
ភ្នំពេញៈ ប្រធានសហជីពដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលបានអំពាវនាវជាថ្មីទៀតកាលពីម្សិលមិញ ឲ្យកម្មកររោងចក្រចូលរួមនៅក្នុងមហាបាតុកម្មអហិង្សាបីយប់បី ថ្ងៃ ដែលរៀបចំដោយគណបក្សសង្គ្រោះជាតិនៅ ថ្ងៃទី១៥ ដល់ ថ្ងៃ ទី១៧ ខែ កញ្ញា ខាងមុខនេះ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា (CCU) បានថ្លែងពីថ្ងៃម្សិលមិញថា លោកកំពុងតែចាប់ផ្ដើមធ្វើយុទ្ធនាការប្រមែប្រមូលសមាជិក សមាជិកា កម្មករ កម្មការិនី ឲ្យមកចូលរួមមហាបាតុកម្មអហិង្សាជាលើកទីពីរនេះ។
លោក រ៉ុង ឈុន បានថ្លែងថា យុទ្ធនាការប្រមែប្រមូលកម្មករនេះ សង្ឃឹមថាយ៉ាងតិចក៏មានកម្មករ កម្មការិនី ប្រមាណ ១ ម៉ឺននាក់មកចូលរួមក្នុងមហាបាតុកម្មបីថ្ងៃនេះដែរ។ លោកថ្លែងថា៖ «ខ្ញុំគិតថា នេះជាឱកាសមាសពេជ្រសម្រាប់ពួកគេដើម្បីស្វែងរកការពិតនិងយុត្តិធម៌»។
លោកបានបន្តថា វាក៏ជាពេលវេលាមួយដែលពួកគេទទួលបាននូវផលប្រយោជន៍ និងទទួលបាននូវប្រាក់ឈ្នួល ប្រាក់បៀវត្សរ៍ច្រើន ហើយសេរីភាព និងលក្ខខណ្ឌការងារក៏កាន់តែល្អប្រសើរផងដែរ។
លោក រ៉ុង ឈុន បានមានប្រសាសន៍ទៀតថា៖ «បើយើងទុកឲ្យឱកាសនេះកន្លងហួស យើងនឹងប្រឈមកាន់តែធ្ងន់ធ្ងរជាងនេះទៀត»។
ទន្ទឹមនឹងនេះដែរ លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រ កម្ពុជាបានផ្ញើលិខិតមួយច្បាប់ទៅប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីម្សិលមិញ ដើម្បីស្នើឲ្យ GMAC ជួយធ្វើអន្តរាគមន៍ដល់រោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ឲ្យផ្អាកចង្វាក់ផលិតកម្មមួយសប្ដាហ៍ ចាប់ពីថ្ងៃ ទី១៥ ដល់ថ្ងៃ ទី២១ ខែ កញ្ញា ឆ្នាំ ២០១៣ ដើម្បីឲ្យកម្មករបានចូលរួមនៅក្នុងមហាបាតុកម្មជាមួយគណបក្សសង្គ្រោះជាតិ។
ក្នុងលិខិតផ្ញើទៅប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ជា មុនី លើកឡើងថា ក្នុងវិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង ដែលស្រូបយកកម្លាំងកម្មករ កម្មការិនីភាគច្រើនជាម្ចាស់ឆ្នោត ក្នុងនោះពួកគាត់មានទំនោរខ្លាំងទៅលើគណបក្សសង្គ្រោះជាតិ។
លោកបានបន្តថា៖ «ខ្ញុំសង្កេតឃើញថា ការរំជើបរំជួលនេះបានធ្វើឲ្យកម្មករ កម្មការិនី ភាគច្រើនមានភាពអល់អែកនៅក្នុងការបំពេញការងារ ដោយអ្នកខ្លះត្រូវឪពុកម្តាយឬក្រុមគ្រួសារជំរុញឲ្យត្រឡប់ទៅផ្ទះវិញ ឯអ្នកខ្លះទៀតប្តេជ្ញាចូលរួមធ្វើមហាបាតុកម្មអហិង្សាចំនួន ៣ យប់ ៣ ថ្ងៃនាពេលខាងមុខនេះជាមួយនឹងគណបក្សសង្គ្រោះជាតិ»។
ប៉ុន្តែ សម្រាប់លោក សោម អូន ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជាវិញបានថ្លែងពីថ្ងៃម្សិលមិញថា លោកមិនគាំទ្រនឹងអ្វីដែលសហជីពទាំងពីរនេះកំពុងធ្វើនោះទេ ហើយលោកសូមអំពាវនាវឲ្យកម្មករគិតពិចារណា និងកុំចូលរួមក្នុងមហាបាតុកម្មនេះ ដោយទុកឲ្យគណបក្សនយោបាយជាអ្នកដោះស្រាយនូវបញ្ហាពួកគេនោះវិញ។
លោក សោម អូន បានថ្លែងថា៖ «កម្មករគួរតែនៅឲ្យឆ្ងាយពីបញ្ហានេះ ព្រោះនេះជាបញ្ហានយោបាយដែលវាមិនមែនជាសិទ្ធិ និងប្រយោជន៍របស់កម្មករយើងទេ»៕ PN