ភ្នំពេញៈ សហព័ន្ធ​សហជីព​កម្ពុជា​ (CATU) ​ចេញ​សេចក្តី​ថែ្លងការណ៍​មួយ​ស្នើ​ឲ្យ​ក្រុមហ៊ុន​រូស៊ីង ហ្គាម៉ែន ទទួល​យក​មន្ត្រី​សហជីព​មូលដ្ឋាន​ ៣ ​រូប​ ដែល​ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​នោះ​ឲ្យ​ចូល​ធ្វើ​ការងារ​វិញ ដើម្បី​ពួកគេ​អាច​បន្ត​ទ្រទ្រង់​ជីវភាព​ដោយ​ចាត់ទុក​ការបញ្ឈប់​មន្ត្រី​ខាងលើ​នេះ មិនមាន​ភ័ស្តុតាង​ត្រឹមត្រូវ​ដែល​ធ្វើឡើង​ដោយ​អយុត្តិធម៌​។

កាលពី​ថ្ងៃទី​ ៧ ឧសភា លោក​ ជ្រុន ថេរ៉ាវង្ស ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ បាន​សម្រេច​តាម​ការស្នើសុំ​របស់​ក្រុមហ៊ុន រូស៊ីង ហ្គាម៉ែន ដែល​ធ្វើការ​បញ្ឈប់​លោក​ កន សុច ជា​ប្រតិភូ​ជំនួយ​ប្រចាំ​រោងចក្រ​លោក​ ឯក សារុន ជា​អនុប្រធាន​សហជីព​កម្ពុជា និង​លោក​ សុខ គង់ លេខាធិការ​សហជីព​មូលដ្ឋាន​ប្រចាំ​រោងចក្រ​។ ការបញ្ឈប់​នេះ​ក្រុមហ៊ុន​លើក​មូលហេតុ​ថា បាន​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដែល​មាន​ចែង​ក្នុង​មាត្រា​ ៨៣ ​នៃ​ច្បាប់​ស្តីពី​ការងារ​។

សេចក្តី​ថ្លែងការណ៍​របស់ CATU ចុះ​ថ្ងៃទី​ ១១ ឧសភា បាន​ឲ្យ​ដឹងថា​កាលពី​ពាក់កណ្តាល​ខែ​មេសា រោងចក្រ​កាត់ដេរ រូស៊ីង ហ្គាម៉ែន ខូអិលធីឌី បាន​ចោទប្រកាន់​មកលើ​សមាជិក CATU ចំនួន​ ៣ ​នាក់​ថា​បាន​ជួបគ្នា​រៀបចំ​ផែនការ​ឈប់​ធ្វើការ​ទាំងអស់​គ្នា​នៅ​ថ្ងៃទី​ ៩ មេសា ដើម្បី​ឲ្យ​រោងចក្រ​អនុញ្ញាត​កម្មករនិយោជិត​ទៅផ្ទះ​ពេល​ចូលឆ្នាំ​ប្រពៃណីជាតិ​។ ក្នុង​អំឡុងពេល​នោះ ក៏​មាន​កម្មករនិយោជិត មួយចំនួន​បាន​ឈប់​ធ្វើការ​រយៈពេល​ប្រហែល​ជិត​​ ២ ​ម៉ោង​មែន​។

CATU បន្ត​ថា​ចំពោះ​ករណី​នៃ​ការឈប់​របស់​កម្មករ​នេះ​គឺ​មិន​ពាក់ព័ន្ធ​នឹង​សមាជិក​ណា​ម្នាក់​ក្នុង​ចំណោម​សហជីព​មូលដ្ឋាន​ទាំង​ ៣ ​នាក់​ខាងលើ​នោះទេ​។ ព្រោះ​សហជីព គ្មាន​សមាជិក​ណា​ម្នាក់​នៅក្នុង​ផ្នែក​ដែល​កម្មករ​បាន​ឈប់សម្រាក​នោះ​ទេ ហើយ​ការឈប់​សម្រាក​នេះ ក៏​មិន​ពាក់ព័ន្ធ​នឹង​សហជីព​មូលដ្ឋាន​ទាំង​ ៣ ​ផងដែរ​។ CATU បន្ថែម​ថា​ក្រោយមក​បើ​ទោះ​ជា​កម្មករនិយោជិត​បាន​ព្យាយាម​ជួបចរចា​ជាមួយ​រោងចក្រ​ជុំវិញ​ករណីនេះ​ក៏​ភាគី​រោងចក្រ​មិន​ជួបចរចា​នោះ​ទេ ដោយ​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការគេចវេះ​ទៀតផង​។

