ភ្នំពេញៈ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា សហរដ្ឋអាមេរិក ប្តេជ្ញាចិត្ត​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ការខ្វះ​ទឹក​ និង​អាកាសធាតុ និង​ជួយ​ប្រទេស​កម្ពុជា​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ប្រកប​ដោយ​គុណភាព​ខ្ពស់​ថែមទៀត​។

ការថ្លែង​របស់លោក W. Patrick Murphy ធ្វើឡើង​ខណៈ​ដែល​លោក​ជួប​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ និង​ឧតុនិយម និង​លោក​ ឆាយ ថន រដ្ឋមន្ត្រី​ក្រសួង​ផែនការ​កាលពី​ថ្ងៃ​ចន្ទ​។

លោក W. Patrick Murphy បាន​សរសេរ​នៅលើ​បណ្តាញ Twitter របស់លោក​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​កិច្ចប្រជុំ​ប្រកប​ដោយ​បរិយាកាស​រីករាយ​ជាមួយ​ឯកឧត្តម​ លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ពិភាក្សា​អំពី​បញ្ហា​ទឹក និង​អាកាសធាតុ​សំខាន់ៗ​របស់​ប្រទេស​កម្ពុជា​។ សហរដ្ឋ​អាមេរិក​ប្តេជ្ញា​ជួយ​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទន្លេមេគង្គ​ក្រោម​ភាព​ជា​ដៃគូ​ប្រកបដោយ​និរន្តរភាព​ជាមួយ​គណៈកម្មការ​ទន្លេមេគង្គ និង​តាមរយៈ​ការផ្តល់​ការគាំទ្រ​ផ្សេងៗ​ទៀត​»​។

លោក W. Patrick Murphy បាន​សរសេរ​ថា​៖ «​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងផែនការ ឯកឧត្តម ឆាយ ថន នៅ​ថ្ងៃ​នេះ (​ថ្ងៃ​ចន្ទ​) បាន​ពិភាក្សា​អំពី​ការបន្ត​កិច្ចសហប្រតិបត្តិការ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​ធាតុ​ផ្សំ​សំខាន់ៗ​ដែល​ត្រូវការ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​បរទេស​ឱ្យ​មាន​គុណភាព​ខ្ពស់​បន្ថែមទៀត​»​។

លោកស្រី Emily Zeeberg ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ឆ្លើយតប​ដូច​ទៅ​នឹង​អ្វីដែល​លោក Murphy បាន​សរសេរ​នៅលើ​បណ្តាញ Twitter របស់លោក​។

លោក​ ចាន់ យុត្ថា ​អ្នក​នាំពាក្យ​ក្រសួង​ធនធានទឹក និង​លោក ណុប កនណាវុឌ្ឍ អ្នកនាំពាក្យ​ក្រសួង​ផែនការ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការបញ្ជាក់បន្ថែម​បានទេ​។

ទោះយ៉ាង​ណា​សារព័ត៌មាន Fresh News បាន​ស្រង់​សម្ដី​លោក ​លឹម គានហោ​ មក​ចុះផ្សាយ​ថា​លោក​រដ្ឋមន្ត្រី​រូបនេះ​បាន​ស្នើ​លោក W. Patrick Murphy ពិនិត្យ​លទ្ធភាព​ជួយ​ដល់​ក្រសួង​ធនធានទឹក ពិសេស​លើ​ការងារ​បច្ចេកទេស​។ ឆ្លើយតប​នឹង​សំណូមពរ​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក លោក​ឯកអគ្គរដ្ឋទូត​នឹង​ពិនិត្យ​លទ្ធភាព ដើម្បី​សហការ​ជាមួយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ពិសេស​លើ​ផ្នែក​បច្ចេកទេស​។

Fresh News ​ក៏បាន​ស្រង់​សម្ដី​លោក​ ​ឆាយ ថន ផងដែរ​ថា លោក​បានស្នើ​ឲ្យ​អាមេរិក​ជួយផ្តល់​កិច្ចសហប្រតិបត្តិ​ការពង្រឹង និង​កសាង​សមត្ថភាព​ធនធានមនុស្ស​របស់​កម្ពុជា​។ «​ក្នុងជំនួប​នោះដែរ សមភាគី​ទាំង​ ២ ​បាន​ប្តេជ្ញា​រួមគ្នា​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងផែនការ​ជាមួយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​ (USAID) ​រួម​នឹង​ដៃគូ​អភិវឌ្ឍន៍​មួយ​ចំនួន​ទៀត​រួមមាន UNFPA, UNICEF ផងដែរ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន MRC កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន​បញ្ជាក់ថា លំហូរ​ទឹក​នៅ​ស្ថានីយ​វារីអគ្គិសនី​ជីងហុង​ប្រទេស​ចិន​ត្រូវ​កាត់បន្ថយ​ជាង ៥០ ភាគរយ ដោយសារ​ការធ្វើ​តេស្ត​ឧបករណ៍​ទំនប់ទឹក​ចាប់ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ​៤ ខែ​មករា ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​កម្រិត​ទឹកទន្លេ​នៅក្នុង​ប្រទេស ​ថៃ ឡាវ និង​កម្ពុជា​។ នៅ​ប្រទេស ​កម្ពុជា កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ភ្នំពេញ កោះខែល និង​អ្នក​លឿង​នឹង​ធ្លាក់​ចុះ​ចន្លោះ​ពី ០.០២ ​ម៉ែត្រ ទៅ ០,២៥ ​ម៉ែត្រ​ចាប់ពី​ថ្ងៃទី​ ១៥ ​ដល់​ថ្ងៃទី​ ១៨ ខែមករា​៕