ភ្នំពេញៈ សហភាព​អឺរ៉ុប​បា​ន​ចេញ​សេច​ក្តី​ប្រកាស​​ចាប់​ផ្ដើម​នីតិ​វិធី​ផ្អាក​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «អ្វី​គ្រប់​យ៉ាង​លើក​លែង​​តែ​អាវុធ» (EBA) ពី​កម្ពុជា​ហើយ​ កាល​ពីម្សិលមិញ ប៉ុន្តែ​ស្ថាប័ន​អន្តរ​ជាតិ​ដែ​ល​​បណ្តុំ​ទៅ​ដោយ​ប្រទេស​ចំនួន​ ២៨​ មួយ​នេះ នៅ​​រង់​ចាំ​មើល​ការ​ឆ្លើយ​តប​ជា​វិជ្ជ​មាន​ពីភាគី​កម្ពុជា​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើ​រឡើង​នូវ​ដំណើរ​ការ​គោរព​សិទ្ធិ​មនុ​ស្ស​ និង​លទ្ធិប្រជា​ធិប​តេយ្យ​​មុន​នឹ​ង​ឈាន​ដល់​ការ​សម្រេច​​ចុង​ក្រោយ។

បើ​តាម​​សេច​​ក្តី​ប្រកាស​ព័ត៌​​មាន​របស់​គណៈ​កម្មការ​​អឺរ៉ុប​​ ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ ការ​សម្រេច​ដក​ EBA អាច​នឹង​ត្រូវ​ធ្វើ​ឡើង​ ប្រសិន​បើ​ប្រទេស​ដែល​ទទួល​ផល​បរាជ័យ​ក្នុង​កា​រ​​គោរព​សិទ្ធិ​ជាមូល​ដ្ឋាន​ និង​សិ​ទ្ធិ​ការងារ។

ការ​ប្រកាស​ដំណើរ​ការ​​​នេះ​មិន​ទាន់​ដល់​ដំណា​​​ក់កាល​ដែល​មាន​ការ​ផ្អាក​​ប្រព័​ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​ទាំង​ស្រុង​ទេ ប៉ុន្តែ​ជា​ដំណើរ​ការ​មួយ​ដែល​​អាច​ឈាន​ដល់​ការ​ផ្អាក​ប្រសិ​ន​​បើ​គ្មាន​ភាព​ប្រសើ​រឡើង​ លើ​ផ្នែក​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ទេ​នោះ។ ដំណាក់​កាល​នេះស្ថិត​ក្នុង​អ្វី​ដែ​ល​សហភាព​អឺរ៉ុ​បហៅ​ថា «ការ​​ត្រួត​​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ និង​ទាម​ទារ​ឲ្យ​មាន​ការចូល​រួម​»។

សេចក្តី​ប្រកាស​ព័ត៌​​មាន​ដដែល​បញ្ជាក់​ថា គោលបំណង​នៃ​វិធាន​ការ​របស់​គណៈ​កម្មការ​អឺរ៉ុប​នេះ​ គឺ​ដើម្បី​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​ស្ថាន​ភាព​នៅ​ក្នុង​ប្រទេស​ ដែល​ទទួល​ផល​ពី ប្រព័ន្ធ​នេះ។

លោក​ស្រី Federica Mog​​herini តំណាង​ជាន់​ខ្ពស់ ​នៃ​សហ​ភាព​អឺរ៉ុប ​ទទួល​បន្ទុក​គោល​នយោ​បាយ​ការ​បរទេស​ និង​ជា​អនុ​ប្រធាន​គណៈ​កម្មការ​អឺរុប​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​​ប្រកាសព័ត៌​មាន​ថា​ ក្នុង​រយៈ​ពេល​ ៨ ខែចុង​ក្រោយ​នេះ លោក​ស្រី​​មើល​ឃើញ​មាន​ការ​ធ្វើ​ឲ្យ​ខូច​លទ្ធិ​ប្រជា​ធិប​តេយ្យ ការ​គោរព​សិទ្ធិមនុស្ស​ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ស្រី​ថា ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រដ្ឋា​ភិបាល​កម្ពុជា​ បាន​ធ្វើ​ឲ្យ​មាន​ភាព​វិជ្ជ​មាន​ខ្លះ​ រួម​មាន​ការ​ដោះ​លែង​អ្នក​ទោស​នយោ​បា​យ សកម្ម​ជន​សិទ្ធិ​មនុស្ស អ្នកសារព័​ត៌មាន និង​ដំណោះ​ស្រាយ​ខ្លះ លើ​ការរឹត​ត្បិត​លើ​ស​ង្គម​ស៊ីវិល និង​សហជីព។

