ភ្នំពេញៈ តំណាងសហព័ន្ធ សហជីព និងសមាគមចំនួន ៦ បានស្នើសុំសាជាថ្មីម្តងទៀតដល់រាជរដ្ឋាភិបាលក្រុមហ៊ុនអ្នកផលិត ក្រុមហ៊ុនអ្នកបញ្ជាទិញឲ្យដោះស្រាយជាបន្ទាប់នូវការទាមទារមួយចំនួនដែលក្នុងនោះក៏មានប្រាក់ឈ្នួលគោលសម្រាប់កម្មករវិស័យកាត់ដេរ និងស្បែកជើងចំនួន ១៦០ ដុល្លារ ឲ្យបាននៅក្នុង ឆ្នាំ២០១៤ នេះ។
យោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់សហជីពទាំង ៦ ដែលចេញកាលពីម្សិលមិញបានលើកឡើងថា ស្ថានភាពរឹតបន្តឹងសិទ្ធិសេរីភាពមកលើកម្មករនៅតែមាន និងកាន់តែធ្វើឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត។ សំណើចំនួន ៦ ចំណុចដែលសហព័ន្ធ សហជីព និងសមាគមបានស្នើទៅរដ្ឋាភិបាលក្រុមហ៊ុនអ្នកផលិត និងក្រុមហ៊ុនអ្នកបញ្ជាទិញ គឺត្រូវដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតវិស័យកាត់ដេរ និងស្បែកជើង ១៦០ ដុល្លារឲ្យបានយ៉ាងយូរត្រឹម ខែតុលា ឆ្នាំ២០១៤ ដោយចរចាជាមួយសហជីពឯករាជ្យដែលបានតវ៉ាកន្លងមក។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាលត្រូវរៀបចំកំណែទម្រង់ក្រុមប្រឹក្សាការងារដោយកំណត់ចំនួនសមាសភាពគណៈកម្មការឲ្យបានស្មើគ្នារវាងរដ្ឋាភិបាល និយោជក និងកម្មករនិយោជិត (ឧ.៧+៧+៧) ព្រមទាំងផ្លាស់ប្តូរសមាសភាពក្រុមប្រឹក្សាការងារចាស់ ដោយដាក់តំណាងកម្មករពិតប្រាកដ និងមកពីតាមវិស័យផ្សេងៗ។ មិនតែប៉ណ្ណោះរដ្ឋាភិបាលត្រូវលុបចោលនូវបម្រាមការជួបជុំជាសាធារណៈ និងការដាក់លក្ខខណ្ឌមិនអាចចុះបញ្ជិការសហជីពបាន ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិកម្មករយ៉ាងខ្លាំង។
សេចក្តីថ្លែងការណ៍បន្តទៀតថា រាជរដ្ឋាភិបាល ក្រុមហ៊ុន និងតុលាការត្រូវស្វែងរកចាប់ខ្លួនជនល្មើសដែលបានបាញ់ និងប្រើអំពើហិង្សាមកលើកម្មករកាលពីថ្ងៃ ទី២ និង ទី៣ ខែមករា យកមកផ្តន្ទាទោស។ រដ្ឋាភិបាលក្រុមហ៊ុន និងតុលាការត្រូវបញ្ឈប់ជាបន្ទាន់នូវការប្តឹងប្តល់បំភិតបំភ័យ មកលើកម្មករនិយោជិត និងតំណាងសហជីពព្រមទាំងដកពាក្យបណ្តឹងទាំងអស់ដែលបានប្តឹងនាពេលកន្លងមក និងរដ្ឋាភិបាលត្រូវធានាថា ច្បាប់ស្តីពីសហជីពត្រូវតែស្របទៅនឹងរដ្ឋធម្មនុញ្ញ ច្បាប់ការងារ និងអនុសញ្ញាអន្តរជាតិខាងការងារ។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករថ្លែងថា ក្នុងករណីដែលមិនមានដំណោះស្រាយសម្រាប់ការស្នើសុំជាពិសេសការដំឡើងប្រាក់ឈ្នួលគោល ១៦០ ដុល្លារនៅក្នុងឆ្នាំនេះទេ នោះការតវ៉ាទ្រង់ទ្រាយធំជាថ្មីអាចនឹងកើតមានឡើង។
លោកបានបន្តថា៖ «ការតវ៉ាទ្រង់ទ្រាយធំ អាចនឹងចេញជារូបរាងឡើង ដោយសារការស្នើសុំរបស់យើង ជាពិសេសរបស់កម្មករមិនទាន់មានដំណោះស្រាយ ដូចដែលពួកគេចង់បាននៅក្នុងឆ្នាំនេះ»៕