ភ្នំពេញៈ សហជីព និង​សមាគម​ជាង ២០ ​ស្ថាប័ន​ កាលពី​ម្សិលមិញ​បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខ​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ទល់មុខ​វត្ត​បទុមវតី ដើម្បី​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​ជំរុញ​ទៅ​និយោជក អនុវត្ត​ការបើកប្រាក់​រំឭក​អតីតភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ និង​ប្រាក់បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ ២០២០ ​ដល់​កម្មករនិយោជិត​បន្ទាប់ពី​ក្រសួង​ការងារ​បាន​ប្រកាស​ពន្យារពេល​អនុវត្ត​ទៅ​ឆ្នាំ​ ២០២១ ខាងមុខ​។

លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​ថ្លែង បន្ទាប់ពី​ដាក់​ញត្តិ​រួច​កាលពី​ម្សិលមិញ​ថា ក្រសួង​ការងារ​បាន​ចេញ​លិខិត​មួយច្បាប់​ដោយ​ពន្យារពេល​ក្នុង​ការបើក​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​ស្ថានភាព​រស់នៅ​របស់​កម្មករ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការបាត់បង់​ការងារ និង​កំពុង​ត្រូវបាន​ព្យួរការងារ​។

លោកស្រី​បន្តថា ការពន្យារ​ពេល​បើកប្រាក់​អតីតភាព​ការងារ​នេះ​គឺ​បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​កម្មករ ខណៈ​ដែល​ប្រាក់​ទាំងនោះ​បាន​ចូលរួម​ចំណែក​គាំទ្រ​ជីវភាព​របស់​កម្មករ​ក្នុង​គ្រា​ដ៏លំបាក​នេះ​។

លោកស្រី សុភ័ណ្ឌ លើកឡើង​ទៀត​ថា កន្លងទៅ​ក្រុម​សហជីព​ទាំងអស់​បាន​ដាក់​ញត្តិ​ទៅ​ក្រសួង​ការងារ​ម្តង​រួចមកហើយ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការផ្តល់​ប្រាក់​រំឭក​អតីតភាព​ការងារ​កម្មករ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ និង​ប្រាក់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ ២០២០ ប៉ុន្តែ​មិនមាន​ដំណោះស្រាយ​នោះ​ទេ​ទើប​សហជីព​ទាំងអស់​រួមគ្នា​ស្វែងរក​អន្តរាគមន៍​ពី​លោកនាយក​រដ្ឋមន្ត្រី​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ទទូច​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី​គិតគូរ​ពី​ផលប្រយោជន៍​របស់​បងប្អូន​កម្មករ​ឡើង​វិញ ហើយ​បើ​គាត់​គិតគូរ​ពី​ផលប្រយោជន៍​របស់​បងប្អូន​កម្មករ​យើង គាត់​នឹង​បាន​ទទួល​ផលប្រយោជន៍​មកវិញ​។ ខ្ញុំ​ជឿថា មាន​តែ​បងប្អូន​កម្មករ​នេះ​ហើយ ដែល​ផ្តល់​នូវ​សិទ្ធិអំណាច​ដល់​ពួកគាត់​បាន​តាមរយៈ​ការបោះឆ្នោត ដូច្នេះ​យើង​ស្នើសុំ​ឲ្យ​គាត់​គិតគូរ​ពី​កម្មករ​»​។

បើ​តាម​លោកស្រី សុភ័ណ្ឌ ក្នុង​អំឡុងពេល​នេះ​មាន​រោងចក្រ​ជាច្រើន​បាន​ព្យួរការងារ​កម្មករ ហើយ​មាន​កម្មករ​ជាច្រើន​បាន​ទទួល​ប្រាក់ឧបត្ថម្ភ​តិចតួច​បំផុត​ពី​រដ្ឋាភិបាល និង​ពី​ថៅកែ​ដែល​មិនអាច​យក​ទៅ​ដោះស្រាយ​បញ្ហា​ជីវភាព​របស់​ពួកគាត់​បាន​ល្អ​ប្រសើរ​នោះទេ​។

លោកស្រី​រំពឹង​ថា​ លោកនាយករដ្ឋមន្ត្រី​នឹង​ផ្តល់​ដំណោះស្រាយ​មួយ​ដ៏ល្អ​សម្រាប់​កម្មករ ព្រោះ​ខុទ្ទកាល័យ​លោក​ ហ៊ុន សែន គឺជា​កន្លែង​ចុងក្រោយ​ដែល​ត្រូវ​ស្វែងរក​កិច្ចអន្តរាគមន៍​បន្ទាប់ពី​បាន​ស្វះស្វែង​រក​គ្រប់​ស្ថាប័ន តែ​មិនមាន​ដំណោះស្រាយ​។

លោក គង់ ចំរើន មន្ត្រី​ទទួល​បន្ទុក​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​ការងារ​នៃ​​ខុទ្ទកាល័យ​កំពុង​ពិនិត្យ​លើ​សំណើ​ក្នុង​ញត្តិ​នេះហើយ ជា​លទ្ធផល​យ៉ាងណា​នោះ​នឹង​ជម្រាប​ជូន​នៅពេល​ក្រោយ​។ លោក​បញ្ជាក់​ថា​៖ «​ការទាមទារ​របស់​ពួកគាត់ គឺ​ពួកគាត់​មាន​សិទ្ធិ​តើ គ្រាន់​តែ​ញត្តិ​របស់​ពួកគាត់​បាន​បញ្ជូន​ទៅ​ខាងលើ​ហើយ ចំណែក​ការសម្រេច​យ៉ាងណា​ទៀត​នឹង​ជូនដំណឹង​នៅ​ថ្ងៃស្អែក ឬ​ខានស្អែក​បានដឹង​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​ថ្លែង​ពី​ថ្ងៃ​ចន្ទ​ថា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ធ្វើ​ញត្តិ​ស្នើសុំ រីឯ​ការឆ្លើយតប​យ៉ាង​ម៉េច​គឺ​អាស្រ័យ​លើ​ផលប្រយោជន៍​សាធារណៈ ឬ​ផលប្រយោជន៍​នៃ​វិស័យ​ទាំងមូល​។

ប៉ុន្តែ​លោក​ថា ការស្នើ​ទាំងនោះ​គឺ​ត្រូវតែ​ផ្អែក​តាម​លិខិត​បទដ្ឋាន​គតិយុត្ត​ ឬ​វិធានការ​ណាមួយ​ដែល​សមស្រប ខណៈ​ដែល​លោក​អះអាង​ថា ការដែល​ក្រសួង​ដាក់​ចេញ​នូវ​វិធានការ​ទាំងនេះ​ក៏​ព្រោះតែ​ដើម្បី​រក្សា​ការងារ និង​កុំ​ឲ្យ​មាន​ផលប៉ះពាល់​កាន់តែ​ធ្ងន់ធ្ងរ​ដល់​កម្មករ​ផងដែរ​។

លោក​ថា​៖ «​ចំពោះ​មុខ​ការងារ​អាទិភាព​គឺ​ (​ក្រសួង​ការងារ​) ត្រូវ​រក្សា​ចង្វាក់​ផលិតកម្ម ដើម្បី​រក្សា​ការងារ​ឲ្យ​បាន​ច្រើន​ជា​អតិបរិមា​ហើយ​បើ​មាន​ការរង​ផលប៉ះពាល់ គឺ​ត្រូវ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​កម្មករ​និយោជិត​មាន​ប្រាក់ខែ​ស្មើសូន្យ​»៕

វីដេអូ៖