
ភ្នំពេញៈ សហជីពមួយ ដែលតំណាងឲ្យកម្មករភាគតិច ក្នុងចំណោមកម្មករ នៅរោងចក្រ អេសអិល (SL) ដែលបានធ្វើកូដកម្ម អស់រយៈពេលជិតបីខែមកហើយ បានចេញសេចក្តីថ្លែងការណ៍មួយដោយហៅកូដកម្មនេះថា អាក្រក់ណាស់ សម្រាប់កេរ្តិ៍ឈ្មោះឧស្សាហកម្មកាត់ដេរនៅ កម្ពុជា។
ដោយមិនបានលើកឡើងជាក់លាក់ សំដៅទៅសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ ស៊ីខៅឌូ ដែលតំណាងកម្មករភាគច្រើន នៅរោងចក្រ អេស អិល ប្រមាណ ៦០០០ នាក់ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា ដែលតំណាងឲ្យកម្មករប្រមាណ ២០០០ នាក់ នៅរោងចក្រ អេស អិល បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីម្សិលមិញ ដោយថ្កោលទោស ចំពោះកូដកម្មកំពុងអូសបន្លាយ និងប្រែក្លាយទៅជាហិង្សា។
លោកបានថ្លែងនៅក្នុងបទសម្ភាសកាលពីម្សិលមិញថា៖ «វាផ្តល់នូវកេរ្តិ៍ឈ្មោះអាក្រក់ សម្រាប់រោងចក្រក្នុងប្រទេសកម្ពុជា ដែលសហជីពសេរីកម្មករ មិនអាចគាំទ្រទេ។ នោះហើយជាហេតុផល ដែលខ្ញុំត្រូវតែស្នើឲ្យមានការបញ្ចប់កូដកម្មប្រភេទនេះ»។
បាតុកម្មនៅមុខរោងចក្រ អេស អិល នៅខណ្ឌ មានជ័យ បានបន្តកាលពីថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រសប្តាហ៍មុន ហើយសន្តិសុខបុគ្គលិករោងចក្រ អេស អិល ត្រូវបានចោទប្រកាន់ថា បានបាញ់ចម្ពាមទៅលើក្រុមអ្នកតវ៉ា។ កូដករមួយចំនួន បានរងរបួស និងយកទៅព្យាបាលនៅមន្ទីរពេទ្យ។ នេះបើតាមលោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ។
ប៉ុន្តែកាលពីថ្ងៃអាទិត្យ មន្រ្តីរោងចក្រ អេស អិល បានអះអាងថា ក្រុមបាតុករទៅវិញទេ ដែលចាប់ផ្តើមគប់ដុំថ្មមិនមែនបុគ្គលិកក្រុមហ៊ុនទេ។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានថ្លែងថា កូដកម្មអូសបន្លាយនៅរោងចក្រមួយ ក្នុងចំណោមរោងចក្រធំបំផុត នៅអាស៊ី ឆ្លុះបញ្ចាំងអំពីផលវិបាកដែលអ្នកគ្រប់គ្រងរោងចក្រនៅកម្ពុជា បដិសេធមិនធ្វើការចរចាឲ្យបានខ្លាំងក្លា ជាមួយកម្មកររបស់ខ្លួន។ ទោះយ៉ាងណាក្តី លោកបានបន្តថា ការណ៍នេះហាក់បីដូចជាមិនចូលចិត្តគ្នា រវាងសហជីព ដែលសហជីព ស៊ីខៅឌូ បានចេញសេចក្តីថ្លែងការណ៍មួយ រិះគន់ទិចនិកដែលប្រើប្រាស់នៅក្នុងកូដកម្មរបស់សហជីពសេរីកម្មករកាលពីដើមខែ មិថុនា បានបន្ទាបគោលបំណងរួមរបស់សហជីព។
លោក តុលា បន្តថា៖ «នោះមិនមែនជាមុខមាត់ល្អ ក្នុងចំណោមសហជីពទេ យើងចង់ឃើញសហជីពហើយសហជីពត្រូវតែការពារនិងធ្វើការ ដើម្បីអត្ថប្រយោជន៍កម្មករ»។
កាលពីម្សិលមិញ លោក ជា មុនី បានបដិសេធថា សេចក្តីថ្លែងការណ៍របស់លោកមិនមែនជាការវាយប្រហារទៅសហជីព ស៊ីខៅឌូ ទេ។ លោកបន្ថែមថា ការអូសបន្លាយ និងភាពតានតឹង នៃកូដកម្មនេះ អាចនឹងជំរុញឲ្យកម្មករនៅរោងចក្រនានា ក្នុងប្រទេសកម្ពុជា ចាប់ផ្តើមការធ្វើកូដកម្មទូទាំងឧស្សាហកម្មនេះ។
លោកថ្លែងថា៖ «ខ្ញុំបារម្ភថា កម្មករទាំងអស់ទូទាំងប្រទេស នឹងចូលរួមកូដកម្មធំមួយ ពីព្រោះពួកគេ ខឹងជាមួយការប្រើអំពើហិង្សាទៅលើកម្មករ»។
នៅពេលឮអំពីលិខិត និងបទសម្ភាសមួយជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ លោក គង់ អាទិត្យ អនុប្រធាន ស៊ីខៅឌូ បានសើច។ លោកថា៖ «ខ្ញុំមិនមានអ្វីត្រូវធ្វើអត្ថាធិប្បាយលើរឿងនោះទេ។ ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយអំពីលោក ជា មុនី ទៀតទេ»។
កម្មករ រោចចក្រ SL រាប់រយនាក់ក៏ធ្លាប់ហែក្បួនទៅកាន់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមឲ្យជួយអន្តរាគមន៍ផងដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយ៕ PS