ភ្នំពេញៈ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស.ស.ស.ក) ​បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន និង​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ត្រូវ​ចូលរួម​ពង្រឹង​ក្រមសីលធម៌ និង​សុជីវធម៌​ក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​មាន​សុក្រឹតភាព ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​របស់​អ្នក​សារព័ត៌មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

សេចក្ដីអំពាវនាវ​របស់ ស.ស.ស.ក បាន​ឱ្យដឹងថា​៖ «​យើង​មាន​ចំណែក​ជា​ភាគហ៊ុន​នៅក្នុង​សង្គមជាតិ​របស់​យើង​។ ការផ្សាយ​ព័ត៌មាន​មួយ​គឺ​វា​ងាយស្រួល​ណាស់ ប៉ុន្តែ​ការផ្សាយ​អំពី​មុខមាត់​ប្រទេស​ជាតិ គួរតែ​ត្រូវ​បានគិត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​។ យើង​គួរតែ​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ហ្មត់ចត់​បំផុត​ថា រូបភាព និង​ខ្លឹមសារ​ដែល​ខ្លួន​បាន​ផ្សាយ​ចេញ​ទៅ​បាន​បម្រើ​ឱ្យ​គោលដៅ​អ្វី មាន​សារប្រយោជន៍​ ឬ​វា​ជា​ការបំផ្លាញ​តម្លៃ​សាមគ្គី​ប្រជាជន បំផ្លាញ​មុខមាត់ និង​តម្លៃ​ជាតិ​រួម​របស់​យើង​? អ្នក​ជា​វិចិត្រករ​ចូលរួម​គូររូបភាព​ប្រទេសជាតិ​របស់​អ្នក​ដែល​បង្ហាញ​នូវ​តម្លៃ​អារ្យធម៌ និង​ភាពស៊ីវិល័យ​របស់​ប្រទេស​ជាតិ​យើង​ទាំងមូល​ផងដែរ​»​។

ស.ស.ស.ក កាលពី​ថ្ងៃទី​ ១ ខែ​មេសា​ បាន​លើកឡើង​ថា សម្រាប់​ប្រទេស​កម្ពុជា​ក៏​ដូចជា​ពិភពលោក​ទាំងមូល​ដែរ គឺ​ត្រូវការ​ការចូលរួម​ផ្សព្វផ្សាយ​បញ្ជ្រាប​ការយល់ដឹង​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​​កូវីដ​១៩​។ ប៉ុន្ដែ​ក្នុងពេល​ថ្មីៗ​នេះ​ ស.ស.ស.ក កត់សម្គាល់​ឃើញ​មាន​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​តាមរយៈ​បណ្តាញសង្គម Facebook, YouTube និង TikTok បាននិង​កំពុង​កើនឡើង​រហូត​។ សកម្មភាព​នៃ​ការបង្កើត​ព័ត៌មាន​ក្លែងក្លាយ​ក្រសួង​ព័ត៌មាន​ក៏បាន​សម្រេចចិត្ត​តាមផ្លូវ​ច្បាប់​លុប​អាជ្ញាប័ណ្ណ​អង្គភាព​សារព័ត៌មាន​មួយចំនួន​ផងដែរ​។

ស.ស.ស.ក ថ្លែងថា​៖ «​អ្នកសារព័ត៌មាន រួមទាំង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម សូម​ចូលរួម​ដោយ​មនសិការ ចៀសវាង​ឆក់​ឱកាស​នៅក្នុង​គ្រា​លំបាក​នេះ​បង្កើត និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ព័ត៌មាន​បំពុល​ដែល​នាំឱ្យ​មាន​ការយល់​ខុស​បង្កើត​ទោសកំហុស​ឱ្យ​ខ្លួនឯង និង​បង្កើត​ភាពអាប់អួ​ក្នុងសង្គម​»​។

ស.ស.ស.ក ក៏បាន​ទទួលស្គាល់​ពហុមតិ​គឺជា​សួនច្បារ​នៃ​ប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​បើ​ពហុមតិ​ពោរពេញ​ដោយ​ការប្រមាថ ការបំភ្លៃ និង​ការបំពុល​នោះ​គឺជា​ទង្វើ​ដែល​នាំឱ្យ​អាប់ឱន​ដល់​កិត្តិយស​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជាតិ និង​ជា​មេរោគ​សង្គម​ទៅវិញ​ទេ​។ បញ្ហា​ឥឡូវនេះ មិនមែន​គ្មាន​លម្ហ​សេរីភាព​សារព័ត៌មាន និង​ការបញ្ចេញមតិ​នោះទេ​។ ប៉ុន្តែ​គឺ​បញ្ហា​​ប្រើប្រាស់​សិទ្ធិសេរីភាព​ហួស​ព្រំដែន ប៉ាតណាប៉ាតណី ខ្វះ​ការទទួល​ខុសត្រូវ និង​គ្មាន​សុជីវធម៌​។

