ភ្នំពេញៈ សាច់ញាតិ​របស់​ស្ដ្រី​កងទ័ព​មួកខៀវ​ដែល​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ចំនួន​ ៩ ​នាក់​ នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ​ ក្រុង​តាខ្មៅ​ត្រូវ​បាន​យកមក​ធ្វើ​ចត្តាឡីស័ក ខណៈ​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​ ១៩ ​ម្នាក់​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ធ្វើ​តេស្ដ​វិជ្ជមាន​ជាថ្មី ក្រោយពី​ចាកចេញ​ពី​មន្ទីរពេទ្យ​អស់​ពេល​ជាច្រើន​ថ្ងៃ ហើយ​មនុស្ស​ ៤៣​ នាក់​ ដែល​ប៉ះពាល់​ផ្ទាល់​ និង​ប្រយោល​ជាមួយ​អ្នក​លាប់​ជំងឺ​កូវីដ​នៅ​ខេត្ត​ត្បូងឃ្មុំ​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក​ដែរ​។

លោក គួយ ប៊ុនធឿន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្ដាល​ប្រាប់​ភ្នំពេញប៉ុស្ដិ៍​ម្សិលមិញ​ថា អាជ្ញាធរ​កំពុង​ស្វែងរក​អ្នក​ដែល​អាច​ប៉ះពាល់​ជាមួយ​ស្ដ្រី​កងទ័ព​មួកខៀវ​នេះ​ផ្សេងទៀត​។

លោក​ថា​៖ «​ស្ដ្រី​ទ័ព​មួក​ខៀវ​វ័យ​ ២៧ ​ឆ្នាំ​ហ្នឹង ធ្វើ​តេស្ដ​វិជ្ជមាន​កាលពី​ល្ងាច​ថ្ងៃទី​ ៨ ហើយ​ព្រឹក​ថ្ងៃទី​ ៩ យើង​បាន​យក​អ្នកផ្ទះ​របស់​គាត់​ ៩ ​នាក់ ​តាម​អ្វីដែល​គាត់​ប្រាប់ មក​ធ្វើ​ចត្តាឡីស័ក​ហើយ​លទ្ធផល​តេស្ដ​លើ​អ្នក​ទាំង​ ៩ ​កាលពី​យប់​ថ្ងៃទី​ ៩ គឺ​អវិជ្ជមាន​»​។

លោក អ៊ុំ ឡេង ចៅសង្កាត់​សិត្បូ​បាន​ធ្វើ​របាយការណ៍​មួយ​ផ្ញើ​ទៅកាន់​សាលាក្រុង​តាខ្មៅ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ស្ដ្រី​កងទ័ព​មួកខៀវ​អាយុ​ ២៧ ​ឆ្នាំ​រូបនេះ​ គឺ​បាន​ធ្វើ​ដំណើរ​មក​ផ្ទះ​នៅ​ភូមិ​ព្រែកត្រែង សង្កាត់​សិត្បូ​កាលពី​ថ្ងៃទី​ ៣០ ​ខែ​កក្កដា ហើយ​បាន​ធ្វើ​បាយ​សម្ល​ជូន​ចាស់ៗ​ចែក​លុយ​ក្មេងៗ​ និង​បាន​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត​ជម្ពូ​ប្រឹក្ស​។

របាយការណ៍​ដែល​ឃើញ​ចែកចាយ​នៅលើ​បណ្តាញ​សង្គម​សរសេរ​ថា ស្ដ្រី​រូបនេះ​ត្រូវ​បាន​ធ្វើតេស្ដ​វិជ្ជមាន​ក្រោយពី​កើតមាន​អាការ​ក្ដៅខ្លួន​ខ្លាំង​ និង​ហៀរ​សំបោរ​។ របាយការណ៍​នោះ​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ខ្លាំង​ដោយ​អ្នកជំងឺ​បាន​ប៉ះពាល់​ជាមួយ​អ្នកជិតខាង​ជាច្រើន​។ អាស្រ័យ​ហេតុនេះ​សូម​លោក​អភិបាល​ក្រុង​មេត្តា​ជ្រាប​ជា​របាយការណ៍ និង​ចាត់វិធានការ​បន្ត​ដោយ​ក្ដីអនុគ្រោះ​»​។

