The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហ​មេធាវី ខៀវ សំផន អះអាង​ពី​ការ​គ្មាន​ភ័ស្តុតាង​ចោទ​កូន​ក្តី

សហ​មេធាវី ខៀវ សំផន អះអាង​ពី​ការ​គ្មាន​ភ័ស្តុតាង​ចោទ​កូន​ក្តី

សហ​មេធាវី ខៀវ សំផន អះអាង​ពី​ការ​គ្មាន​ភ័ស្តុតាង​ចោទ​កូន​ក្តី

131029_03
សហមេធាវីអន្តរជាតិរបស់លោក ខៀវ សំផន ធ្វើសេចក្តីសន្និដ្ឋានលើករណី ០០២/០១ អ.វ.ត.ក

ភ្នំពេញៈ សហ​មេធាវី​ការពារ​លោក ខៀវ សំផន បាន​បញ្ចប់​ការ​សន្និដ្ឋាន​បិទ​ករណី ០០២/០១ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម កាល​ពី​ម្សិលមិញ ដោយ​អះអាង​ដូច​គ្នា​នឹង​ថ្ងៃ សុក្រ ដែរ​ថា​ការ​ជំនុំ​ជម្រះ​ខ្វះ​ភ័ស្តុតាង​បញ្ជាក់​អំពី​ចេតនា​ប្រព្រឹត្ត​ល្មើស​របស់​កូន​ក្តី​របស់​ពួក​គេ។

ដោយ​រៀប​រាប់​ថា លោក ខៀវ សំផន ជា​បញ្ញវន្ត​បរិសុទ្ធ ដែល​ផ្តាច់​ចេញ​ពី​ផ្នែក​យោធា​និង​សន្តិសុខ​នៃ​របប​ខ្មែរ​ក្រហម ក្រុម​មេធាវី​ការពារ​ក្តី​បាន​ខិតខំ​លើក​នូវ​ភាព​ខ្វះ​ចន្លោះ ក្នុង​ចម្លើយ​ជា​សក្ខីកម្ម​របស់​សាក្សី ដែល​ព្រះ​រាជអាជ្ញា​ពឹង​ផ្អែក ដើម្បី​ផ្សារ​ភ្ជាប់ លោក ខៀវ សំផន ទៅ​នឹង​មុខ​តំណែង​ដែល​ចេញ​សេចក្តី​សម្រេច​ជាន់​ខ្ពស់។

លោក គង់ សំអុន សហ​មេធាវី​ជាតិ បាន​ថ្លែង​ប្រាប់​តុលាការ​ថា ជា​ពិសេស​តួនាទី​លោក ខៀវ សំផន ជា​ប្រមុខ​រដ្ឋ​គឺ​គ្រាន់​តែ​ជា​ងារ​ដែល​គេ​ប្រគល់​ទៅ​ឲ្យ​បញ្ញវន្ត​ដែល ប្រជាជន​ពេញ​ចិត្ត​រូប​នេះ​តែ​ប៉ុណ្ណោះ។

លោក Arthur Vercken សហ​មេធាវី​អន្តរជាតិ បាន​បន្ត​ថា ការ​រៀបរាប់​ដោយ​ព្រះ​រាជអាជ្ញា អំពី​ពួក​កុម្មុយនីស្ត​ដែល​ប្រែ​ក្លាយ​ប្រទេស​ជា​រដ្ឋ​ទាសករ ក្នុង​ខែ មេសា ឆ្នាំ ១៩៧៥ គឺជា​ការ​រៀប​រាប់​បែប​ងាយៗ។

លោក​បន្ត​ថា ដោយ​បំផ្លាញ​នូវ​បរិបទ​សង្គ្រាម​ត្រជាក់ ដែល​ជះ​ឥទិ្ធពល​លើ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា មុន​របប​កម្ពុជា​ប្រជាធិបតេយ្យ សំណុំ​រឿង​នេះ គឺ​ស្មើ​នឹង​ការ​ស្នើ​សុំ​អង្គ​ជំនុំ​ជម្រះ «វិនិច្ឆ័យ​ជន​ជាប់​ចោទ​ថា ចង់​បង្កើត​របប​កុម្មុយនីស្ត»។

លោក Vercken បាន​បន្ថែម​ដោយ​និយាយ​ថា ស្ថានការណ៍​នៅ​ចុង​បញ្ចប់​នៃ​របប​នេះ គឺ​ដូច​នៅ​ខែ មេសា ឆ្នាំ ១៩៧៥ ព្រះ​រាជអាជ្ញា​កំពុង​តែ «ប្រមាថ​ដល់...តក្កភាព​នៃ​ចំណុច​មូលដ្ឋាន​បំផុត»។

