ភ្នំពេញៈ សហភាព​អឺរ៉ុប​បាន​ប្រកាស​ថា​នឹង​មាន​បេសកកម្ម​មួយ​មក​កម្ពុជា​ដើម្បី​តាមដាន​គម្រោង​អនុគ្រោះ​ពន្ធ​របស់​ខ្លួន ខណៈ​លម្ហ​សេរីភាព​នៅ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​ខ្លួន​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុង​ដើរ​ថយក្រោយ​។

ឆ្លើយតប​នឹង​សំណួរ​សមាជិក​សភា​អំពី​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា លោកស្រី Federica Mogherini Mogherini អនុប្រធាន​សភា​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ការគោរព​សិទ្ធិមនុស្ស​ និង​សេរីភាព​មូលដ្ឋាន​គឺជា​ផ្នែក​មួយ​​នៃ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​អឺរ៉ុប និង​ជា​មូលដ្ឋាន​ច្បាប់​សម្រាប់​ការអនុគ្រោះ​ពាណិជ្ជកម្ម​របស់​យើង​»​។

លោកស្រី​បាន​សរសេរ​ថា​៖ «​បេសកកម្ម​ពិសេស​សម្រាប់​ការតាមដាន​គម្រោង​អនុគ្រោះ​ពន្ធ​ (GSP) ត្រូវ​បាន​មើលឃើញ​​ជា​មុន​នៅ​ឆ្នាំ​ ២០១៨»​។

គម្រោង​អនុគ្រោះ​ពន្ធ​ (GSP) ​របស់​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​នាំចូល​រួច​ពន្ធ​ទៅក្នុង​ទីផ្សារ​អឺរ៉ុប​ក្រោម​គម្រោង​​នាំចូល​ទំនិញ​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​ (EBA)​។

សំណួរ​មួយ​ដែល​ត្រូវ​បាន​ស្នើ​ដោយ​សមាជិក​សភា​ឈ្មោះ Ramon Tremosa I Balcells ជា​ការ​ឆ្លើយតប​នឹង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Mogherini ដែល​មិន​ទាន់​ត្រូវ​បាន​ចេញផ្សាយ​នៅ​ឡើយ ប៉ុន្តែ​ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​កាលពី​ថ្ងៃ​ចន្ទ​បាន​បង្ហាញ​ថា​បេសកកម្ម​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​មិថុនា ហើយ​សួរ​ថា​តើ​លទ្ធផល​នៃ​ «​បេសកកម្ម​មក​កម្ពុជា​ដើម្បី​ស្វែងរក​ការពិត​នា​ខែមិថុនា​» ​នឹង​ត្រូវ​ចេញ​ផ្សាយ​ជា​សាធារណៈ​ឬ​អត់​?

សំណួរ​ដែល​ស្នើ​ពិភាក្សា​ក៏​បាន​សូម​ឲ្យ​បេសកកម្ម​នេះ​បញ្ជាក់​ផង​ដែរ​ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប​ត្រូវ​បាន​បដិសេធ​​មិន​ឲ្យ​ទៅ​ជួប​លោក កឹម សុខា ដែល​ជា​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​។

តំណាង​បេសកកម្ម​សហភាព​​អឺរ៉ុប​ និង​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា មិន​បាន​ឆ្លើយតប​នឹង​សំណើសុំ​អត្ថាធិប្បាយ​ទេ​កាលពី​ថ្ងៃ​ចន្ទ​។

អ្នក​ចូលរួម​ម្នាក់​ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ជំនួប​បិទ​ទ្វារ​រវាង​គណៈកម្មការ​អឺរ៉ុប​ និង​សភា​អឺរ៉ុប​​កាលពី​ថ្ងៃទី​ ២៥ ខែ​មេសា​បាន​ថ្លែង​ថា​គណៈកម្មការ​នេះ​បាន​ប្រាប់​អ្នក​ចូលរួម​ថា ពួកគេ​នឹង​មាន​បេសកកម្ម​ស្វែងរក​ការពិត​ដំបូង​មក​កម្ពុជា​នា​ខែ​មិថុនា​ហើយ​ជំហាន​បន្ដ​នឹង​ធ្វើ​ឡើង​ បន្ទាប់ពី​ការបោះឆ្នោត​។

លោក​បាន​ថ្លែង​ថា​៖ «​បន្ទាប់ពី​ការបោះឆ្នោត​ និង​ក៏​អាស្រ័យ​ផង​ដែរ​ទៅ​លើ​ដំណើរការ ពួកគេ​នឹង​ពិចារណា​វិធាន​ការដាក់​កំហិត​ផ្សេងៗ​»​។ «​ខ្ញុំ​គិត​ថា [​គណៈកម្មការ​អឺរ៉ុប​] ​កំពុង​មាន​អារម្មណ៍​ថា ស្ថានភាព​លែង​ទទួល​​បាន​ដូច​មុន​ទៀត​ហើយ​»​។

បើ​ទោះបី​ជា​អ្នក​ចូលរួម​បាន​និយាយ​ថា​គណៈកម្មការ​នេះ​មិន​បាន​លើក​ឡើង​អំពី​វិធានការ​រឹងមាំ​ណា​មួយ​ក្ដី ប៉ុន្តែ​​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​បាន​អំពាវនាវ​ឲ្យ​ដាក់​កំហិត​ទិដ្ឋាការ​ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​រដ្ឋាភិបាល​ជាន់ខ្ពស់​ជា​ការឆ្លើយតប​នឹង​ការបង្ក្រាប​ទៅ​លើ​គណបក្សប្រឆាំង សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។ ​ក្រោម​កិច្ចព្រមព្រៀង GSP​នេះ ការអនុគ្រោះ​ពន្ធចំពោះ​កម្ពុជា​​អាច​ត្រូវ​ដក​ជា​បណ្តោះអាសន្ន​ ឬ​ទាំងស្រុង បើ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​។