CATU បញ្ចាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​៖ «​ការបញ្ឈប់​ពី​ការងារ​នេះ​នឹងមាន​ការប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កម្មករនិយោជិត​ ៣ ​រូបនោះ​ដោយ​បច្ចុប្បន្ន សេដ្ឋកិច្ច​ជាតិ​កំពុង​ប្រឈម​ការធ្លាក់ចុះ​ដោយសារ​ជំងឺ​កូវីដ​ ១៩ ដែល​នឹង​បណ្តាល​ឲ្យ​ពួកគេ​ពិបាក​រក​ការងារ​ធ្វើ​នៅ​កន្លែង​ផ្សេង​។ ក្នុង​ចំណោម​កម្មករនិយោជិត​ ៣ ​នាក់​នេះ ​មាន​កម្មករនិយោជិត​ ២ ​នាក់​ ដែល​មាន​កូនតូច​ក្នុងបន្ទុក​ដែល​ត្រូវការ​ទឹកដោះគោ និង​ការថែទាំ​សុខភាព និង​ព្យាបាល​»​។

លោកស្រី​ យ៉ាង សុភ័ណ្ឌ ប្រធាន CATU ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ករណីនេះ​គឺជា​រឿង​ហួសចិត្ត​ដែល​ប្រធាន​នាយកដ្ឋាន​វិវាទ​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បើក​ផ្លូវ​ឲ្យ​នាយក​ក្រុមហ៊ុន រូស៊ីង ហ្គាម៉ែន បញ្ឈប់​តំណាង​សហជីព​ ៣ ​នាក់​ពី​ការងារ​ទាំង​អយុត្តិធម៌​។

ជាមួយ​គ្នា​នេះ​លោកស្រី​ក៏​បាន​បញ្ចាក់​ដែរ​ថា CATU នឹង​ដាក់​ពាក្យបណ្តឹង​ទៅ​អ្នកបញ្ជា​ទិញ​អន្តរជាតិ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ហើយ​ក្នុងនោះ​ក៏​នឹង​បន្ត​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដើម្បី​ពិនិត្យមើល​ករណី​នេះ​ឡើងវិញ​ផងដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​ខ្ញុំ​នឹង​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការប្តឹង​ឧបាស្រ័យ​នេះ​។ ប៉ុន្តែ​ស្របពេល​នឹង​ប្តឹង​នេះ​ខ្ញុំ​មើលឃើញ​នាយកដ្ឋាន ប្រើប្រាស់​សិទ្ធិ​មួយ​ក្នុង​ការសម្រេច​ករណី​នេះ​គឺ​ខុស​មិន​ត្រឹមត្រូវ​។ ព្រោះ​ករណី​នេះ​រោងចក្រ គេ​គ្រាន់តែ​ស្នើ​ព្យួរការងារ​តែប៉ុណ្ណោះ​។ លិខិត​ដែល​ខ្ញុំ​ទទួលបាន​ ១ ​ហ្នឹង​មិន​ទាក់ទង​នឹង​ការស្នើសុំ​បញ្ឈប់​ទេ​។ តែ​ក្រោយមក​យើង​មិន​ដឹងថា គេ​បាន​យោបល់ ឬ​ស្នើ​អ្វី​បន្ត​ទៀត​គឺ​ខ្ញុំ​អត់​ដឹង​។ ស្រាប់តែ​ជា​ចេញ​លិខិត​មក អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ទៅវិញ​»​។

លោក​ ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ប្រាប់​ពី​ម្សិលមិញ​ថា សំណុំ​រឿងនេះ​គឺ​មន្ត្រី​នៃ​ក្រសួង​ការងារ​បាន​អនុវត្ត​ទៅតាម​ច្បាប់​ត្រឹមត្រូវ​។ ពួកគេ​បាន​ញុះញង់​កម្មករ​ឲ្យ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ឲ្យ​មាន​ការអនុវត្ត​ទៅតាម​ច្បាប់​ការងារ​។

លោក​ថា ក្នុងករណី​សហជីព​ដែល​ត្រូវបាន​បញ្ឈប់​នេះ​មិន​ពេញ​ចិត្តនឹង​សេចក្តី​សម្រេច​នោះ​គឺ​មាន​ពេល​ ២ ​ខែ​ ដើម្បី​ធ្វើការ​តវ៉ា​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ទទួលបន្ទុក​វិស័យ​ការងារ​។ ព្រោះ​រដ្ឋមន្ត្រី​មាន​សិទ្ធិ​លុបចោល ឬ​កែសម្រួល​សេចក្តី​សម្រេច​នេះ​។ លោក​បន្តថា​៖ «​មន្ត្រី​បាន​អនុវត្ត​ទៅតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​។ ការទទួល​ ឬ​មិន​ទទួល​គឺ​ភាគី​នីមួយៗ​មាន​នីតិវិធី​ប្តឹង​ឧបាស្រ័យ​បន្ត​»៕