភា ដោយសារតែគ្មានការកុម្មង់ទិញ ហើយបើកប្រាក់ខែឲ្យកម្មករម្នាក់ៗ ១៥ ដុល្លារក្នុងមួយខែ។
ក្នុងសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃសុក្រ គណៈគ្រប់គ្រងរោងចក្រ អូសេអង់ និយាយថា ការបើកប្រាក់ខែឲ្យពេញក្នុងអំឡុងការផ្អាក មិនអាចទៅរួចទេ ហើយថា កូដកម្មរបស់កម្មករ គឺខុសច្បាប់។ សេចក្តីថ្លែងការណ៍ដដែលបន្តថា៖ «អូសេអង់ មិនអាចឲ្យអ្វីដែលកម្មករទាមទារបានទេ។ ប្រសិនបើកម្មករ មិនទទួលយកការផ្តល់ជូនរបស់យើង យើងនឹងដោះស្រាយវាតាមច្បាប់ការងារ»៕ NR