ភ្នំពេញៈ សហជីពសហព័ន្ធនិងសមាគមប្រមាណជា ១៨ នឹងដាក់លិខិតអញ្ជើញទៅដល់មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សប្រឆាំងនិងតុលាការនៅដើមសប្តាហ៍នេះ ឲ្យមកឆ្លើយឆ្លងជាមួយកម្មករ កម្មការិនី ជុំវិញបញ្ហាប្រាក់ឈ្នួលនៅក្នុងវេទិកាសាធារណៈមួយ ដែលធ្វើឡើងនៅថ្ងៃសៅរ៍គឺចំថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជាបានឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ នេះថា លិខិតអញ្ជើញមន្រ្តីទាំងនោះអាចនឹងដាក់នៅថ្ងៃចន្ទនេះ ឬថ្ងៃអង្គារ។ លោកថ្លែងថា៖ «យើងបានចុះហត្ថលេខាលើលិខិតនោះរួចហើយពីសហជីពសហព័ន្ធនិងសមាគមចំនួន ១៨ ហើយយើងនឹងដាក់ទៅដល់ស្ថាប័នដែលយើងនឹងអញ្ជើញពួកគាត់មកចូលរួមនៅក្នុងវេទិកាសាធារណៈនេះ»។
លោកបានបញ្ជាក់ពីអត្ថន័យនៅក្នុងលិខិតនោះថា វាគ្រាន់តែជាការអញ្ជើញរដ្ឋមន្រ្តីពីក្រសួង មហាផ្ទៃ លោក ស ខេង ក្រសួង ការងារ លោក អ៊ិត សំហេង លោកឧបនាយករដ្ឋមន្រ្តី គាត ឈន់ និងមន្រ្តីតុលាការឲ្យចូលមកបំភ្លឺ ជុំវិញប្រាក់ឈ្នួល សិទ្ធិសេរីភាពនិងការប្រើហិង្សាដែលធ្វើឲ្យកម្មករមានការបាត់បង់ ជីវិត រងរបួស ការចាប់ឃុំខ្លួនមនុស្សចំនួន ២១ នាក់ និងទាក់ទងនឹងការស៊ើបអង្កេតរកជនដៃដល់អ្នកធ្វើការបញ្ជាទាំងនេះ។
ក្រុមសហជីពដែលដឹកនាំវេទិកានេះរំពឹងថា នឹងមានកម្មករ ចូលរួមក្នុងវេទិកាប្រមាណ ១ ម៉ឺននាក់។
លោក រ៉ុង ឈុន បានបញ្ជាក់ថា៖ «កម្មវិធីនេះមិនអាចលុបចោលបានទេ បើទោះបីជាខាងសាលារាជធានីមិនអនុញ្ញាតឲ្យធ្វើក្តី ដោយសារតែយើងមិនមានធ្វើអីខុសច្បាប់ទេ។ យើងបានដាក់ពាក្យជូនដំណឹងទៅសាលារាជធានី ហើយខ្ញុំក៏មិនមានការព្រួយបារម្ភពីការប៉ះទង្គិចគ្នាដែរ»។ លោកបានថ្លែងទៀតថា ប្រសិនបើមានករណីប៉ះទង្គិចណាមួយជាថ្មីម្តងទៀតមកលើកម្មករ អ្នកដែលត្រូវប្រឈមមុខនឹងប្រជាជន ប្រទេសជាតិ ក៏ដូចជា ឆាកអន្តរជាតិនោះគឺរាជរដ្ឋាភិបាលខ្មែរ ដែលដឹកនាំដោយលោក ហ៊ុន សែន នេះតែម្តងដែលត្រូវទទួលខុសត្រូវខ្ពស់លើបញ្ហានេះ។
សមាគមរោងចក្រកាត់ដេរនៅ កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃម្សិលមិញដែលកាសែត ភ្នំពេញ ប៉ុស្តិ៍ ទទួលបានបានឲ្យដឹងថា ជនរងគ្រោះដ៏ធ្ងន់ធ្ងរជាងគេគឺជាកម្មករ កម្ពុជា ដែលនៅទីបំផុត ប្រសិនបើក្រុមសហជីពសំឡេងភាគតិចនឹងបន្តប្រើអំពើហិង្សាក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនេះឲ្យស្ថិតនៅក្នុងសភាពមិនប្រាកដប្រជា និងភាពមិនអាចទស្សន៍ទាយបានដោយបន្តទាមទារការដំឡើងប្រាក់ឈ្នួល បន្ថែមទៀតដែលវិស័យនេះ មិនអាចមានលទ្ធភាពផ្តល់ឲ្យបាន។
លិខិតបានបញ្ជាក់ទៀតថា៖ «រោងចក្រជាច្រើន បានរាយការណ៍អំពីការធ្លាក់ចុះនៃការបញ្ជាទិញ ចាប់ពីខែ មេសា ឆ្នាំនេះតទៅនៅពេលដែលអ្នកបញ្ជាទិញជាច្រើន បានធ្វើការវាយតម្លៃ និងបានចាត់ទុក កម្ពុជា ថា ជាប្រទេសមួយដែលមានហានិភ័យខ្ពស់»។
លិខិតបានបន្តថា ទោះបីជាគណៈកម្មាការប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាថ្មីរួចហើយតាមរយៈការបោះឆ្នោតសំឡេងភាគច្រើន ក៏ក្រុមសហជីពសំឡេងភាគតិច នៅតែបន្តគំរាមកំហែងធ្វើកូដកម្ម បាតុកម្ម ជារៀងរាល់ថ្ងៃ ដែលបានរំខានដល់កន្លែងធ្វើការ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បាននិយាយកាលពីថ្ងៃម្សិលមិញថា ការចោទប្រកាន់របស់សមាគមរោងចក្រកាត់ដេរនេះជាការខុសទាំងស្រុងទៅនឹងអ្វីដែលជាសកម្មភាពពិតប្រាកដរបស់សហជីពដែលការពារផលប្រយោជន៍កម្មករ។ លោកបន្តថា៖ «អ្វីដែលសមាគមរោងចក្រសរសេរនេះគ្រាន់តែជាការធ្វើឲ្យតែរួចខ្លួនបំភាន់ភ្នែកសាធារណជន។
ភាគីរោងចក្រជាអ្នកបង្កបញ្ហាជាបន្តបន្ទាប់ជាពិសេស GMAC ហ្នឹងឯងដែលតែងតែគេចវេះនូវរាល់ការស្នើឡើងពីភាគីកម្មករនិងសហជីពដោយបែរជាទម្លាក់កំហុសមកភាគីយើងទៅវិញ»៕