The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​សហជីព ៤ គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ




សហព័ន្ធ​សហជីព ៤ គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ

សហព័ន្ធ​សហជីព ៤ គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ

131126_09a
ការតវ៉ារបស់កម្មកររោងចក្រ អេសអិល ដែលបានឈានដល់ការប៉ះទង្គិចដោយហិង្សាកន្លងមក ផា លីណា
<

ភ្នំពេញៈ សម្ព័ន្ធ​សហជីព​ចំនួន ៤ បាន​គំរាម​ធ្វើ​ការ​តវ៉ា​ទ្រង់​ទ្រាយ​ធំ​មួយ​នៅ​ទូទាំង​ប្រទេស ប្រសិន​បើ​មិន​មាន​ការ​ដោះស្រាយ​រឿង​ប្រាក់​ឈ្នួល​កម្មករ​និង​ប្រាក់​អត្ថ​ប្រយោជន៍​ផ្សេងៗ ក្នុង​រយៈ​ពេល ១ខែ នេះ។ ការ​អះអាង​នេះ​ស្រប​ពេល​ដែល​សម្ព័ន្ធ​សហជីព​ទាំង​នេះ​ដាក់​លិខិត​ទាមទារ​ទៅ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​រាជ​រដ្ឋាភិបាល​ដែល​ជា​ស្ថាប័ន​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា (ស៊ីខៅ ឌូ) បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ ទី២៥ ខែ វិច្ឆិកា ថា ប្រសិន​បើ​អ្វីៗ​មិន​អាច​ដោះស្រាយ​បាន​នោះ​ការ​តវ៉ា​ដ៏​ធំ​មួយ​នឹង​កើត មាន​នៅ​ក្នុង​ខែ ធ្នូ ខាង​មុខ​នេះ។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​រាល់​បញ្ហា​ដែល​បាន​ស្នើ​ឡើង​មិន​បាន​បញ្ចប់​ទេ​នោះ ខ្ញុំ​គិត​ថា ការ​តវ៉ា​ដ៏​ធំ​មួយ​នឹង​កើត​មាន​នៅ​ទូទាំង​ប្រទេស​ដោយ​សារ​តែ​យើង​មិន​អាច​ធ្វើ​ការ​ពន្យារ​បាន​ត​ទៅ​ទៀត»។

តំណាង​សហជីព​និង​កម្មករ​និយោជិត​ផ្នែក​កាត់​ដេរ​និង​ស្បែក​ជើង​ទូទាំង​ប្រទេស ដែល​ដាក់​សំណើ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ រួម​មាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កាត់ដេរ​កម្ពុជា សម្ព័ន្ធ​សហជីព​កម្ពុជា សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់ដេរ​កម្ពុជា​និង សម្ព័ន្ធ​សហជីព​ចលនា​កម្មករ។

សំណើ​ដែល​សហជីព ទាំង ៤ ដាក់​ទៅ​សមាគម​រោងចក្រ​កាត់ដេរ និង​ស្ថាប័ន​រាជ​រដ្ឋាភិបាល​មាន ៦ ចំណុច រួម​មាន សុំ​ដំឡើង​ប្រាក់​ឈ្នួល​ប្រចាំ​ខែ ១៥៤ ដុល្លារ ប្រាក់​ថ្លៃ​បាយ ៣ ដុល្លារ​ក្នុង​មួយ​ថ្ងៃ និយោជក​ដាក់​ប្រាក់​អតីតភាព​ការងារ​កម្មករ​តម្កល់​ក្នុង​រតនាគារ​ជាតិ​ដើម្បី​បើក​ឲ្យ​កម្មករ​ពេល​ក្រុមហ៊ុន​បិទ​ទ្វារ​បញ្ឈប់​ការ​ប្រើប្រាស់​កិច្ច​សន្យា​ខ្លីៗ​ខុស​ច្បាប់ បញ្ឈប់​ការ​ឲ្យ​មាន​អ្នក​ធំ មាន​អំណាច​កាង​ពី​ក្រោយ​ក្រុមហ៊ុន និង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​រោងចក្រ SL។

លោក អាត់ ធន់ បាន​និយាយ​ទៀត​ថា យុទ្ធវិធី​នៃ​ការ​តវ៉ា​របស់​កម្មករ​គឺ​កម្មករ​នឹង​មិន​ធ្វើ​ការ​តវ៉ា​នៅ នឹង​កន្លែង​មួយ​សប្តាហ៍ ហើយ​ប្រសិន​បើ​ក្នុង​រយៈ​ពេល​នេះ នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​ទេ ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​ហើយ​ចុង​ក្រោយ គឺ​ការ​ដង្ហែ​ក្បួន​ជួប​ជុំ​គ្នា​នៅ​កន្លែង​ណា​មួយ ដើម្បី​ធ្វើ​ការ​ទាមទារ​តែ​ម្តង។

លោក អាត់ ធន់ បាន​បន្ថែម​ថា ក្នុង​រយៈ​ពេល ១ សប្តាហ៍​សហជីព​ទទួល​បាន​ស្នាម​មេដៃ​ដែល​មាន​ការ​គាំទ្រ ពី​កម្មករ​ប្រមាណ​ជា ៤ ម៉ឺន​នាក់​មក​ពី ១៣៨ ក្រុមហ៊ុន ហើយ​លោក​នឹង​បន្ត​ប្រមូល​ការ​គាំទ្រ​ពី​កម្មករ ដែល​មិន​មែន​ជា​សមាជិក​របស់​សហជីព​ទាំង ៤ នេះ​ថែម​ទៀត។

លោក​ថ្លែង​ថា៖ «មាន​តែ​រាជ​រដ្ឋាភិបាល សមាគម​កាត់ដេរ និង​អ្នក​បញ្ជា​ទិញ​ទេ​ដែល​ដោះស្រាយ​បញ្ហា​នេះ​បាន ដោយ​សារ​ថា ពួក​គេ​ជា​អ្នក​ដែល​មាន​អំណាច​អាច​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​ការ​ទាមទារ​របស់​កម្មករ​នេះ​បាន»។

អ្នក​នាង យ៉ាង សុភាន់ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា អ្វីៗ​អាច​ដោះស្រាយ​បាន​ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ។

អ្នក​នាង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា ទុក្ខ​លំបាក​របស់​កម្មករ​អាច​នឹង​ដោះស្រាយ​បាន​ងាយ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ដោះស្រាយ​ជូន​កម្មករ»។

នៅ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ពី​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លើ​ការ​ទាមទារ​របស់​សហជីព​នេះ​នៅ​ឡើយ​កាល​ពី​ម្សិលមិញ៕

អត្ថបទគួរចាប់អារម្មណ៍