ភ្នំពេញ ​ប៉ុស្ដិ៍​ មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោក​ អ៊ុំ ឡេង បាន​ទេ​ដោយសារ​ទូរស័ព្ទ​របស់​លោក​ពុំមាន​អ្នកទទួល​។

លោក នូ សុវណ្ណារ៉ា អភិបាលក្រុង​តាខ្មៅ​បាន​ថ្លែងថា ពិតជា​មាន​សមាជិក​គ្រួសារ​ចំនួន​ ៩ ​នាក់ ​របស់​ស្ដ្រី​កងទ័ព​មួក​ខៀវ​ត្រូវបាន​យកទៅ​ធ្វើ​ចត្តាឡីស័ក​មែន​ ប៉ុន្តែ​លោក​អះអាង​ថា មិនទាន់​ទទួល​បាន​របាយការណ៍​ពី​ខាង​សង្កាត់​នៅឡើយ​ទេ​។ លោក​ថា​៖ «​យើង​កំពុង​ទាក់ទង​ចៅសង្កាត់ សួរ​ព័ត៌មាន​ឱ្យ​ច្បាស់​អំពី​ការចេញ​ឯកសារ​ហ្នឹង​ដែល​ផ្សព្វផ្សាយ​នៅតាម​ហ្វេសប៊ុក​ទៅវិញ​ ប៉ុន្តែ​ឯកសារ​ហ្នឹង​មិនទាន់​មកដល់​ក្រុង​នៅឡើយ​ទេ​»​។

ចំណែក​លោក​ គួយ ប៊ុនធឿន បញ្ជាក់​ថា​មន្ទីរ​សុខាភិបាល​នឹង​ចេញ​របាយការណ៍​មួយ​ដើម្បី​ឆ្លើយបំភ្លឺ​បន្ថែម​ជុំវិញ​របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ចៅសង្កាត់​សិត្បូ​។ លោក​ថា​៖ «​ខ្ញុំ​មិនទាន់​បាន​ជួប​គាត់​ (​ចៅសង្កាត់​) ​ទេ ប៉ុន្តែ​គ្រាន់តែ​ឮថា​គាត់​គ្រាន់តែ​ឮ​ត​គ្នា​ថា ប៉ុន្តែ​អត់​ទាន់​ប្រាកដ​ផង​ហ្នឹង​»​។

រដ្ឋបាល​ខេត្ត​កណ្ដាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​ច្រានចោល​របាយការណ៍​របស់​ចៅសង្កាត់​សិត្បូ និង​បាន​អះអាង​ថា របាយការណ៍​របស់​ចៅសង្កាត់​រូបនេះ​ធ្វើ​ឡើង​មិន​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់​ដែល​ខុសពី​ការចុះ​អង្កេត​តាមដាន​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​សុខាភិបាល​ និង​ការផ្ដល់​ព័ត៌មាន​ពី​អ្នកជំងឺ​ និង​ក្រុមគ្រួសារ​អ្នកជំងឺ​។

លោកស្រី ឱ វណ្ឌឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្នុងចំណោម​កងទ័ព​មួកខៀវ​ទាំង​ ៨០ ​នាក់​ ដែល​ធ្វើដំណើរ​ពី​ប្រទេស​ម៉ាលី​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី​ ១០ ខែកក្កដា​ គឺ​បាន​ធ្វើ​តេស្ដ​លើក​ទី​ ១ ​អវិជ្ជមាន និង​ត្រូវបាន​បញ្ជូន​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​មូលដ្ឋាន​កងទ័ព​នៅ​ខេត្ត​កំពង់ស្ពឺ​។

លោកស្រី​បញ្ជាក់ថា លុះ​ធ្វើ​ចត្តាឡីស័ក​បាន​ចំនួន​ ១៣ ​ថ្ងៃ​ កងទ័ព​មួក​ខៀវ​ទាំង​ ៨០ ​នាក់​ បាន​ធ្វើ​តេស្ដ​លើក​ទី​ ២ នៅ​ថ្ងៃទី​ ២៣ ​កក្កដា​ ទើប​បាន​រកឃើញ​ ៤ ​នាក់​ មាន​លទ្ធផល​តេស្ដ​វិជ្ជមាន ហើយ​តម្រូវ​ឱ្យ​អ្នក​អវិជ្ជមាន​ចំនួន​ ៧៦ ​នាក់​ទៀត​ ធ្វើ​ចត្តាឡីស័ក​ចំនួន​ ១៤ ​ថ្ងៃ​ឡើងវិញ​។

