ភ្នំពេញ: តំណាង​សហជីព កម្មករ និង​សាច់ញាតិ​ប្រមាណ​ជាង​ ១០០ ​នាក់​ កាលពី​ម្សិលមិញ​បាន​ជួបជុំគ្នា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ទីតាំង​រូបសំណាក​របស់លោក​នៅខាង​មុខ​វត្តលង្កា​ដែល​ជា​កន្លែង​ធ្លាប់ធ្វើ​ពិធី​បែបនេះ​ជា​រៀងរាល់ឆ្នាំ ដោយ​ពួកគេ​នៅតែ​បន្ត​ស្នើ​ឲ្យ​សមត្ថកិច្ច​ពន្លឿន​ស្វែងរក​ឃាតករ​ពិត​មក​ផ្ដន្ទាទោស និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​កុំ​ឲ្យ​មាន​ការធ្វើ​ទុក្ខបុកម្នេញ​ ឬ​អំពើ​ឃាតកម្ម​មកលើ​មេដឹកនាំ​សហជីព​ជំនាន់​ក្រោយ​ទៀត​។

លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​ថ្លែងថា កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​រំឭក​ខួប ១៦ ​ឆ្នាំ​នៃ​ការបាញ់សម្លាប់​លោក​ ជា វិជ្ជា ​ដោយ​ជន​មិន​ស្គាល់មុខ​កាលពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០០៤ ​ប៉ុន្ដែ​រហូត​មក​ដល់ពេលនេះ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​ស្វែងរក​ឃាតករ​ពិត​មក​ផ្ដន្ទាទោស​តាមច្បាប់​នៅឡើយ​។

លោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ​ពន្លឿន​ការវែកមុខ​ឃាតករ​មក​ផ្តន្ទាទោស​តាមច្បាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​។ លើសពីនេះ​លោក​លើកឡើងថា​៖ «​រដ្ឋាភិបាល​ត្រូវ​ធានាថា កម្មករ​ និង​សហជីព​ត្រូវមាន​សិទ្ធិ​ពេញលេញ​ក្នុង​ការការពារ​សិទ្ធិ និង​លក្ខខណ្ឌ​ការងារ​ជូន​កម្មករ និង​បញ្ឈប់​កុំ​ឲ្យ​មាន​ការធ្វើ​ច្បាប់​ផ្សេងៗ​ដែល​កាត់​ប្រយោជន៍​កម្មករ​។ រដ្ឋាភិបាល​គួរ​បញ្ឈប់​ធ្វើ​វិសោធនកម្ម​ច្បាប់​នានា​ដែល​ធ្វើឲ្យ​ខាត​ផលប្រយោជន៍​កម្មករ​ជាដើម​»​។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ដែល​ចូលរួម​ក្នុង​កម្មវិធី​នេះដែរ បាន​ថ្លែងថា លោក​មាន​ការសោកស្ដាយ​ដែល​រយៈពេល ១៦ ​ឆ្នាំ​មកហើយ រដ្ឋាភិបាល​នៅតែ​មិនទាន់​អាច​ស្វែង​រកមុខ​ឃាតករ​ពិតប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់​។

លោក​បន្តថា ​ស្ថានភាព​សុវត្ថិភាព​របស់​សកម្មជន​សិទ្ធិមនុស្ស កម្មករ​ដែល​ធ្លាប់​តវ៉ា និង​មន្ត្រី​សហជីព​នាពេល​បច្ចុប្បន្ននេះ​កំពុង​ប្រឈម​ហានិភ័យ​ខ្ពស់ ដោយ​ធ្វើ​ឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ច្រើន ជុំវិញ​សុវត្ថិភាព​ផ្ទាល់ខ្លួន​។

លោក​ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការអំពាវនាវ​របស់​ក្រុម​សហជីព​ដែល​លើកឡើង​ពី​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព និង​សំណូមពរ​មិន​ឲ្យ​មាន​ការគំរាមកំហែង​នេះ គ្រាន់តែ​ជា​ការនឹកឃើញ​របស់​បុគ្គល​ម្នាក់ៗ​ប៉ុណ្ណោះ ជាក់ស្ដែង​សមត្ថកិច្ច​បាននិង​កំពុង​ធ្វើការ​ស្រាវជ្រាវ​ពី​ ១ ​ថ្ងៃ​ទៅ​ ១ ​ថ្ងៃ ដើម្បី​តាមរក​ជនសង្ស័យ​ដែល​សម្លាប់​លោក​ ជា វិជ្ជា​។ «​ខ្ញុំ​យល់ថា អ្នកព្រួយបារម្ភ​ពី​សុវត្ថិភាព​ប្រហែល​ជា​ ២ ឬ ​៣ ​នាក់​ប៉ុណ្ណោះ​នៅក្នុង​ប្រទេស​កម្ពុជា ចំណែក​ពលរដ្ឋ​រាប់លាន​នាក់​ទៀត​ហេតុអ្វី​ក៏​ពួកគាត់​មិន​ព្រួយបារម្ភ​ដែរ​ទៅ​? អ៊ីចឹង​ខ្ញុំ​ថា​អ្នកព្រួយបារម្ភ​ក៏​ចេះតែ​ព្រួយ​ទៅ ហើយ​គេ​ដែល​មិន​ព្រួយ ក៏​គេ​នៅតែ​មិន​ព្រួយបារម្ភ​អ្វី​ដែរ គឺ​គេ​រស់នៅ​យ៉ាង​សុខ​សប្បាយ​»​។

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្ការ​កាលពី​ព្រឹក​ថ្ងៃ​ ២២ ខែ​​ មករា ឆ្នាំ​ ២០០៤៕