ភ្នំពេញៈ ថ្នាក់ដឹកនាំសហព័ន្ធសហជីព និងសមាគមដែលជាសមាជិករបស់សហភាពជាតិកម្ពុជាការពារកម្មករបានដាក់សំណើទៅលោករដ្ឋមន្ត្រីក្រសួងការងារ ស្នើឲ្យមានការរៀបចំការចរចា ស្តីអំពីប្រាក់អត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
យោងតាមលិខិតដាក់ជូនរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង កាលពីសប្តាហ៍មុនដែលមានចុះហត្ថលេខាមេដឹកនាំសហព័ន្ធសហជីព និងសមាគមចំនួន ១៣ ហើយដែល ភ្នំពេញ ប៉ុស្តិ៍ ទើបទទួលបានកាលពីម្សិលមិញ បានស្នើសុំឲ្យមានការចរចាអំពីប្រាក់អត្ថប្រយោជន៍ សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។
តាមសំណើក្នុងលិខិតនោះមាន ៣ ចំណុចសំខាន់គឺ៖ «ការផ្តល់ប្រាក់ថ្លៃបាយថ្ងៃត្រង់ជូនកម្មករ និយោជិត ក្នុងមួយខែចំនួន ២៦ ដុល្លារសុំដំឡើងប្រាក់សោហ៊ុយធ្វើដំណើរនិង ថ្លៃឈ្នួលផ្ទះឲ្យបានគ្រប់ ២០ ដុល្លារ ក្នុងមួយខែ និងសូមឲ្យក្រសួងការងារធ្វើការចុះបញ្ជិកាសហជីព ដោយមិនចាំបាច់តម្រូវឲ្យមានលិខិតថ្កោលទោសដែលចេញដោយក្រសួងយុត្តិធម៌»។
លោក សាត់ ឈាងហួ ប្រធានសហភាពជាតិកម្ពុជាការពារកម្មករ បាននិយាយកាលពីថ្ងៃម្សិលមិញថា សព្វថ្ងៃនេះក្រសួងសហជីព និងនិយោជក កំពុងតែដំណើរការចរចាពីការដំឡើងប្រាក់ឈ្នួលសមរម្យ ជូនកម្មករ និយោជិត ប៉ុន្តែ ហាក់ដូចជាមិនអាចផ្តល់ជូនតាមតម្រូវការរបស់កម្មករ និយោជិត ដែលអាចទទួលយកបាននោះទេ។
លោក សាត់ ឈាងហួ បន្តទៀតថា៖ «ដោយសារតែកម្មករមានបញ្ហាទាក់ទងនឹងប្រាក់អត្ថប្រយោជន៍នេះ ទើបពួកគេបានស្នើសុំមកសហជីពយើង ឲ្យអន្តរាគមន៍ជួយដល់ពួកគេ។ ប្រសិនបើមិនមានការចរចាណាមួយទេ កម្មកររាប់រយនាក់ នឹងប្រមូលផ្តុំគ្នាធ្វើការតស៊ូមតិលើចំណុចនេះ»។
លោករដ្ឋមន្ត្រី អ៊ិត សំហេង ធ្លាប់ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចរចារឿងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករ នឹងលើកយកមកពិភាក្សាគ្នាបន្ទាប់ពីការចរចាបញ្ហាប្រាក់ឈ្នួលត្រូវបានចប់សព្វគ្រប់។ លោកក៏ស្នើឲ្យកម្មករយោគយល់ និងរង់ចាំក្រសួងធ្វើការដោះស្រាយផងដែរ៕