លោកស្រី​បន្ថែម​ថា ក្នុង​ចំណោម​កងទ័ព​មួកខៀវ​ ៧៦ ​នាក់​ គឺ​មាន​ ៤ ​នាក់​ទៀត​ មាន​លទ្ធផល​វិជ្ជមាន​ក្រោយពី​ការធ្វើ​តេស្ដ​លើក​ទី​ ៣ ​នៅ​ថ្ងៃទី​ ២៧ ​កក្កដា ហើយ​ក៏​តម្រូវ​ឱ្យ​អ្នក​អវិជ្ជមាន​ផ្សេងទៀត​ចំនួន​ ៧២ ​នាក់​ ត្រូវធ្វើ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​ឡើងវិញ​ ប៉ុន្តែ​បានអនុញ្ញាត​ឱ្យចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​នៅ​មូលដ្ឋាន​កងទ័ព​មក​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។

លោកស្រី​បន្ត​៖ «៧២ ​នាក់​នេះ​ ត្រូវបាន​ឱ្យធ្វើ​ចត្តាឡីស័ក​បន្ត​ ១៤ ​ថ្ងៃ​ថែមទៀត ប៉ុន្តែ​ដោយសារ​អ្នក​ទាំងនេះ​ធ្វើតេស្ដ​អវិជ្ជមាន​ ៣ ​លើក​ ហើយ​ក៏​មាន​ការចាត់ចែង​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅ​តាម​ផ្ទះ​ ប៉ុន្តែ​ត្រូវ​ធ្វើ​តេស្ដ​នៅ​ថ្ងៃទី​ ១៣ ​នៃ​ថ្ងៃ​ចត្តាឡីស័ក និង​បាន​រកឃើញ​ស្ដ្រី​កងទ័ព​មួក​ខៀវ​ម្នាក់ ឆ្លង​ជំងឺ​កូវីដ និង​ត្រូវ​ក្រសួង​រាយការណ៍​កាលពី​ថ្ងៃទី​ ៩ ​សីហា​»​។

លោកស្រី​បញ្ជាក់​ថា នៅពេល​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​ស្ដ្រី​រូបនេះ​ គឺ​រស់នៅ​ដាច់​ដោយឡែក​ពី​គ្រួសារ ប៉ុន្តែ​បាន​ប្រើប្រាស់​បន្ទប់ទឹក​រួម​ជាមួយ​គ្រួសារ និង​តែង​ពាក់​ម៉ាស់​ជាប់​ជាប្រចាំ​។ ចំណែក​កងទ័ព​មួក​ខៀវ​អវិជ្ជមាន​ចំនួន​ ៧១ ​នាក់​ផ្សេងទៀត ​ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក​នៅផ្ទះ​គឺ​ត្រូវ​យក​មក​ធ្វើ​ចត្តាឡីស័ក​នៅ​មូលដ្ឋានទ័ព​នៅ​ខេត្ត​កំពង់ស្ពឺ​ឡើងវិញ​ដែរ​។

ចំណែក​នៅ​ខេត្ត​ត្បូងឃ្មុំ មន្ត្រី​ខេត្ត​នេះ​រាយការណ៍​ថា អ្នកជំងឺ​ម្នាក់​ដែល​ព្យាបាល​ជាសះស្បើយ​ និង​អនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​អស់​ជាច្រើន​ថ្ងៃ​បាន​លាប់​ជំងឺ​កូវីដ ​១៩​ ឡើងវិញ ហើយ​មាន​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​លាប់​ជំងឺ​នេះ​ចំនួន​ ៤៣ ​នាក់​ ត្រូវបាន​យក​មក​ធ្វើ​ចត្តាឡីស័ក​។

លោក កែវ វណ្ណៈ ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា បុរស​ជនជាតិខ្មែរ​ដែល​មាន​អាយុ​ ២៩ ​ឆ្នាំ​ដែល​មកពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ហើយ​បាន​មក​ដល់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃទី​ ១០ ​ខែ​កក្កដា ឆ្នាំ​ ២០២០ ​គឺ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ភ្នំពេញ និង​ធ្វើតេស្ដ​លើក​ទី​ ១ ​អវិជ្ជមាន​។

