ព្រះ​សីហនុៈ អា​ជ្ញា​ធរ​មូលដ្ឋាន​នៃ​ខេត្ត​ព្រះ​សី​ហនុ​ និង​ម្ចាស់​កំពង់​ផែ​ចត​ទូក​និង​ជួស​ជុល​ទូក​បាន​ព្រម​ព្រៀង​គ្នា​សាង​សង់​កំ​ពង់​ផែ​ខ្នាត​ធំ​មួយ​នៅ​ក្នុង​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​​ស្ទឹង​ហាវ​ដែល​ជា​ទីតាំង​សំខាន់​សម្រាប់​ចត​ទូក​នេ​សាទ​របស់​ប្រជាពលរដ្ឋ។​

​លោក ឱ​ សារឿន​ អ្នក​នាំ​ពាក្យ​ខេត្ដ​ព្រះ​សីហនុ​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ម្សិល​មិញ​ថា​ ក្នុង​ខេត្ដ​ព្រះ​សីហនុ​ទាំង​មូល​​នៅ​មិន​ទាន់​មាន​កំពង់​ផែ​ចត​ទូក ​ឬ​អ៊ូ​ទូក​ (​កន្លែង​ជួស​ជុល​ទូក)​ ខ្នាត​ធំ​នៅ​ឡើយទេ ​ដូច្នេះ​ករណី​អភិ​វឌ្ឍ​កំពង់​ផែ​អ៊ូ​ទូក​នេះ ​គឺ​ជា​តម្រូវ​ការ​ជាក់​ស្ដែង​របស់​ខេត្ដ។​

​លោក ​សារឿន​ បានថ្លែង​ថា​៖ «​យើង​មិន​មាន​ជំទាស់​អីទេ​រឿង​នេះ​ព្រោះ​វា​ខ្វះ​​មែន​ប៉ុន្ដែ​អ្វី​ដែល​យើង​មើល​ឃើញ​ថា ​មាន​បញ្ហា​នោះ ​គឺ​ក្រុម​ហ៊ុន​គាត់​មាន​ការ​យឺត​យ៉ាវ​ធ្វើ​ច្បាប់​ទម្លាប់​ឲ្យ​បាន​ពេញ​លេញ​។​ អាជ្ញា​ធរ​ខេត្ដ​គឺ​គាំ​ទ្រ​ ក្នុង​រឿង​ត្រង់​ថា​ គាត់​មាន​គំនិត​ និង​បោះ​ទុន​សម្រាប់​ការ​វិនិ​យោគ​ ក៏​ដូច​ជា​ការ​ពង្រីក​ កំពង់​ផែ​អ៊ូទូក​ ឲ្យ​វាមាន​ភាព​ទំនើប​ ដើម្បី​បម្រើ​សេវា​កម្ម​ដល់​ប្រជាពលរដ្ឋ»។

​លោក ​សារឿន​ ចំពោះ​ករណី​ចាក់​ដី​លុប​ចូល​សមុទ្រ​ដែល​ជា​បញ្ហា​មាន​ការ​ព្រួយ​បារម្ភ​នោះ​ត្រង់​ចំណុច​ ​ដើម្បី​អាច​ចាក់​ដែក​រ៉ៃ (ចាក់​គ្រឹះ) ​ចូល​ទៅ​ក្នុង​ទឹក​កើត​ ក្រុម​ហ៊ុន​ត្រូវ​ការ​ចាក់​ដី​ព័ទ្ធ​ ដើម្បី​បូម​​ទឹក​ចេញ​ ទើប​អាច​ចាក់​គ្រឹះ​បេ​តុង​ និង​ដែក​រ៉ៃ​ទៅ​ក្នុង​ទឹក​កើត​ បន្ទាប់​ពី​ការសាង​សង់​រួច​រាល់​ហើយ​ ក្រុមហ៊ុន​គាត់​ត្រូវ​តែ​កាយ​ដី​ដែល​គាត់​ចាក់​ទប់​ទឹក​នោះ​ចេញ​វិញ​ទៅ​វា​ចប់​ហើយ។

​លោក​ សា​រឿន​ ថ្លែង​ថា​៖​ ​«​(​យើង​)​ សង្ឃឹម​ថា​ ក្រុម​ហ៊ុន​ក៏​ធ្វើ​ទៅ​តា​ម​ការ​សន្យា​របស់​គាត់​ឲ្យ​បាន​ត្រឹម​ត្រូវ​ដែរ​ ខេត្ដ​គាំទ្រ​​លើ​ការ​អភិ​វឌ្ឍ​របស់​គាត់​ ដើម្បី​ឲ្យ​មាន​សេវា​កម្ម​ល្អ​បម្រើ​ជូ​ន​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ដ​យើង»។

​លោក ​យន្ដ​ មីន​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​នា​ពេល​កន្លង​មក​ថា ​មន្ត្រី​បាន​​ចុះ​ដល់​​កន្លែង​អភិ​វឌ្ឍ​កំពង់​ផែ​អ៊ូទូក​នោះ​ហើយ។​ ​

