ភ្នំពេញៈ សាក្សីម្នាក់មិនអើពើចំពោះការកោះឲ្យចូលបំភ្លឺដល់តុលាការក្រុងភ្នំពេញតាមការកំណត់កាលពីម្សិលមិញពាក់ព័ន្ធក្នុងសំណុំរឿងលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ។
លោក សៀ ភារម្យ អតីតប្រធានប្រតិបត្តិនៃអង្គការក្រុមការងារពិសេសសិទ្ធិលំនៅឋាន គឺជាសាក្សីម្នាក់ក្នុងចំណោមសាក្សី ៨ នាក់ដែលខ្លះបានឈប់ និងខ្លះកំពុងបម្រើការនៅក្នុងអង្គការសង្គមស៊ីវិល ហើយធ្លាប់មានទំនាក់ទំនងជាមួយលោក កឹម សុខា ត្រូវបានតុលាការកោះឲ្យចូលបំភ្លឺ។
លោក សៀ ភារម្យ បច្ចុប្បន្នជាសមាជិកនៃចលនាសង្គ្រោះជាតិដែលកំពុងរស់នៅអាមេរិកបានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា៖ «ខ្ញុំមិនចាប់អារម្មណ៍ទេចំពោះដីកាកោះរបស់តុលាការក្រុងភ្នំពេញព្រោះខ្ញុំគិតថាវាគ្រាន់តែតុលាការឡប់ឡែ តុលាការតេឡេធ្វើការតាមតែបញ្ជារបស់អ្នកនយោបាយ ដូច្នេះអត់មានឯករាជភាពក្នុងនាមជាស្ថាប័នដែលមានវិជ្ជជីវៈទេ។ ដោយសារតែតុលាការតេឡេដែលគេបញ្ជាពីក្រោយខ្នងយើងជាអង្គការសង្គមស៊ីវិលធ្វើការមានការងាររបស់គេ គេធ្វើការដោយឯករាជ្យមិនគាំទ្រគណបក្សនយោបាយណាទេ ដែលមិនមានអ្វីពាក់ព័ន្ធអ្នកនយោបាយដែលត្រូវទៅឆ្លើយបំភ្លឺ»។
កាលពីខែកុម្ភៈ លោក ឈឹម ផលវរុណ បច្ចុប្បន្នជាមន្ត្រីគណបក្សប្រជាជនកម្ពុជា និងជាអតីតអ្នកបម្រើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្រោមការដឹកនាំរបស់លោក កឹម សុខា នោះបានចូលបំភ្លឺនៅតុលាការរួចហើយ ហើយកាលពីសប្តាហ៍មុនលោក លី សុផាណា អ្នកនាំពាក្យតុលាការក្រុងភ្នំពេញបញ្ជាក់ថាមានសាក្សី ៣ នាក់បានចូលបំភ្លឺបូករួមទាំងសាក្សី ២ នាក់ដែលបានចូលកាលពីថ្ងៃសុក្រ ប៉ុន្តែមានសាក្សីម្នាក់អវត្តមាន។ ចៅក្រមស៊ើបសួរលោក គី ឫទ្ធី និងលោក លី សុផាណា មិនអាចសុំការបំភ្លឺអំពីនីតិវិធីសម្រាប់សាក្សីអវត្តមានបានទេកាលពីម្សិលមិញ។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣ ខែកញ្ញាឆ្នាំមុននៅគេហដ្ឋានរបស់លោកក្នុងខណ្ឌទួលគោក ហើយក៏ត្រូវចោទប្រកាន់ពីបទ «សន្និដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ ដែលអាចជាប់ពន្ធនាគារពី ១៥ ទៅ ៣០ ឆ្នាំ។
លោក ភារម្យ ថ្លែងថា៖ «ដើមចមនៃការបណ្ដេញលោក សម រង្ស៊ី ចេញពីកម្ពុជាការចាប់លោក កឹម សុខា ដាក់ពន្ធនាគារដោយអយុត្តិធម៌គឺយើងដឹងហើយថាគណបក្សប្រជាជនបានដឹងយ៉ាងច្បាស់ណាស់តាមរយៈការធ្វើការសិក្សាស្រាវជ្រាវមួយរបស់បរទេសដែលសិក្សាអំពីការពេញចិត្តអ្នកដឹកនាំទៅថ្ងៃអនាគត ហើយយើងឃើញប្រជាប្រិយភាពរបស់លោក ហ៊ុន សែន ចាញ់លោក សម រង្ស៊ី ហើយបន្ទាប់មកចាញ់ប្រជាប្រិយភាពលោក កឹម សុខា»។
លោកថ្លែងបន្តថាក្រៅពីបណ្ដេញ និងចាប់មេដឹកនាំបក្សប្រឆាំង គណបក្សប្រជាជនកម្ពុជាបានប្លន់យកអាសនៈឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិ ធ្វើយ៉ាងណាដើម្បីឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តកាន់អំណាចតទៅទៀតដោយសម្រេចកម្ទេចគណបក្សសង្គ្រោះជាតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាកាលពីម្សិលមិញបានអះអាងថាការមិនចូលបំភ្លឺដោយសារសាក្សីមានខ្លួន។ ចំពោះការលើកឡើងពីប្រជាប្រិយភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេដឹកនាំគណបក្សប្រឆាំងវិញលោកថាវាជាការអះអាងមិនត្រឹមត្រូវ។
លោក ឥសាន បានថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលបម្រើនយោបាយតាំងពីក្មេងវ័យគឺដើម្បីបានសន្តិភាពជូនពលរដ្ឋ តែដោយឡែកទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយមិនមែនដើម្បីឧត្តមគតិស្នេហាជាតិទេធ្វើនយោបាយក្នុងគោលបំណងសងសឹករបបរាជានិយមឲ្យឪពុកគាត់ដែលទទួលរហស្សនាមថាជាជនក្បត់ជាតិតាំងពី ១៩៥៩ មក។ អ៊ីចឹងឥស្សរជនទាំង ២ នេះមានឧត្តមគតិខុសគ្នាឆ្ងាយណាស់»៕