លោក​បន្តថា ក្រោយពី​បាន​ធ្វើ​តេស្ដ​លើក​ទី​ ២ ​មាន​លទ្ធផល​វិជ្ជមាន បុរស​រូបនេះ​ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ហើយ​មិនត្រូវ​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​ឡើយ ក្រោយ​ធ្វើតេស្ដ​លើក​ទី​ ៣ ​នៅ​តែ​វិជ្ជមាន​នៅឡើយ​។ ប៉ុន្តែ​បុរស​រូបនេះ​ត្រូវ​បាន​អនុញ្ញាត​ឱ្យចេញ​ពី​មន្ទីរពេទ្យ និង​បានធ្វើ​ដំណើរ​ទៅផ្ទះ​នៅ​ភូមិ​កណ្ដាល ឃុំ​គរ ស្រុក​ត្បូងឃ្មុំ ក្រោយពី​ធ្វើ​តេស្ដ​លើក​ទី ​៤ និង​លើក​ទី​ ៥ ​អវិជ្ជមាន​។

លោក​ថា​៖ «​លុះ​មកដល់​ការធ្វើ​តេស្ដ​ម្ដងទៀត​នៅ​ថ្ងៃទី​ ២៣ ​កក្កដា​មាន​លទ្ធផល​អវិជ្ជមាន​ និង​តេស្ដ​ម្ដងទៀត​នៅ​ថ្ងៃទី​ ២៦ ​កក្កដា​ មាន​លទ្ធផល​អវិជ្ជមាន​គឺ​មក​ដល់​ថ្ងៃទី​ ២៨ ​កក្កដា​ ទើប​ត្រូវ​បានអនុញ្ញាត​ឱ្យ​ចេញ​ពី​មន្ទីរពេទ្យ​ត្រឡប់​មក​ផ្ទះ​។ រហូត​មកដល់​ថ្ងៃទី​ ៧ បាន​យើង​យក​សំណាក​មក​ធ្វើតេស្ដ​ឡើងវិញ ហើយ​នៅ​ថ្ងៃទី​ ៨ ​លទ្ធផល​ចេញ​វិជ្ជមាន​។ នៅពេល​យើង​ដឹង​ភ្លាម យើង​បាន​ទៅ​យក​គាត់​មក​ដាក់​ព្យាបាល​វិញ​ភ្លាម​»​។

លោក​ថា មនុស្ស​ចំនួន​ ៤៣ ​នាក់​ នៅ​ភូមិ​កណ្ដាល ឃុំ​គរ​គឺ​ត្រូវ​បាន​រកឃើញ​ថា បាន​ប៉ះពាល់​ជាមួយ​អ្នកលាប់​ជំងឺ​នេះ​ក្នុងនោះ​មាន​ចំនួន​ ៩ ​នាក់​ ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ត្រូវបាន​យក​មក​ធ្វើ​ចត្តាឡីស័ក​នៅ​វិទ្យាល័យ ហ៊ុន សែន សួង នៅ​ក្រុង​សួង និង​ ៣៤ ​នាក់​ ត្រូវ​បាន​យក​ទៅ​ធ្វើ​ចត្តាឡីស័ក​នៅ​សាលា​បឋមសិក្សា​នៅក្នុង​ភូមិ​របស់​អ្នកជំងឺ​តែម្ដង​។

គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​កម្ពុជា​បាន​រាយការណ៍​ករណី​ជំងឺ​កូវីដ​ថ្មី​ចំនួន​ ៣ ​នាក់​ទៀត​ ដែល​ធ្វើ​ឱ្យ​ករណី​ឆ្លង​សរុប​កើន​ដល់​ ២៥១ ​នាក់ និង​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​ ២ ​នាក់​ ដែល​ធ្វើឱ្យ​ចំនួន​ជាសះស្បើយ​កើន​ដល់​ ២១៩ ​នាក់ ​ហើយ​អ្នក​កំពុង​បន្ត​សម្រាក​ព្យាបាល​មាន​ចំនួន​ ៣២ ​នាក់​៕

វីដេអូ៖