ភ្នំពេញៈ ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​ម្សិលមិញ​ បាន​សាកសួរ​លោកស្រី ចក់ សុភាព នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កម្ពុជា (CCHR) និង​លោក មាស គឹមសេង អតីតមន្ត្រី​សមាគម​ធាងត្នោត​មក​ឆ្លើយ ចំពោះ​មុខ​តុលាការ​ក្នុង​នាម​ជា​សាក្សី​ក្នុង​សំណុំ​រឿង​ករណី ក្បត់​ជាតិ របស់​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង​។

លោក អ៊ី រិន្ទ អ្នក​នាំពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​បាន​ថ្លែង​ថា​៖ «​ថ្ងៃ​នេះ​ ចៅក្រម​ស៊ើបសួរ​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​សាកសួរ​មនុស្ស​ចំនួន​ ២ ​នាក់​គឺ​ លោកស្រី ចក់ សុភាព និង​លោក មាស គឹមសេង ពាក់ព័ន្ធ​សំណុំ​រឿង​របស់​លោក កឹម សុខា ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ក្បត់ជាតិ​»​។

លោកស្រី សុភាព បាន​អះអាង​ថា​តុលាការ​បាន​សាកសួរ​លោកស្រី​អំពី​បទពិសោធ​ការងារ​របស់​លោកស្រី​នៅ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជា​កន្លែង​ដែល​លោក កឹម សុខា ​ធ្លាប់​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​មួយ​នេះ​។

លោកស្រី ចក់ សុភាព ថ្លែង​ថា​៖ «​អ្វី​ដែល​ខ្ញុំ​បាន​បញ្ជាក់​គឺ​ទាក់ទង​ទៅ​នឹង​ការចាប់ផ្តើម​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​មាន​រឿង​ច្រើន​ដែល​ខ្ញុំ​មិន​ដឹង​។ គាត់ [​ចៅក្រម​] បាន​សាកសួរ​អំពី​ការងារ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ក្រោម​ការគ្រប់គ្រង​របស់​លោក កឹម សុខា និង​ការងារ​បច្ចុប្បន្ន​របស់​មជ្ឈមណ្ឌល CCHR»​។

លោកស្រី​លើក​ឡើង​ថា​លោកស្រី​ចង់​ឃើញ​រឿង​ក្តី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ឯករាជ្យ និង​ធានា​ដល់​សិទ្ធិ​របស់​សាក្សី​ក៏​ដូចជា​កាត់ទោស​ដោយ​យុត្តិធម៌​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​ចោទប្រកាន់​។

ទោះបី​យ៉ាង​ណា​លោកស្រី​បាន​បដិសេធ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​សំណួរ​ដែល​ទាក់ទង​ទៅ​នឹង​ការឧបត្ថម្ភ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​អង្គការ​មួយ​នេះ​។ មនុស្ស​ជាច្រើន​បាន​គិត​ថា​ទីកន្លែង​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ហាក់​បាន​ក្លាយ​ជា​អរិភាព​ក្នុង​រយៈពេល​ ៦ ​ខែ​ចុង​ក្រោយ​នា​ឆ្នាំ​នេះ​។

កាលពី​ខែ​ធ្នូ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​ថា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​នឹង​មិន​បិទ​ទ្វារ​ទេ ទោះបី​ជា​មាន​ការ​ចោទប្រកាន់​ថា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ​នេះ​កំពុង​បម្រើ​ផលប្រយោជន៍​បរទេស​ក្តី​។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ត្រូវ​បាន​បង្កើត​ឡើង​នៅក្នុង​ឆ្នាំ​ ២០០២ ដោយ​លោក កឹម សុខា ដែល​ក្រោយ​មក​លោក​បាន​ទៅ​បង្កើត​គណបក្ស​សិទ្ធិមនុស្ស ហើយ​បន្ទាប់​មក​បាន​រួម​បញ្ចូល​គ្នា​ជាមួយ​គណបក្ស​សមរង្ស៊ី ក្លាយ​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​​ កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែ​កញ្ញា​ឆ្នាំ​មុន​ពី​បទ​ក្បត់ជាតិ ហើយ​គណបក្ស​របស់​លោក​ក៏​ត្រូវ​បាន​តុលាការ​កំពូល​រំលាយចោល​ផង​ដែរ​ពី​បទ​សមគំនិត​ជាមួយ​រដ្ឋាភិបាល​បរទេស​ដើម្បី​បង្កើត​បដិវត្តន៍​។

លោក មាស គឹមសេង មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​ទេ​។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា រួមទាំង​អ្នក​ទាំង​ ២ គឺ​មាន​សាក្សី​ ៣ ​នាក់​ដែល​ត្រូវ​ចូល​ខ្លួន​មក​បំភ្លឺ ប៉ុន្តែ​ម្នាក់​បាន​អវត្តមាន ទោះបី​ជា​យ៉ាង​ណា​លោក​មិន​បាន​បញ្ជាក់​លម្អិត​ទេ​។ លោក បាន​ថ្លែង​ថា​៖ «​តុលាការ​នឹង​បន្ត​ការសាកសួរ​សាក្សី​ផ្សេង​ទៀត​នៅ​សប្តាហ៍​ក្រោយ​»​។

តុលាការ​កាលពី​ពាក់​កណ្ដាល​ខែ​ឧសភា​បាន​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ ៨ ​នាក់​ក្នុង​នាម​ជា​សាក្សី​មក​បំភ្លឺ​ដល់​តុលាការ​ក្នុង​សំណុំ​រឿង​លោក សុខា​៕ NS