ស.ស.ស.ក បញ្ជាក់​ថា​៖ «​ភាសា​ប្រមាថ​ចំពោះ​អ្នក​ចាក់​វ៉ាក់សាំង​ថា ជា​សត្វ​ត្រូវគេ​ពិសោធ និង​ការប្រឌិត​ព័ត៌មាន​ចំពោះ​អ្នកស្លាប់​ថា ស្លាប់​ដោយសារ​ការចាក់​វ៉ាក់សាំង​នេះ គឺជា​ទង្វើ​អសីលធម៌​អាក្រក់​ហួសហេតុ​»​។

ស.ស.ស.ក បាន​ឱ្យ​ដឹងថា អ្នកសារព័ត៌មាន​គួរ​ចាត់ទុក​ខ្លួនឯង​ជា​បញ្ញវ័ន្ត ហើយ​បញ្ញវ័ន្ត ដែល​មាន​ចំណេះដឹង ដែល​ចេះ​ក្រែង និង​ចេះ​មាន​ភាពខ្មាសអៀន​នឹង​មិន​បញ្ចេញមតិ​គំនិត​យោបល់​ប៉ាតណាប៉ាតណី​​នោះទេ​។

លោក ផុស សុវណ្ណ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មានវិទ្យា និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន​ថ្លែង​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ក្រសួង​ព័ត៌មាន​បាន​រកឃើញ​ប្រភព​ព័ត៌មាន​នានា ដោយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ ញុះញង់ រិះគន់ និង​ជេរប្រមាថ​ថ្នាក់ដឹកនាំ ចំនួន ១៩២ ​ករណី​ក្នុង​ខែមីនា ឆ្នាំ​ ២០២១ ​នេះ​ក្នុង​នោះ​បាន​លុប​អាជ្ញាប័ណ្ណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៣ ដែល​ផ្សាយ​បំពាន​ច្បាប់​ធ្ងន់ធ្ងរ​។

លោក​ថ្លែងថា​៖ «​គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​មាន​ឈ្មោះ​ចុះបញ្ជី​ត្រឹមត្រូវ​គឺ​យើង​ប្រាប់​ឱ្យធ្វើ​ការកែតម្រូវ ឬ​ដក​ព័ត៌មាន​នោះ​ចេញ​។ គណនី​បណ្ដាញ​ទំនាក់ទំនង​សង្គម​ដែល​គ្មាន​ការចុះបញ្ជី​ផ្លូវការ​ត្រឹមត្រូវ​យើង​បាន​បញ្ជូន​ទៅ​ក្រសួងមហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ពិនិត្យ​ស្រាវជ្រាវ​ចាត់ការ​តាមច្បាប់​»​។

ទោះជា​យ៉ាងណា​ក៏ដោយ​សមាគម​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (​ខេមបូចា​) បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ៣០ ខែមីនា​ កន្លង​មក​នេះ​ បានចេញ​ផ្សាយ​របាយការណ៍​ដំបូង​អំពី «​ស្ថានភាព​អ្នកសារព័ត៌មាន​កម្ពុជា​ឆ្នាំ​ ២០២០» បាន​រកឃើញថា អ្នក​សារព័ត៌មាន​ភាគច្រើន​ដែល​ត្រូវបាន​ចាប់ខ្លួន​ក្នុង​ឆ្នាំ​ ២០២០ ​ត្រូវបាន​ចោទប្រកាន់​ពី​បទញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ជំរិត​ទារប្រាក់​។

ខេមបូចា ឱ្យដឹងថា​៖ «​ភាពញឹកញាប់​នៃ​ការយាយី​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​ដែលជា​រឿយៗ​ត្រូវបាន​គេ​ដៅ​ដោយ​អយុត្តិធម៌​ចំពោះ​ការអនុវត្ត​សិទ្ធិ​ស្របច្បាប់ និង​សេរីភាព​របស់​ពួកគេ​នៅក្នុង​ការរាយការណ៍​ព័ត៌មាន​»​។​យ៉ាងហោចណាស់​អ្នក​សារព័ត៌មាន​ ៧២ ​នាក់​ ទទួលរង​ការយាយី​ក្នុង​ឆ្នាំ​ ២០២០៕