ភ្នំពេញៈ តំណាង​សហព័ន្ធ និង​សហជីព​ចំនួន​ ១៤ កាលពី​ថ្ងៃទី​ ២២ ​ខែ​មិថុនា បាន​រួម​គ្នា​ដាក់​ញត្តិ​ទៅ​លោក អ៊ិត សំហេង រដ្ឋមន្ដ្រី ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើសុំ​ឱ្យ​លុបចោល​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី​ ២ ខែ​មិថុនា ឆ្នាំ​ ២០២០ ស្តីពី​ការពន្យារពេល បើកប្រាក់​អតីតភាព​ការងារ​ឆ្នាំ ២០១៩-២០២០ របស់​កម្មករ និយោជិត​គ្រប់​ស្ថាប័ន​ទាំងអស់​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​សំណង់ និង​ព្រៃឈើ​កម្ពុជា​ជា​តំណាង​សហជីព​ ១ ​រូប​ ដែល​បាន​ចូលរួម​ដាក់​ញត្ដិ​ទៅ​រដ្ឋមន្ដ្រី ក្រសួង​ការងារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា តំណាង​សហភាព​សហព័ន្ធ​ធំៗ​ចំនួន​ ១៤ តំណាងឱ្យ​វិស័យ​សណ្ឋាគារ ទេសចរណ៍ សេវាកម្ម និង​សំណង់​នៅ​កម្ពុជា​បាន​ចូលរួម​ដាក់​ញត្តិ​គឺ​ដើម្បី​ស្នើសុំ​ឱ្យ​លុបចោល​សេចក្ដី​សម្រេច​ស្តីពី​ការពន្យារពេល​បើកប្រាក់​អតីតភាព​ការងារ​ឆ្នាំ​ ២០១៩ និង​ឆ្នាំ ២០២០​។

លោក​ថ្លែង​ថា​៖ «​បើ​ប្រកាស​លេខ ០១៨/២០ ចុះ​ថ្ងៃទី​ ២ ខែ​ មិថុនា ឆ្នាំ​ ២០២០ ស្តីពី​ការពន្យារពេល​បើកប្រាក់​អតីតភាព​ឆ្នាំ ២០១៩ និង​ឆ្នាំ​ ២០២០ របស់​ក្រសួង​នេះ នៅតែ​អនុវត្ដ​នោះ កម្មករនិយោជិត​នឹង​មិន​ទទួលបាន​នូវ​ប្រាក់​អតីតភាព​នោះ​ទេ ដូច្នេះ​ទើប​យើង​ស្នើឱ្យ​លុប​សេចក្ដី​ជូនដំណឹង​នេះ​វិញ​»​។

លោក សុខ គីន បាន​ឱ្យ​ដឹងថា នៅពេល​តំណាង​សហជីព​ទាំង ១៤ យក​ញត្ដិ​ទៅ​ដាក់​នៅ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​ ២២ ខែ​មិថុនា ​លោក និន វណ្ណៈ មន្ដ្រី​ទទួលបន្ទុក​ផ្នែក​ដោះស្រាយ​វិវាទ​ និង​កូដកម្ម​នៃ​ក្រសួង​ការងារ​បាន​មក​ទទួល​ញត្ដិ និង​បាន​សន្យាថា​នឹង​ជូន​ដំណឹង​ដល់​ថ្នាក់ដឹកនាំ​សហព័ន្ធ​សហជីព​វិញ​នា​សប្តាហ៍​ក្រោយ​។

លោក​ថ្លែងថា​៖ «​គេ​យក​ញត្ដិ​របស់​យើង​ទៅ​ពិចារណា ប៉ុន្ដែ​ការឆ្លើយតប​ភ្លាមៗ​នោះ វា​មិនមាន​លក្ខណៈ​អ្វី​ជា​ផ្លូវការ​ទេ​។ ក្នុង​ដំណាក់កាល​នេះ យើង​មិនសូវ​សង្ឃឹម​ថា​នឹង​ទទួលបាន​ដំណោះស្រាយ​ណាមួយ​នោះទេ​ ប៉ុន្ដែ​យើង​ត្រូវតែ​ធ្វើ​ព្រោះថា រឿងនេះ​វា​ជា​ប្រយោជន៍​របស់​កម្មករ​និយោជិត​»​។

តាម​លិខិត​របស់​តំណាង​សហព័ន្ធ និង​សហជីព​ទាំង ១៤ ដែល​បាន​ដាក់​ទៅ​លោក អ៊ិត សំហេង បច្ចុប្បន្ន​និយោជក​បាន​ព្យួរការងារ​កម្មករនិយោជិត​រាប់ម៉ឺន​នាក់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ដែល​ក្នុង​អំឡុងពេល​ជាមួយ​គ្នា​នេះ កម្មករ​និយោជិត​ត្រូវ​បាត់បង់​ការងារ និង​ប្រាក់ចំណូល​ប្រចាំខែ​ជា​បន្តបន្ទាប់​។

លិខិត​ថា​៖ «​កម្មករនិយោជិត​ត្រូវ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ដូចជា​ត្រូវ​សង​កម្ចី​ប្រចាំខែ​ទាំង​ប្រាក់​ដើម និង​ការប្រាក់ ការចំណាយ​លើ​សេវា​ព្យាបាល​ជំងឺ សមាជិកគ្រួសារ និង​ការចំណាយ​លើ​តម្រូវការ​ចាំបាច់​មូលដ្ឋាន​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​»​។

តំណាង​សហជីព​ក៏​បាន​ស្នើ​ក្រសួង​ការងារ​ជំរុញ​និយោជក​ឲ្យ​បន្ត​បើកប្រាក់​រំឭក​អតីភាព​ការងារ​ដែល​មាន​មុន​ឆ្នាំ​ ២០១៩ (​សម្រាប់​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​) និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ថ្មី​ក្នុង​ឆ្នាំ​ ២០២០ (​សម្រាប់​គ្រប់​វិស័យ​) ​ដល់​កម្មករ និយោជិត ស្របតាម​ខ្លឹមសារ​នៃ​មាត្រា ៨៩ នៃ​ច្បាប់​ស្ដីពី​ការងារ និង​ប្រកាស​លេខ ៤៤៣ របស់​ក្រសួង​ការងារ ដើម្បី​ឱ្យ​កម្មករនិយោជិត​ទទួល​បាន​ប្រាក់ចំណូល​ខ្លះ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។

ឆ្លើយតប​ចំពោះ​ការដាក់​ញត្ដិ​នេះ​លោក ហេង សួរ ​អ្នកនាំពាក្យ​ក្រសួង​ការងារ ថ្លែងប្រាប់​ភ្នំពេញប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២២ ខែមិថុនា ថា៖ «​យើង​បាន​ទទួល​ហើយ សង្ឃឹម​ថា​គ្រប់​បុគ្គល​ទាំងអស់​នឹង​អាន​សេចក្តី​ជូន​ដំណឹង​ក្រសួង​សាជាថ្មី ហើយ​រួម​គ្នា​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ដែល​មានន័យ​គ្រប់គ្រាន់ ត្រឹមត្រូវ​សម្រាប់​ជួយ​រក្សា​ការងារ​មនុស្ស​រាប់លាន​នាក់​ក្នុង​កាលៈទេសៈ​នេះ​។ បើ​រោងចក្រ​មានលទ្ធភាព​នោះ​ប្រហែល​ជា​មិនមាន​ករណី​រោងចក្រ​សហគ្រាស​កំពុង​ព្យួរការងារ​នោះទេ​»៕