ក៏ប៉ុន្តែ​លោក​ស្រី​ថ្លែង​បន្ត​ថា៖ «ទោះយ៉ាង​ណា​ប្រសិន​បើ​គ្មា​ន​​វិធាន​ការ​ជា​សរុប​ពីរដ្ឋាភិបាល​ទេ​នោះស្ថាន​ការណ៍​នៅ​នឹង​កន្លែង​​ជាក់​ស្ដែង​ ធ្វើឲ្យ​យើង​នៅ​មាន​ច​ម្ងល់អំពី​ការ​ចូល​រួម​របស់​ភា​គី​​កម្ពុជា​ លើរឿង​ EBA នេះ​»។

លោក​ស្រី​បញ្ជាក់​ថា សហ​ភាព​អឺរ៉ុប ​នៅ​តែ​ប្ដេជ្ញា​ បន្ត​ធ្វើ​ការ​ជា​មួយ​ដៃគូ​កម្ពុជា​ដើម្បី​ផ្ដល់​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា ដោយ​យក​លទ្ធិ​ប្រជា​​ធិប​តេយ្យការ​គោរព​សិទ្ធិ​មនុ​ស្ស​នៅ​កម្ពុជា​ជា «​បេះ​ដូង» នៃភាព​ជាដៃ​គូ​នេះ។

ស្រដៀង​គ្នា​នេះ លោក​ស្រី Malmstrom ប្រធាន​គណៈ​កម្មកា​រអឺរ៉ុ​ប ផ្នែក​ពាណិជ្ជ​កម្ម​ បាន​ថ្លែង​នៅ​ក្នុង​សេច​ក្តី​ប្រកាស​​​ព័ត៌​មាន​នេះ​ដែរ​ថា វា​មិន​ទាន់​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ទេ ប៉ុន្តែ​នាឡិកា​បាន​ចាប់​ផ្ដើម​ដើរ​ហើយ ហើយ​សហភាព​អឺរ៉ុប​ ចង់​ឃើញ​មាន​វិធាន​ការ​ជាក់​ស្ដែង​ឆាប់ៗ​នេះ ពី​ភាគី​កម្ពុជា​។

លោក​ស្រីបន្ត​ថា ក្នុង​ដំណាក់​កាល​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ​នេះ សហ​ភាព​អឺរ៉ុ​ប ​ត្រៀម​ខ្លួន​ចូល​រួម​ជា​មួយ​ភាគី​កម្ពុជា ​ដើម្បី​រក​ដំណោះ​ស្រាយ​ទៅ​មុខ​ទៀត​។ លោក​ស្រី​​បាន​ពន្យល់​​ថា សហ​ភាព​អឺរ៉ុប​ ផ្ដល់​ភាព​អនុ​គ្រោះ​ពន្ធ​ ដល់​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិច​តួច ដើម្បី​ឲ្យ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេ​ស​​ដែល​ទទួល​បាន EBA នេះ ​មាន​សេដ្ឋ​កិច្ច​រីក​ចម្រើន។ ប៉ុន្តែ​ក្នុង​ការ​ផ្ដល់​នេះ ទាម​ទារ​ឲ្យ​ប្រទេស​ដែល​ទទួល​បាន​ប្រព័ន្ធ​នេះ​ គោរព​គោល​ការណ៍​ចម្បង​មួយ​ចំនួន។

លោក​ស្រី​ថ្លែង​ថា​៖ «ការ​ចូល​រួម​របស់​យើង​ក្នុង​ស្ថាន​ការណ៍​នៅ​កម្ពុជា​ បាន​នាំ​ឲ្យ​យើង​សន្និ​ដ្ឋាន​ថា មាន​កង្វះ​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ពេល​យើង​និយាយ​រឿង​សិទ្ធិម​នុស្ស​ និង​សិទ្ធិការ​ងារ​នៅ​កម្ពុជា​ ដែល​រដ្ឋាភិបាល​ ត្រូវតែ​ដោះ​ស្រាយ ប្រសិន​បើ​ខ្លួន​ចង់​រក្សា​ការ​ទទួល​បាន​បុព្វសិទ្ធិ​របស់​ប្រទេស​នេះ​ក្នុង​ការ​​នាំ​មចូល​ទៅទីផ្សារ​អឺរ៉ុប»។

