
សិក្ខាសាលាស្តីពីការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវវិស័យទឹកស្អាត និងអនាម័យឆ្នាំ ២០២០-២០២៣ របស់ស្ថានទូតឆែក ដែលចូលរួមដោយលោក Vlastimil Tesar ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។ រូបថត សហការី
កំពង់ឆ្នាំងៈ ស្ថានទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជាកំពុងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវវិស័យទឹកស្អាត និងអនាម័យរយៈពេល ៤ ឆ្នាំជួយឱ្យពលរដ្ឋចំនួន ៩ ៦៦២ គ្រួសារ នៅស្រុកចំនួន ២ គឺស្រុកសាមគ្គីមានជ័យ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានទឹកស្អាត និងបង្គន់អនាម័យប្រើប្រាស់។
គម្រោងនេះគឺអនុវត្តចាប់ពីខែកក្កដាឆ្នាំ ២០២០ ទៅដល់ខែមិថុនាឆ្នាំ ២០២៣ ជួយទៅប្រជាពលរដ្ឋនៅក្នុងភូមិចំនួន ៤៥ ក្នុងឃុំចំនួន ៨។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតឆែកប្រចាំកម្ពុជាកាលពីថ្ងៃទី ៨ កញ្ញាបញ្ជាក់ថា ការអនុវត្តគម្រោងទឹកស្អាត និងអនាម័យនេះគឺផ្ដោតសំខាន់ទៅលើសាលាបឋមសិក្សាចំនួន ១៦ ដែលសិស្សនឹងត្រូវបានអប់រំឱ្យអនុវត្តអនាម័យស្អាត ហើយសាលារៀនដែលត្រូវជ្រើសរើសនឹងទទួលបានទឹកស្អាតថ្មី និងបន្ទប់ទឹកអនាម័យថ្មីសម្រាប់ប្រើប្រាស់។
គម្រោងនេះនឹងសហការជាមួយវិស័យឯកជននៅក្នុងតំបន់ និងការបណ្ដុះបណ្ដាលទៅដល់បុគ្គលិកផ្គត់ផ្គង់ទឹកស្អាត។ ការសិក្សាពីលទ្ធភាពដំបូងរួមទាំងការវាយតម្លៃលម្អិតលើប្រភពទឹកផឹកនាពេលបច្ចុប្បន្ន និងការដោះស្រាយតាមបច្ចេកទេសដែលត្រូវធ្វើឡើងដោយក្រុមអ្នកជំនាញប្រទេសឆែក។
លោក Vlastimil Tesar ភារធារីស្តីទីនៃស្ថានទូតសាធារណរដ្ឋឆែកថ្លែងថាទឹកស្អាត និងបង្គន់អនាម័យជាអាទិភាពមួយរបស់សាធារណរដ្ឋឆែកនៅកម្ពុជាហើយឆែកចាត់ទុកការផ្គត់ផ្គង់ទឹកស្អាតមានសុវត្ថិភាពជាធាតុសំខាន់សម្រាប់សុខភាពប្រជាជន។
លោកថា៖ «ប្រសិនបើទឹកមិនមានគុណភាពតាមស្តង់ដាសមរម្យទេនោះ វាអាចបង្កឱ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ម្យ៉ាងទៀត ការសម្អាត និងអនាម័យត្រឹមត្រូវគឺពិតជាចាំបាច់ណាស់ ជាពិសេសពេលមានរោគរាតត្បាតអាចជួយឱ្យប្រជាជនមានសុវត្ថិភាព និងមានសុខភាពល្អ»។
គម្រោងមានទឹកប្រាក់ ១ លានដុល្លារនេះគឺជាគម្រោងទី ១៧ ស្ដីពីការលើកកម្ពស់អនាម័យ និងទឹកស្អាតដែលអនុវត្តដោយអង្គការឆែក Diaconia ECCB មជ្ឈមណ្ឌលមនុស្សធម៌ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្រុមហ៊ុនឆែក G-servis និងសាកលវិទ្យាល័យវិទ្យាសាស្ត្រជីវិតរបស់ឆែក ដើម្បីធានានូវគុណភាពបច្ចេកទេសរបស់គម្រោងហើយនឹងសហការគ្នាជាមួយអង្គការជីវិតថ្លៃថ្នូរ ជាអង្គការដៃគូនៅកម្ពុជា។
កាលពីថ្ងៃទី ៨ កញ្ញា សាលាខេត្តកំពង់ឆ្នាំងបានបើកសិក្ខាសាលាស្តីពីការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងនូវវិស័យទឹកស្អាត និងអនាម័យឆ្នាំ ២០២០-២០២៣ របស់ស្ថានទូតឆែកនេះដែលចូលរួមដោយលោក Vlastimil Tesar ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកប្រចាំកម្ពុជា និងលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង។
រដ្ឋបាលខេត្តនេះរំពឹងថា គម្រោងនេះនឹងជួយសហគមន៍ឲ្យទទួលបានទឹកស្អាតប្រើ និងយល់ដឹងពីការប្រើបង្គន់ និងអនាម័យក៏ដូចជួយពង្រឹងសមត្ថភាពគណៈកម្មការគ្រប់គ្រងទឹកឱ្យមានប្រសិទ្ធភាព៕