ភ្នំពេញៈ មនុស្ស​ ២ ​រូប​បាន​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ក្នុង​នាម​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​លោក កឹម សុខា ប៉ុន្តែ​ពួកគេ​បដិសេធ​លម្អិត​ការសាកសួរ​របស់​ចៅក្រម​ស៊ើប​ដោយសារ​ស្ថិត​នៅ​ក្នុង​នីតិវិធី​របស់​តុលាការ​។

សាក្សី​ទាំង​ ២ ​នាក់​រួមមាន​លោក ខឿន វីរ៉ាត់ អតីត​ចៅសង្កាត់រង​ទី​ ១ ​នៃ​សង្កាត់​បឹងទំពុន​ ២ ពី​កូតា​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ជាប់​ឆ្នោត​កាលពី​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​មុន​។ លោក​បាន​ចូល​បំភ្លឺ​នៅ​ពេល​ព្រឹក រយៈពេល​ប្រហែល​ជាង​ ១ ​ម៉ោង​ជាមួយ​ចៅក្រម​ស៊ើបសួរ​លោក គី ឫទ្ធី​។ ចំណែក​សាក្សី​ម្នាក់​ទៀត​គឺ​លោក ហេង ពិសិដ្ឋ ដែល​ជា​អ្នក​គាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចូល​បំភ្លឺ​ពេល​រសៀល​។

ពេល​ចេញ​ពី​បំភ្លឺ​វិញ​លោក ខឿន វីរ៉ាត់ ដែល​ពេល​នេះ​មាន​មុខរបរ​ជា​អ្នក​រត់​រ៉ឺម៉កកង់​៣ បាន​និយាយ​ថា​លោក​បាន​បំពេញ​កាតព្វកិច្ច​ហើយ​។ លោក​និយាយ​ថា​៖ «​ដោយសារ​នីតិវិធី​កំពុង​ដំណើរការ បើ​យើង​និយាយ​វា​ប៉ះពាល់​។ តែ​ខ្ញុំ​បាន​ចូល​បំពេញ​កាតព្វកិច្ច​ក្នុង​នាម​សាក្សី​ដែល​គេ​កោះ​ហៅ​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កឹម សុខា​»​។

លោក​បន្ថែម​ថា​៖ «​គេ​ឃើញ​យើង​ជា​សមាជិក​ក្រុមប្រឹក្សា​របស់​គណបក្ស គេ​កោះហៅ​សួរ​ទៅ​»​។ នៅពេល​សួរថា​តើ​លោក​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក កឹម សុខា​ឬ​យ៉ាង​ណា​បាន​ជា​តុលាការ​កោះ​ហៅ​នោះ​លោក​ថា «​មិន​ដឹង​ឡាន​ឯកឧត្តម កឹម សុខា ជិះ​ម៉ាក​អី​ផង ទៅ​ស្និទ្ធ​មកពី​ណា​? ខ្ញុំ​ដឹង​តែ​កង់​ ៣ ​ខ្ញុំ​ពណ៌​លឿង​»​។

ចំណែក​លោក ហេង ពិសិដ្ឋ បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការសាកសួរ​។

សូម​បញ្ជាក់​ថា​លោក គី ឫទ្ធី កាលពី​ខែ​មុន​បាន​កោះ​ហៅ​មនុស្ស​ ៨ ​នាក់​រួមមាន​អ្នក​គាំទ្រ និង​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​រួម​ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ចូល​បំភ្លឺ​ក្នុង​នាម​សាកស្សី​។ គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ សាក្សី​ ៥ ​នាក់​បាន​ចូល​បំភ្លឺ ២ ​នាក់​បាន​​ខកខាន ហើយ​សាក្សី​ចុង​ក្រោយ​ត្រូវ​កំណត់​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​នេះ​៕