សេចក្តី​ប្រកាសព័ត៌​មាន​បា​ន​​គូស​បញ្ជា​ក់​ថា គិត​ចាប់​ពីថ្ងៃ​នេះ​ទៅមាន​រយៈ​ពេល​ ៦ ​ខែ​ សម្រាប់​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​​ចិត្ត​ទុក​ដាក់ និង​ដើម្បី​ពិភា​ក្សា​ជាមួយ​ភាគី​កម្ពុជា។ បន្ទាប់​មក​ មាន​រយៈ​ពេល ៣ ខែ​ទៀត​ ដែល​សហ​ភាព​អឺរ៉ុប​ត្រូវ​ចំណា​យ​លើការ​រៀប​ចំ​របាយ​ការណ៍​។ គណៈ​កម្មការ​អឺរ៉ុប ​នឹង​សម្រេច​ក្នុង​រយៈ​ពេល​ ១២ ​ខែ​គិត​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​តទៅ​ថា​ តើ​ត្រូវ​ផ្អាក​​ EBA ឬ​អត់ រួម​ទាំង​ការសម្រេច​ថា​ ការ​ផ្អាក​​នោះ​ស្ថិត​ក្នុង​ទំហំ​ប៉ុនណាឬរយៈ​ពេល​យូរ​ប៉ុនណា។

ទោះយ៉ាង​ណា ការ​ផ្អាក​​ជា​ផ្លូវ​ការ ឬការ​ចាប់​ផ្ដើម​យក​ពន្ធ​ពី​កម្ពុជា អាច​ចាប់​ផ្ដើម​ ៦ ​ខែក្រោយ​ការ​សម្រេច ឬ​ ១៨ ខែគិត​ចាប់​ពីថ្ងៃ​​ម្សិលមិញ។

លោក ​ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រា​ជ​រដ្ឋាភិបាល​មិន​អាច​ទាក់​ទង​សុំ​អធិប្បាយ​បាន​ទេ កាល​ពី​យប់​មិញ​ដោយ​ទូរ​ស័​ព្ទ​របស់​លោក​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែលោក កាំង ម៉ូនីកា អគ្គលេខាធិការរង ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​​ថ្លែង​ថា​ លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​​អ្វី​ទេ ចំពោះ​ការ​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​នេះ ពីព្រោះ​​នេះ វាគ្រាន់​តែជាការ​ចាប់​ផ្ដើម​នៃ​នីតិវិធី​ប៉ុណ្ណោះ​ ដែល​លោក​ថា​ វា​មាន​ពេល ១៨ ខែក្នុង​ ការ​ធ្វើ​ការ​រហូត​ឈាន​ដល់​ការ​សម្រេ​ច​ចិត្ត​ជា​លើក​ចុង​ក្រោយ។

លោក​​បញ្ជា​ក់​ថា៖ «ជា​ការ​ពិត​យើង​មាន​ការ​ព្រួយ​បារម្ភ​ ពី​ផល​ប៉ះពាល់​ហើយ ប៉ុន្ដែ​ជា​ជាង​ការ​ព្រួយ​បារម្ភ​នេះ គឺ​យើង​ផ្ដោត​កាយ​ក​ចិត្ត​ទុក​ដាក់​ ទៅ​លើ​កំណែ​ទម្រង់ ហើយ​យើង​កំពុង​ធ្វើ​ការ​យ៉ាង​ស្អិត​ល្មួត​ ជាមួយ​រាជ​រដ្ឋាភិបាល​ថា តើ​ ចំណុច​ណា​ខ្លះ​ ដែល​យើងត្រូវ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​កាត់​បន្ថយ​ថ្លៃ​ដើម​នេះ ក្នុង​ករណី​ក្រោយ ១៨ ​ខែ​ទៅ EBA ហ្នឹង​ត្រូវ​បាន​ដក​ជា​ផ្លូវការ»។