លោក ​មីន​ ​ថ្លែង​​ថា​៖​ «​​កន្លែង​អ៊ូ​ទូក​ហ្នឹង​ជា​គោល​ការ​ណ៍​ គឺ​ខេត្ដ​យើង​គាំ​ទ្រ​គេ​អភិ​វឌ្ឍ​ព្រោះ​អី​មាន​ទូក​យើង​រាប់​ពាន់​គ្រឿង​ដែល​ត្រូវ​ការ​អ៊ូ​ទូក​ ប៉ុន្តែ​រឿង​បញ្ហា​បច្ចេក​ទេស​ថា ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​នោះ​គឺ​កំពុង​រៀប​ចំ​ប្លង់​មក​សុំ​ច្បាប់»។

លោក​ ឆាយ ​សុគន្ធ​ដា​ អភិ​បាល​ស្រុក​ស្ទឹង​ហាវ​ដែល​បាន​ចូលរួម​ចុះ​ត្រួត​ពិនិត្យ​ដែរ​នោះ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​បាន​មក​សុំ​ដល់​ស្រុក​រួច​ហើយ​ថា​ ក្រុម​ហ៊ុន​ចាក់​ដី​ដើម្បី​បិទ​ទឹក​ក្នុង​ការ​ជួស​ជុល​ចាក់​គ្រឹះ។

​លោក​ថា​៖​​ «​ខ្ញុំ​ឲ្យ​ក្រុម​ការ​ងារ​ចុះ​ទៅ​ពិនិត្យ​ គឺ​ក្រុម​ហ៊ុន​ចាក់​ដី​បិទ​ទឹក​ ដើម្បី​ចាក់​គ្រឹះ​ដូរ​រ៉ៃ​ ដូរ​រ៉ៃ​ហើយ​កាយ​ដី​នោះ​ចេញ​វិញ​ហើយ»។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​ សុខ​ សុខុម​ ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ជាតិ​កម្ពុជា​ (CNRO)​ ដែល​បាន​​​តាម​ដាន​​ករណី​រំលោភ​ដី​ឆ្នេរ​ និង​ដី​នៅ​តំបន់​ខេត្ត​ជាប់​សមុទ្រ​នោះ ​កាល​ពី​ម្សិល​មិញ​ បាន​សម្ដែង​​ការ​បារម្ភ​ចំពោះ​ការ​ចាក់​ដី​ចូល​សមុទ្រ​នេះ។

​លោក សុ​ខុម ថ្លែង​​ថា​៖ «​ការចាក់​ដី​ចូល​សមុទ្រ​នៅ​តែ​បន្ត​ចាក់​យ៉ាង​គឃ្លើន​ ការ​ចាក់​នេះ​កាន់​តែ​ចាក់​ចូល​ជ្រៅទៅៗ​ហើយ។ ​គម្រោង​គេ​ថា ​អភិ​វឌ្ឍ​អ៊ូទូក​ តែ​មិន​ឃើញ​មាន​គម្រោង​អភិ​វឌ្ឍ​ន៍ មាន​ផែន​ទី​កំ​ណត់​ថា​ ទំហំ​នៃ​ការ​អភិ​វឌ្ឍ​នោះ​ប៉ុនណា​ទេ​ គ្មាន​គោល​ដៅ​ច្បាស់​លាស់​ចេះ​តែ​ចាក់​លុប​ទៅ»។​

​លោក​ សុខុម​ ​អះ​អាង​ថា​សមុទ្រ​ជា​ទ្រព្យ​សម្បត្ដិ​សាធារ​ណៈ​របស់​រដ្ឋ​ គ្មាន​បុគ្គល​ណា​មាន​សិទ្ធិ​អនុ​ញ្ញាតឲ្យ​គេ​ចាក់​ដី​លុប​បាន​​ទេ​ មាន​តែ​ប្រមុខ​រាជ​​រដ្ឋាភិ​បាល​ទេ​ដែល​មាន​សិទ្ធិ។

លោក​ ប៉ូច​ ប្រ​ជា​ព​ល​រដ្ឋ​រស់​នៅ ​ក្នុង​ភូមិ​ ៤​ ឃុំ​ទំនប់​រលក​ ស្រុក​​ស្ទឹង​ហាវ​ នៃ​តំបន់​អ៊ូទូក​នោះ​ ​បាន​ឲ្យ​ដឹង​ថា បច្ចុ​ប្បន្ន​នេះ ម្ចាស់​អ៊ូទូក​កំពុង​បន្ដ​សកម្ម​ភាព​ចាក់​ដី​លុប​សមុទ្រ​ជាបន្ដបន្ទាប់​នៅ​ចំណុច​អ៊ូទូក​នោះ។

កាល​ពីមុន​អ៊ូទូក​នេះ​ វា​មិន​ទាន់​មាន​ចូល​ដល់​ក្នុង​សមុទ្រ​ទេ ​ប៉ុន្ដែ​ពេល​នេះ​ឃើញ​ចាក់​ដី​ចូល​ក្នុង​សមុទ្រ​ជ្រៅ​​ ប្រវែង​ប្រហែល​ជា ​៧០ ​ម៉ែត្រ​ហើយ​នឹង​បន្ដ​ចាក់ចូល​សមុទ្រ​ឆ្ងាយ​ទៅៗធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថ្ងៃ​ក្រោយ៕