ភ្នំពេញៈ សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ និង​ជាតិ​នៅ​សាលាក្ដី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម (​អ.វ.ត.ក​) បាន​រក្សា​ជំហរ​រៀងៗ​ខ្លួន​ទៅលើ​សំណុំរឿង​ ០០៤/០២ ​លើ​ជនជាប់ចោទ អោ អាន អាយុ ៨៦ ​ឆ្នាំ​ ដោយ​សហព្រះរាជអាជ្ញា​អន្តរជាតិ​ជំរុញ​ឲ្យ​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ជម្រះ ប៉ុន្តែ​សហព្រះរាជអាជ្ញា​ជាតិ​ថ្លែងថា ធ្វើ​ដូច្នេះ​វា​ជា​រឿង​ខុសច្បាប់ អ.វ.ត.ក​។ សហព្រះរាជអាជ្ញា​ទាំង​ ២ ​បានចេញ​សេចក្ដី​ប្រកាស​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​អង្គ​បុរេ​ជំនុំជម្រះ​បានចេញ​សេចក្ដីប្រកាស​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ពាក់ព័ន្ធ​នឹង​ការប្ដឹង​ឧទ្ធរណ៍​ដីកា​ដំណោះស្រាយ​។

សេចក្ដី​សម្រេច​របស់​អង្គបុរេ​ជំនុំជម្រះ​បាន​សរសេរ​ថា ការដែល​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​ និង​អន្តរជាតិ​ចេញ​ដីកា​ដំណោះស្រាយ​ ២ ​ខ្វែង​គ្នា ​គឺជា​ការរំលោភ​លើ​ក្របខ័ណ្ឌ​គតិយុត្ត​របស់ អ.វ.ត.ក​។ អង្គបុរេ​ជំនុំជម្រះ​ក៏បាន​ប្រកាស​ដែរ​ថា ខ្លួន​មិន​អាច​រក​សំឡេង​ភាគច្រើន​លើសលប់ ៤ ​លើ​ ៥ ក្នុង​ការចេញ​សេចក្ដី​សម្រេច​ដោយ​ផ្អែកលើ​អង្គហេតុ​បានទេ​។

សហព្រះរាជអាជ្ញា​អន្តរជាតិ​លោកស្រី Brenda J. Hollis បាន​ថ្លែង​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​លោកស្រី​ថា អង្គបុរេ​ជំនុំជម្រះ​មិន​បាន​ចេញ​សេចក្ដី​សម្រេច​ទេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​បាន​ចេញ​សេចក្ដី​ពិចារណា​។ លោកស្រី​ថា​សេចក្ដី​សម្រេច​អាច​ចេញ​ទៅបាន​លុះត្រា​តែ​មាន​សំឡេង​ចៅក្រម​ ៤ ​រូប​ក្នុង​ចំណោម​ ៥ ​រូប​ជា​​សំឡេង​ភាគច្រើន​លើសលប់​។

លោកស្រី​ថ្លែងបន្តថា សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មិនអាច​សម្រេច​សំឡេង​ភាគច្រើន​លើសលប់​ទេ ដោយសារ​តែ​មានតែ​ចៅក្រម​ ៣ ​រូប​ប៉ុណ្ណោះ​ដែល​បាន​តម្កល់​ដីកា​ដំណោះស្រាយ​មិន​បញ្ចូន​រឿង​ទៅ​ជម្រះ និង​បាន​មោឃភាព​ដីកា​ដំណោះស្រាយ​បញ្ជូន​រឿង​ទៅ​ជម្រះ​ដោយ​មាន​ការកែប្រែ​ខ្លះ​។

លោកស្រី​ថ្លែងថា យោងតាម​គោលការណ៍​នៅពេល​ដីកា​ដំណោះស្រាយ​បញ្ជូន​រឿង​ទៅ​ជម្រះ ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ម្នាក់​មិន​ត្រូវបាន​បដិសេធ​ដោយ​ចៅក្រម​ ៤ ​រូប​នៅ​ដំណាក់​អង្គបុរេ​ជំនុំជម្រះ​នូវ​សំណុំរឿង​នឹង​ត្រូវបាន​បញ្ជូនទៅ​ជម្រះ​។