ចំណែក​លោក គិន ភា ប្រធា​ន​​​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា​ ​យល់​ឃើញ​ថា ប្រសិន​មា​ន​​ការ​ផ្អាក EBA ពី​​កម្ពុជា​នោះ​ គឺ​វា​នឹង​បង្ហាញ​ថា ស្ថាន​ភាព​នៃ​ទំនាក់ទំនង​រវាង​សហ​ភាព​អឺរ៉ុប​ និង​កម្ពុជា មាន​ការ​ធ្លាក់​ចុះ ប៉ុន្ដែ​លោក​មិន​ទាន់​ដឹង​ថា ​វា​ធ្លាក់​ចុះដល់​​កម្រិត​ណា​​នោះ​​ទេ។

លោកថ្លែង​ថា ការ​ដក​នេះ គឺវា​ហាក់​ដូច​ជា​កំពុង​ផ្សា​រភ្ជាប់​របៀប​វារៈនយោ​បាយ​ ពីព្រោះ​បើគេ​មើល​ជាក់​ស្ដែង​ លើ​ស្ថាន​ភាព​កម្ពុជា បើ​ប្រៀប​ធៀប​​ទៅ​នឹង​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ាន គឺ​កម្ពុជា​ មិន​ទាន់​ដល់​កម្រិត​មួយ​ ដែល​មាន​ហានីភ័យ​ផ្នែក​នយោ​បាយ ឬ​ផ្នែក​សិទ្ធិ​មនុស្ស​​ដូច​ការ​លើក​ឡើង​របស់​សហភាព​អឺ​រ៉ុប​នោះ​ទេ។ លោក​បន្ត​ថា​ ការ​លើក​យក​ហេតុ​ផល​សិទ្ធិ​មនុស្សឬ​នយោ​បាយ ​មក​ធ្វើ​ជាមូល​ដ្ឋាន​ ក្នុង​ការ​ផ្អាក​ EBA នេះ គឺ​ជា​រឿង​អយុត្តិ​ធម៌​មួយ ដែល​សហ​ភាព​អឺរ៉ុប​មិន​ព្រម​ព្យាយាម​ស្វែង​យល់​​ឲ្យ​បាន​ច្បាស់​។

លោក ​គិន ភា ​បញ្ជាក់​ថា​៖ ​«ករណី​ផ្អាក​នេះ តិច ឬ​ច្រើន​ វា​នឹង​មាន​ការ​ប្រឈម​នៃ​សុខភាព​សេដ្ឋ​កិច្ច​កម្ពុជា​ទាំង​មូល​ យើង​ពិនិត្យ​មើល គឺ​ផលិត​ផល​ភាគ​ច្រើន គឺ​នាំ​ទៅ​កាន់​ទី​ផ្សារ​អាមេ​រិក និង​អឺរ៉ុប ហើយ​វា​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​ឧត្តមភាព​ នៃ​ការ​ប្រកួត​ប្រជែង គឺមិន​មែន​យើង​បាត់​បង់​ទីផ្សា​រទេ គឺ​យើង​នៅ​តែ​អាច​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប​ដដែល តែ​យើង​ត្រូវ​បង់​ពន្ធ​ពេញ​ទៅ​តាម​ការ​កំណត់​របស់​គេ»។

លោក​បន្ថែម​ថា អ្វី​ដែល​កម្ពុ​ជា​គួ​រ​ធ្វើ​នាពេល​នេះ​ គឺ​រដ្ឋាភិបាល​ បាន​ធ្វើ​រួច​ហើយ​ ដោយ​បាន​ធ្វើ​កំណែ​ទម្រង់​ផ្ទៃ​ក្នុង និង​ការ​លុប​ចោល​នូវ​ស្ថាប័ន​មួយ​ចំនួន។

លោក ​ភា​ ​បញ្ជាក់​​ថា​ ក្នុង​នោះ​រដ្ឋាភិបាល​ ត្រូវ​សម្លឹង​មើល​ប្រទេស​នៅ​ក្នុង​តំបន់​ ឬ​ក្រៅ​តំបន់ ក្រៅ​ពី​អឺរ៉ុប និង​អាមេរិក​ គឺ​ដូច​ជា ចិន ជប៉ុន កូរ៉េខាង​ត្បូង រុស្ស៊ី និង​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត គឺ​ពួក​គាត់​​អាច​នឹង​ជួយ​សង្គ្រោះ​កម្ពុជា​បាន​នាពេល​អនាគត៕