ភ្នំពេញៈ ពលរដ្ឋ​ខ្មែរ​ចំនួន​ ៣០ ​នាក់​ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​សម្រេច​បញ្ជូន​ត្រឡប់​មកកាន់​ប្រទេស​កម្ពុជា​វិញ ពួកគេ​បាន​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ​កាលពី​ថ្ងៃទី​ ២២ ខែ​សីហា ឆ្នាំ​ ២០១៨​។

លោក ប្រុក ម៉ៃឧត្តម អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​នៃ​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា​៖ «​ពួកគេ​បាន​មក​ដល់​ព្រលានយន្តហោះ​កាលពី​ថ្ងៃ​ពុធ​នៅ​វេលា​ម៉ោង​ ៨ ​ព្រឹក​។ ពួកគេ​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ជូន​មក​ពេល​នេះ​គឺ​មាន​ចំនួន​ ៣០ ​នាក់​។ សុខភាព​របស់​ពួកគេ​ល្អ​អាច​ធ្វើ​ដំណើរ​បាន នេះ​បើ​ផ្អែក​លើ​របាយការណ៍​របស់​យើង​»​។

លោក ម៉ៃឧត្តម ថ្លែង​ថា​អ្នក​ដែល​ត្រូវ​បញ្ជូន​មក​មួយ​ចំនួន​មិន​ទាន់​បាន​ទំនាក់ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ​ដែល​រស់នៅ​កម្ពុជា​នៅ​ឡើយ​ទេ​។

លោក​ថ្លែង​ថា​៖ «​យើង​មិន​ទាន់​បាន​បែងចែក​ ឬ​ស្វែងរក​សាច់ញាតិ និង​ក្រុមគ្រួសារ​របស់​ពួកគេ​ទេ​។ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​បាន​ជួយ​មើលថែ​ និង​ជួយ​ស្វែងរក​ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​ពួកគេ ហើយ​យើង​ក៏​ជួយ​ពួកគេ​ដែរ​។ ពួកគេ​នឹង​ស្នាក់នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ​រយៈពេល​ ៣ ​ខែ​។ តាម​រូបរាង​ខាង​ក្រៅ​ពួកគេ​មើល​ទៅ​គឺ​សុខ​សប្បាយ​ជាធម្មតា​ទេ ប៉ុន្តែ​យើង​មិន​ដឹង​ថា​មាន​អ្វី​នៅ​ក្នុង​ចិត្ត​ និង​គំនិត​របស់​ពួកគេ​ទេ​ពីព្រោះ​ពួកគេ​បាន​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ចាប់​តាំងពី​ពួកគេ​នៅ​ក្មេងៗ​ហើយ​ពួកគេ​មាន​គ្រួសារ​របស់​ពួកគេ​»​។

លោក តាន់ សុនិច នាយក​ប្រតិបត្តិ​អង្គការ Khmer Vulnerability Aid Organization បាន​ឲ្យ​ដឹង​ថា មាន​ ៦ ​នាក់​បាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​របស់​ពួកគេ​រួច​ហើយ ហើយ​ ៦ ​នាក់​ផ្សេង​ទៀត​ដែល​នៅសល់​ពី​ការបញ្ជូន​មក​លើក​មុន​គឺ​កំពុង​នៅក្នុង​អង្គការ​នៅ​ឡើយ​។

​លោក​ថ្លែង​ថា​៖ «​យើង​នឹង​បន្ត​ជួយ​ពួកគេ និង​បង្រៀន​ពួកគេ​អំពី​វប្បធម៌​ហើយ​យើង​សង្ឃឹម​ថា ពួកគេ​នឹង​មិន​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ទេ​ដោយសារ​តែ​វា​ពិបាក​សម្រាប់​ពួកគេ​ក្នុង​ការ​សម្រប​ជីវិត​របស់​ពួកគេ​នៅ​ទី​នេះ​»​។

លោក សុនិច បាន​បន្ថែម​ថា​៖ «​យើង​មិន​ទាន់​ឃើញ​នរណា​ម្នាក់​មាន​បញ្ហា​សុខភាព​ទេ​។ យើង​នឹង​បន្ត​ស្វែងរក​ក្រុម​គ្រួសារ​ឲ្យ​ពួកគេ និង​បន្ត​ជួយ​ពួកគេ​រហូត​ដល់​ពួកគេ​អាច​ជួយ​ខ្លួន​​ឯង​បាន​»៕ NS