បន្ទាប់​មក​លោក​ស្រី Anta Guisse សហ​មេធាវី បាន​ចោទ​សួរ​អំពី​តួនាទី​របស់​លោក ខៀវ សំផន ក្នុង​ការ​សម្រេច​បង្ខំ​ប្រជាជន​ចេញ​ពី​ក្រុង​ភ្នំពេញ ដោយ​ផ្តោត​ជា​ពិសេស​លើ​សាក្សី​សំខាន់ៗ ដែល​ច្រឡំ​គ្នា​រវាង​ថ្ងៃ​ប្រជុំ​ធ្វើ​សេចក្តី​សម្រេច​ដែល​ថា​លោក ខៀវ សំផន បាន​ចូល​រួម។

លោក​ស្រី Guisse បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ដឹង​ថា តើ​ខ្ញុំ​ចាំ​បាច់​ត្រូវ​រំឭក​លោក​ឬ ប៉ុន្តែ​វា​ជា​គោល​ការណ៍​មូលដ្ឋាន​ក្នុង​ច្បាប់​ព្រហ្មទណ្ឌ នៅ​ពេល​ដែល​មាន​មន្ទិល​សង្ស័យ វា​ជា​ផល​ប្រយោជន៍​ដល់​ជន​ជាប់​ចោទ»។

លោក​ស្រី​បន្ត​ជំទាស់​លើ​ភ័ស្តុតាង​មិន​ច្បាស់​លាស់​ដែល​ព្រះ​រាជអាជ្ញា​បង្ហាញ​ថា ខៀវ សំផន គឺជា​ប្រធាន​ការិយាល័យ ៨៧០ ដែល​ទទួល​បន្ទុក​ឃ្លាំ​មើល​ការ​អនុវត្ត​គោល​នយោបាយ​របស់​របប​កម្ពុជា ប្រជាធិបតេយ្យ។

លោក​ស្រី Guisse បាន​ចោទ​សួរ​ថា បើ​ទោះ​ជា​មាន​ភ័ស្តុតាង​ផ្ទុយ​ក៏​ដោយ ក៏​ប៉ុន្តែ ហេតុ​អ្វី​វា​សំខាន់​ចំពោះ​ព្រះ​រាជអាជ្ញា​ដែល​ត្រូវ​បញ្ជាក់​ថា លោក ខៀវ សំផន គឺជា​ប្រធាន​ការិយាល័យ​នោះ។

លោក​ស្រី​ឆ្លើយ​ខ្លួន​ឯង​ថា៖ «គឺ​ដើម្បី​ត​ភ្ជាប់​និង​ធ្វើ​ឲ្យ​គាត់​ទទួល​ខុស​ត្រូវ​រឿង​ព្រហ្មទណ្ឌ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ»។

លោក​ស្រី Guisse បាន​បក​មក​រូបភាព​របស់​ជន​កុម្មុយនីស្ត​វ័យ​ក្មេង ដែល​មាន​ក្តី​ស្រមៃ​នាំ​ប្រទេស​ឆ្ពោះ​ទៅ​មុខ។ «នេះ​ជា​បុរស​ដែល​ខំ​ស្វែង​យល់​ថា តើ​រឿង​ហេតុ​អ្វី ដែល​បាន​កើត​ឡើង​ហើយ​ពុំ​បាន​ផល​នោះ»។

លោក​ស្រី​បន្ត​ថា៖ «គោល​បំណង​គឺ​ពុំ​មែន​ធ្វើ​ឲ្យ​កម្ពុជា​ឈឺចាប់​ទេ​។ គឺ​ចង់​នាំ​កម្ពុជា​ទៅ​មុខ»។ គ្មាន​ភ័ស្តុតាង​បង្ហាញ​ថា​លោក ខៀវ សំផន មាន​ចេតនា​ល្មើស​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ឧក្រិដ្ឋជន​និង​មេ​ដឹក​នាំ​ដទៃ​ទៀត​ឡើយ។

លោក​ស្រី​បាន​អះអាង​ដែរ​ថា៖ «ពួក​គេ​មិន​បាន​រៀប​ផែនការ​ទេ។ គេ​អាច​អសមត្ថភាព តែ​គេ​គ្មាន​ចេតនា​ឧក្រិដ្ឋ​ទេ។ ក្នុង​ការ​ជំនុំ​ជម្រះ​ព្រហ្មទណ្ឌ ចំណុច​នេះ គឺ​សំខាន់​ណាស់»៕ TK

អត្ថបទគួរចាប់អារម្មណ៍