ភ្នំពេញៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​កម្ពុជា​ នឹង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ខ្លាំង​ឡើង​ក្នុង​រយៈកាល​ឆ្នាំ​ចុង​ក្រោយ​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ (IFJ) ​ខណៈ​ក្រសួង​ព័ត៌មាន​អះអាង​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន​ត្រូវ​បាន​ធានា​។

នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ស្ថិត​នៅ​ក្នុង​ហានិភ័យ​» និង​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​ ​បាន​ធ្វើ​ទឡ្ហីករណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​ «​តុលាការ​របស់​ប្រទេស​ខ្លួន​ធ្វើ​នយោបាយ រឹតបន្តឹង​សេរីភាព​នៃ​ការ​និយាយ​ស្តី ការ​ប្រមូលផ្តុំ និង​សេរីភាព​អង្គការ សមាគម និង​ប្រើ​ហិង្សា​​ និង​ការ​ដាក់​ពន្ធនាគារ​ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង​របស់​ខ្លួន សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។

របាយការណ៍​នេះ​គូស​បង្ហាញ​​អំពី​ដំណើរ​វិវឌ្ឍ​នាពេល​ថ្មីៗ​ដែល​មាន​តាំងពី​ការ​បិទ​កាសែត​ឌឹខេមបូឌាដេលី ការ​បិទ​វិទ្យុ​អាស៊ីសេរី ព្រមទាំង​ករណី​បុគ្គលិក​អង្គការ​អាដហុក​ ៥ ​នាក់ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការ​ដាក់​ពន្ធនាគារ​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។

របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ផង​ដែរ​អំពី​សម្ពាធ​ទៅ​លើ​អ្នក​កាសែត​នៅ​កម្ពុជា​ដោយ​ស្រង់​សម្តី​អ្នក​កាសែត​ក្នុង​ស្រុក​ជាច្រើន​នាក់​។ ជា​ឧទាហរណ៍ អ្នក​កាសែត​ម្នាក់​ត្រូវ​បាន​ស្រង់​សម្តី​ដោយ​និយាយ​ថា​៖ «​វា​ពិបាក​ណាស់​សម្រាប់​អ្នក​កាសែត​ឯករាជ្យ​ក្នុង​ការ​រាយការណ៍​អំពី​បញ្ហា​រសើប​ដូចជា​រឿង​នយោបាយ ការ​កាប់​ឈើ​ ឬ​អំពើ​ពុករលួយ​។ ​ឥឡូវ​នេះ​​យើង​បារម្ភ​ថា តើ​យើង​ត្រូវ​បាន​គេ​ឃើញ​ថា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ឬ​អត់​? ​រាល់​អ្នក​កាសែត​ [​កម្ពុជា​] ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​»​។ ​

ក្នុង​បទសម្ភាស​ជាមួយ IFJ អ្នក​កាសែត​បរទេស​ «​ដែល​ធ្វើការ​នៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​រដ្ឋាភិបាល​» ​បាន​បង្ហាញ​សម្ពាធ​ចំពោះ​ការីនិពន្ធ​។ ​

ពួកគេ​ថ្លែង​ថា​៖ «[​ភាព​ឯករាជ្យ​ក្នុង​ការងារ​ការី​និពន្ធ​] ​បាន​ផ្តើម​បាត់បង់​ហើយ​ឥទ្ធិពល​ក្នុង​ការងារ​នេះ​បាន​កើនឡើង ខណៈ​ជិត​ដល់​ការ​បោះឆ្នោត​។ ពេល​ល្ងាច​យើង​សរសេរ​ត្រឹមត្រូវ ហើយ​ព្រឹក​ឡើង យើង​ឃើញ​ថា សាច់រឿង​ត្រូវ​បាន​ប្តូរ​គំនិត​ផ្សេងៗ​ត្រូវ​បាន​បញ្ចូល​ក្នុង​នោះ​...​ហើយ​តុល្យភាព​ត្រូវ​បាន​យក​ចេញ​»​។

ពាក់ព័ន្ធ​នឹង​ការ​បិទ​វិទ្យុ​អាស៊ីសេរី​អ្នកកាសែត​ក៏​បាន​លើកឡើង​ដែរ​ពី​ការ​បាត់បង់​ការងារ​។ ​

អ្នកកាសែត​បរទេស​រូប​នោះ​ថា​៖ «​ខ្ញុំ​ជា​អ្នក​កាសែត​ជាង​ ២ ​ទសវត្សរ៍​មក​ហើយ ហើយ​នេះ​ជា​រឿង​អាក្រក់​បំផុត​។ អ្នក​កាសែត​ដែល​បិទ​ត្រូវ​បាន​បដិសេធ​មិន​ផ្តល់​កាត​អ្នក​កាសែត អ្នក​ខ្លះ​ត្រូវ​បាន​នាំ​យក​ទៅ​សួរ​...​វា​ពិបាក​ក្នុង​ការ​ធ្វើ​ការងារ​។ ប្រសិន​បើ​យើង​មិន​អាច​ធ្វើការ​បាន តើ​យើង​អាច​ចិញ្ចឹម​គ្រួសារ​យើង​យ៉ាង​ដូចម្តេច​ទៅ​?»​។

ទន្ទឹម​នេះ​ក្រសួង​ព័ត៌មាន​បាន​ច្រានចោល​របាយការណ៍​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ​ដែល​ថា​សេរីភាព​សារព័ត៌មាន​ស្ថិត​ក្រោម​ការ​វាយប្រហារ​នៅ​កម្ពុជា​។

ឆ្លើយតប​កាលពី​ថ្ងៃ​សុក្រ ក្រសួង​ព័ត៌មាន​បាន​ហៅ​របាយការណ៍​នោះ​ថា​ជា​ «​ការ​វាយតម្លៃ​គ្មាន​មូលដ្ឋាន​»​។

សេចក្តី​ថ្លែងការណ៍​នោះ​ថា​ការ​ស្រាវជ្រាវ​របស់​ពួកគេ​ «​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នកកាសែត​ជ្រុលនិយម​ខ្លះ​ដែល​មាន​ចេតនា​អាក្រក់​គេចវេះ​ពី​ការ​ទទួល​ខុសត្រូវ​ និង​ទម្លាក់​កំហុស​លើ​រដ្ឋាភិបាល​កម្ពុជា​»​។

សេចក្តី​ថ្លែងការណ៍​នេះ​បន្ត​ថា សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ត្រូវ​បាន​ធានា​នៅ​​កម្ពុជា និង ​«​មាន​ភាព​ប្រសើរ​ឡើង​យ៉ាង​លឿន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គ្រប់​ប្រភេទ​...»៕ PS