សៀមរាបៈ សមាជិកសមាជិកាចំនួន ៣៥០ នាក់ នៃគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កាលពីម្សិលមិញបានសម្រេចជ្រើសរើសបញ្ចូលបន្ថែមសមាជិកថ្មីចំនួន ២០ រូប បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ២ ថ្ងៃ នៅក្នុង ខេត្តសៀមរាប។
យោងតាមហ្វេសប៊ុក ស.ស.យ.ក. នៅថ្ងៃអាទិត្យម្សិលមិញ បញ្ជាក់ថា៖ «ការបន្ថែមសមាជិកថ្មីនេះគឺដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនជាបន្តបន្ទាប់នៃចំនួនសមាជិកទូទាំងប្រទេស ក៏ដូចជាការកើនឡើងនៃភារកិច្ច និងការទទួលខុសត្រូវរបស់ ស.ស.យ.ក ក្នុងការឆ្លើយតបទៅនឹងការវិវឌ្ឍជាក់ស្តែងនៃសង្គម ជាពិសេសក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ និងដើម្បីត្រៀមខ្លួនចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការឈានឆ្ពោះទៅសម្រេចឲ្យបាននូវចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០»។
លោក សោម រតនា សមាជិក (ស.ស.យ.ក) បានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា ស.ស.យ.ក នឹងអាចទាក់ទាញយុវជនឲ្យចូលរួមកាន់តែច្រើន ពីព្រោះសមាជិក ស.ស.យ.ក ហាក់បីដូចជាមានការប្រឹងប្រែងខ្ពស់ ហើយ ស.ស.យ.ក ចង់ពង្រីកយន្តការទាក់ទាញយុវជនឲ្យបានទូលំទូលាយថែមទៀត និងការផ្តល់ឱកាសដក់ពួកគាត់កាន់តែច្រើន។
លោក រតនា បញ្ជាក់ថា៖ «សម្រាប់ខ្ញុំ គិតថា វានឹងអាចជាឱកាសល្អសម្រាប់យុវជនយើង ដោយសារតែយើងក៏បានពិភាក្សាគ្នាពីរឿងថា ត្រូវបង្កើតភាពជាដៃគូ ជាមួយនឹងខាងឯកជន និងវិស័យសាធារណៈ ហើយជាមួយនឹងអន្តរជាតិទៀតដើម្បីបង្កើតឱកាសឱ្យយុវជន ព្រោះកន្លងមក យើងធ្វើនៅក្នុងក្របខ័ណ្ឌត្រឹមតែប្រទេស ការងារស្ម័គ្រចិត្តខ្លួនឯងទេ កិច្ចប្រជុំនេះ នឹងពង្រីកលទ្ធភាពភាពជាដៃគូដើម្បីបង្កើតជាវេទិកាឲ្យយុវជនកាន់តែមានឱកាសអភិវឌ្ឍខ្លួនឯង»៕