បើ​តាម​របាយការណ៍​ឆ្នាំ​ ២០១៦‑២០១៧ របស់​សហភាព​អឺរ៉ុប​ចេញ​ផ្សាយ​កាលពី​ខែ​មករា​បាន​​ឲ្យ​ដឹង​ថា កម្ពុជា​ជា​អ្នក​ទទួល​អត្ថប្រយោជន៍​ធំ​បំផុត​ទី​ ២ នៃ​គម្រោង​នាំចូល​ផលិតផល​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​ បន្ទាប់ពី​បង់ក្លាដែស​។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ខែ​មករា​សហភាព​អឺរ៉ុប​បាន​លើក​ឡើង​ពី​ការពិនិត្យ​ខ្លាំង​ឡើង​នៅក្នុង​លក្ខណៈ​​ជា​ទម្រង់​បេសកកម្ម​តាមដាន​ GSP ​រយៈពេល​ ២ ​ឆ្នាំ​សម្រាប់​ប្រទេស​នានា​ក្នុង​នោះ​ «​កិច្ចខិតខំ​ប្រឹងប្រែង​ខ្លាំង​ឡើង​តម្រូវ​ឲ្យ​មាន​ដោយសារ​ការខ្វះខាត​ធ្ងន់ធ្ងរ​ជាង​មុន​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​បាន​បង្ហាញ​ថា សហភាព​អឺរ៉ុប​បាន​ចាប់ផ្តើម​ «​បង្កើន​ដំណើរការ​តាមដាន​EBA» ​ចំពោះ​ប្រទេស​​បង់ក្លាដែស​ និង​កម្ពុជា​។

អ្នក​ជំនាញ​ស្តីពី​នយោបាយ​កម្ពុជា​នៅ​សាកលវិទ្យាល័យ Lund ​លោកស្រី Astrid Norén-Nilsson បាន​ថ្លែង​ថា ការព្យួរ​ដោយ​ផ្នែក​នៃ​កិច្ចព្រមព្រៀង​អាច​កើតមាន​។

លោកស្រី​បន្ត​ថា​៖ «​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល​ប្រសិន​បើ​សហភាព​អឺរ៉ុប​ព្យួរ​គម្រោង​ EBA ​ទាំង​ស្រុង ។ ប៉ុន្តែ​វា​អាច​ទៅ​រួច​ថា សហភាព​អឺរ៉ុប​ព្យួរ​គម្រោង​នេះ​មួយ​ផ្នែក​បន្ទាប់ពី​បោះឆ្នោត​»​។

អ្នកស្រាវជ្រាវ​បញ្ហា​សង្គម​​ និង​អ្នកវិភាគ​នយោបាយ​លោក មាស នី បាន​ថ្លែង​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចង​ទៅ​នឹង​សិទ្ធិមនុស្ស ហើយ​អាច​ព្យួរ​ក្នុង​ករណី​មាន​ការ​រំលោភបំពាន​។ ទោះ​យ៉ាង​ណា​ក្តី​លោក​បាន​ថ្លែង​ថា​ពេលវេលា​គឺ​សំខាន់​»​។ ពួកគេ​ត្រូវ​រង់ចាំ​រហូត​ដល់​ក្រោយ​ការបោះឆ្នោត​»​។

លោក​បាន​បញ្ជាក់​ថា​៖ «​ក្នុង​ករណី​រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​នោះ​នឹង​អាច​មាន​ការដាក់​ទណ្ឌកម្ម​»​។

អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​ព្រមាន​ថា​នឹង​អាច​មាន​ការដាក់​ទណ្ឌកម្ម​លើ​គម្រោង​នាំ​ចូល​ផលិតផល​គ្រប់​ប្រភេទ​លើកលែង​តែ​អាវុធ​។

លោក​ថា​៖ «​ការព្យួរ​គម្រោង​ EBA ​គឺ​វា​ដូច​នឹង​ការដាក់​ទោសទណ្ឌ​ទៅ​លើ​កម្មករ ផលិតករ និង​អ្នក​នាំចេញ ហើយ​មិនមែន​ជា​ការដាក់​ទោសទណ្ឌ​ទៅ​លើ​អ្នក​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ស្ថានភាព​នយោបាយ​កម្ពុជា​ទេ​។ វា​មិន​ត្រឹមត្រូវ​ទេ ហើយ​ក៏​មិនមែន​ជា​សីលធម៌​ដែរ​ក្នុង​ការ​ធ្វើ​ដូច្នេះ​»​។ យ៉ាង​ណា​ក៏ដោយ​លោក​ថា​៖ «​អ្នក​ដែល​ធ្វើ​ខុស​ពិតប្រាកដ​គួរ​ត្រូវ​ដាក់​ទោសទណ្ឌ​។ ពួកគេ​គួរ​ត្រូវ​បាន​បន្ទោស​ និង​ធ្វើឲ្យ​អាម៉ាស់​ និង​មិន​ឲ្យ​ចូលរួម​វេទិកា​អន្តរជាតិ​»៕ PS