លោកស្រី​ថ្លែងថា​៖ «​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​នេះ ពួកគាត់​បាន​ណែនាំ​ថា ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​ដែល​បាន​​កែប្រែ ឯកសារ​នៃ​ «​សេចក្តី​ពិចារណា​» របស់​អង្គបុរេ​ជំនុំជម្រះ និង​សំណុំរឿង​នៃ​រឿងក្តី ០០៤/០២ ​ត្រូវ​បញ្ជូនទៅ​អង្គ​ជំនុំជម្រះ​សាលាដំបូង ដើម្បី​ឲ្យ​ការជំនុំជម្រះ​ក្តី​ប្រឆាំង​នឹង អោ អាន អាច​ចាប់ផ្តើមបាន​»​។

លោកស្រី​បន្តថា​៖ «​អាស្រ័យ​ហេតុដូច្នេះ សហព្រះរាជអាជ្ញា​អន្តរជាតិ​នឹង​បំពេញកិច្ច​ស្រប​តាម​វិធាន​ផ្ទៃក្នុង​របស់ អ.វ.ត.ក និង​ត្រៀម​រៀបចំ​សម្រាប់​ការជំនុំជម្រះ​»​។

ក៏ប៉ុន្តែ​លោកស្រី ជា លាង សហព្រះរាជអាជ្ញា​ជាតិ​ថ្លែង​តាមរយៈ​សេចក្ដីថ្លែងការណ៍​ដាច់​ដោយឡែក​ថា អង្គបុរេ​ជំនុំជម្រះ​ពិតជា​បានចេញ​សេចក្ដី​សម្រេច​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន ដោយ​បាន​ប្រកាស​ជា​ឯកច្ឆន្ទ​ថា ការចេញ​ដីកា​ដំណោះស្រាយ​របស់​សហចៅក្រម​ស៊ើបអង្កេត​ ២ ​ដែល​ខ្វែងគ្នា​គឺជា​រឿង​ខុសច្បាប់ និង​រំលោភ​លើ​វិធាន​របស់ អ.វ.ត.ក​។

លោកស្រី​ថ្លែងថា​៖ «​សហព្រះរាជអាជ្ញា​ជាតិ​សង្កេត​ឃើញ​ថា ដីកា​ដំណោះស្រាយ (​ដីកា​បញ្ជូន​រឿង​ទៅ​ជំនុំជម្រះ​) របស់​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ គឺ​ខុសច្បាប់​ស្រប​តាម​អំណាច​សាលដីកា​របស់​អង្គបុរេ​ជំនុំជម្រះ​ដែល​បាន​ប្រកាសថា «​ការចេញ​ដីកា​ដំណោះស្រាយ​ពីរ ដែល​ផ្ទុយ​គ្នា​របស់​សហចៅក្រម​ស៊ើប​អង្កេត គឺ​ខុសច្បាប់ ហើយ​រំលោភបំពាន​ទៅ​លើ​ក្របខ័ណ្ឌ​គតិយុត្ត​របស់ អ.វ.ត.ក​»​។

លោក អោ អាន ត្រូវបាន​គេ​ដឹងថា ជា​អនុលេខា​ភូមិភាគ​កណ្ដាល​ និង​ជា​សមាជិក​គណៈកម្មការ​ភូមិភាគ​កណ្ដាល និង​ជា​លេខា​នៃ​តំបន់ ៤១ នៅ​ភូមិភាគ​កណ្ដាល​ក្នុង​របប​ខ្មែរក្រហម​។ លោក​ត្រូវបាន​សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ចោទប្រកាន់​កាលពី​ឆ្នាំ ២០១៦ ពីបទ​ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឃាតកម្ម​។

ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៨ សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​ច្រានចោល​រាល់​ការចោទប្រកាន់​លើ​រូបលោក​ដោយ​លើកឡើង​ពី​មូលហេតុ​ថា លោក​មិន​ស្ថិតក្រោម​យុត្តាធិការ​បុគ្គល​នៃ​ច្បាប់​របស់​ អ.វ.ត.ក ទេ ពោល​គឺ​មិនមែន​ជា​មេដឹកនាំ​កំពូល​នៃ​របប​ខ្មែរក្រហម ឬ​អ្នកទទួល​ខុសត្រូវ​ខ្ពស់​បំផុត​នៃ​បទឧក្រិដ្ឋ​៕