ភ្នំពេញៈ លោក កែវ រតនា អតីតប្រធានការិយាល័យវិទ្យុរបស់អតីតគណបក្សសង្គ្រោះជាតិដែលជាសាក្សីចុងក្រោយក្នុងចំណោមសាក្សី ៨ រូបដែលចៅក្រមស៊ើបសួរលោក គី ឫទ្ធី បានកោះហៅបានចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រពាក់ព័ន្ធនឹងសំណុំរឿង «ក្បត់ជាតិ» ដ៏ចម្រូងចម្រាសរបស់លោក កឹម សុខា ដែលមជ្ឈដ្ឋានជាច្រើនចាត់ទុកថាគឺជារឿងនយោបាយ។
លោក រតនា បានប្រាប់ភ្នំពេញប៉ុស្តិ៍តាមទូរស័ព្ទកាលពីម្សិលមិញថាចៅក្រមបានសាកសួរលោកពាក់ព័ន្ធនឹងលោក កឹម សុខា និងការងារបស់លោកផ្ទាល់ ពេលបម្រើការងារនៅវិទ្យុរបស់គណបក្សសង្គ្រោះជាតិ។
លោកថ្លែងថា៖ «ខ្ញុំបានចូលបំភ្លឺហើយរយៈពេលជាងមួយម៉ោង។ រឿងទាំងអស់ហ្នឹងគេកោះហៅខ្ញុំទាក់ទងនឹងរឿងសន្ទិដ្ឋិភាពឯកឧត្តម កឹម សុខា គឺទាក់ទងរឿងទាំងអស់នេះ។ សំណួរភាគច្រើនទាក់ទងនឹងឯកឧត្តម កឹម សុខា ខ្លះទៅហើយក៏មានសំណួរទាក់ទងការងាររបស់ខ្ញុំខ្លះទៅ និងបញ្ហាផ្សេងៗទៀត»។ «ក្នុងនាមសាក្សីបើសិនមានលិខិតណាមួយដែលនៅតែសង្ស័យ ឬនៅមិនទាន់ទទួលបានចម្លើយខ្ញុំនឹងបន្តបំភ្លឺ តែខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានផ្តល់ល្អប្រសើរទៅចុះក្នុងនាមជាអ្នកព័ត៌មាន យើងមិនមានអ្វីផ្សេងក្រៅពីព័ត៌មានទេ»។
លោក សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំមុនហើយត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ដែលការចោទប្រកាន់នេះគឺពាក់ព័ន្ធនឹងវីដេអូឃ្លីបមួយដែលលោកបាននិយាយនៅប្រទេសអូស្ត្រាលីពីឆ្នាំ ២០១៣។
បើតាមលោកស្រី ម៉េង សុភារី មេធាវីលោក សុខា ក្រុមមេធាវីបានប្តឹងទៅតុលាការកំពូលពាក់ព័ន្ធនឹងការសុំនៅក្រៅឃុំ ប៉ុន្តែមកទល់ពេលនេះតុលាការកំពូលមិនទាន់សម្រេចលើថ្ងៃសវនាការនៅឡើយ៕