
ភ្នំពេញៈ កម្មករ-កម្មការិនីមកពីរោងចក្រមួយចំនួននៅទីក្រុងភ្នំពេញប្រមាណជា១៥ ០០០នាក់បានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដង្ហែក្បួននៅជុំវិញរាជធានីភ្នំពេញ បង្ហាញពីឆន្ទៈគាំទ្រគណបក្សប្រជាជនកម្ពុជា ខណៈដែលសហជីពសេរីកម្មករបានប្រកាសជំហរគាំទ្រគណបក្សសង្គ្រោះជាតិ កាលពីព្រឹកម្សិលមិញ។
លោក យ៉ាន សុធី វ័យ២៣ឆ្នាំ បានគ្រវីទង់ជាតិគណបក្សប្រជាជនកម្ពុជា និងបានបិទស្លាកសញ្ញាលេខ៤នៅលើថ្ពាល់សងខាងខណៈដែលលោក បានចូលរួមជាមួយកម្មករ កម្មការីរោងចក្រ ហើយលោកស្រែកនៅក្នុងហ្វូងមនុស្សរាប់ពាន់នាក់ដែលបានមកប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រថា លោក ពិតជាបោះឆ្នោតឲ្យបក្សកាន់អំណាច ដែលមានលេខរៀងទី៤សម្រាប់ការបោះឆ្នោតខាងមុខ។ លោកបាននិយាយថា ៖ «ខ្ញុំស្រឡាញ់គណបក្សប្រជាជន ព្រោះបានជួយប្រទេសរបស់យើងឲ្យមានសន្តិភាព ហើយកម្មករ កម្មការនីមានការងារធ្វើ ខ្ញុំជឿថា គណបក្សប្រជាជននឹងឈ្នះអាសនៈសភាជាតិ»។
លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលមានជំហរគាំទ្ររដ្ឋាភិបាល និងជាមេដឹកនាំការជួបជុំនេះ បាននិយាយថា សមាជិកមកពីសហជីពចំនួន៦៤ផ្សេងពីគ្នា ដែលជិះរថយន្តចំនួន៥០០គ្រឿង និងជិះម៉ូតូជាង២ពាន់គ្រឿង បានមកចូលរួមការជួបជុំកាលពីថ្ងៃម្សិលមិញ។ លោក បានអះអាងថា៖«យើង មានផែនការជួបជុំជាមួយកម្មករ កម្មការនីចំនួន១៥ម៉ឺននាក់ ប៉ុន្តែអាជ្ញាធរ មិនអនុញ្ញាតទេ ដោយសារតែបញ្ហាចរាចរណ៍ ដូច្នេះយើង កាត់បន្ថយវាមកនៅត្រឹម១៥ពាន់នាក់។ ពួកគេមិនមែនមកតែពីសហជីពរបស់ខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមកពីសហជីពផ្សេងៗទៀតផង ព្រោះពួកគេស្រឡាញ់និងគាំទ្រ គណបក្សប្រជាជន ហើយយើងស្វាគមន៍មនុស្សគ្រប់ៗគ្នា»។
អ្នកគាំទ្រ គណបក្សប្រជាជន និងជាសមាជិកសហជីពកម្មករសេរីលោក ហួន សុផាត វ័យ៣០ឆ្នាំបាននិយាយថា ទោះបីការគាំទ្រគណបក្សប្រជាជន អាចធ្លាក់ចុះជាងប៉ុន្មានឆ្នាំមុនៗដោយសារយុវជនបោះឆ្នោត គាំទ្របក្សផ្សេងក៏ដោយ ក៏លោកនៅតែរំពឹងថា គណបក្សប្រជាជននឹងឈ្នះឆ្នោត។ លោក បានថ្លែងបន្តថា៖ «ការសន្យារបស់បក្សប្រឆាំងសង្គ្រោះជាតិថានឹងដំឡើងប្រាក់អប្បបរមាដល់ទៅ១៥០ដុល្លារក្នុងមួយខែ ប្រសិនបើខ្លួនឈ្នះ មិនអាចធ្វើទៅបានទេព្រោះថៅកែមិនព្រមទេ។ គណបក្សប្រជាជន កំពុងតែខិតខំដើម្បីដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ដើម្បីឲ្យដល់កម្រិតនោះ»។
អំពាវនាវទៅហ្វូងមនុស្សឲ្យបោះឆ្នោតឲ្យគណបក្សប្រជាជន លោក អ៊ិត សំហេង រដ្ឋមន្រី្តក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងស្រដៀងគ្នាថា គណបក្សប្រជាជនទាក់ទាញវិនិយោគិន និងការងារជាច្រើនដល់ពលរដ្ឋកម្ពុជា។
រីឯលោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ កាលពីថ្ងៃម្សិលមិញបានប្រកាសថា សហជីពរបស់លោក គាំទ្រគណបក្សសង្គ្រោះជាតិ ដោយលើកឡើងថា គោលនយោបាយគណបក្សសង្គ្រោះជាតិដូចជា ការសន្យាដំឡើងប្រាក់ឈ្នួលជាអប្បបរមា១៥០ដុល្លារក្នុងមួយខែ បានធ្វើឲ្យគណបក្សនេះល្អបំផុតសម្រាប់កម្មករ កម្មការិនី។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«ខ្ញុំបានសម្រេចចិត្តគាំទ្របក្ស ប្រឆាំងបន្ទាប់ពីកិច្ចប្រជុំមួយដែលក្នុងនោះតំណាង FTU ៧៦រូបក្នុងចំណោម៧៩រូប មកពីរោងចក្រចំនួន៣៧ បានសម្តែងការគាំទ្រដល់បក្សប្រឆាំង»៕ NR