ភ្នំពេញៈ សារព័ត៌មាន​របស់​ប្រទេស​អូស្ត្រាលី​បាន​ចុះផ្សាយ​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដីគោក​ដ៏​តិចតួច ដែល​គ្មាន​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ទោះបី​ជា​មាន​ប្រព័ន្ធ​សុខាភិបាល​ដែល​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​តិចតួច​ក៏ដោយ​។

បន្ទាប់ពី​មាន​ការលើកឡើង​ដូចនេះ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន បានឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹងថា វា​ជា​ការផ្តល់នូវ​ភាពយុត្តិធម៌​សម្រាប់​ប្រទេស​កម្ពុជា​ និង​ការទទួល​យក​នូវ​ការពិត​ដែល​កម្ពុជា​បាន​ខិតខំ​ក្នុង​ការទប់ស្កាត់​ការចម្លង​នូវ​វីរុស​កូវីដ​ ១៩​ បានល្អ​ប្រសើរ​។

លោកស្រី​ថា ប្រទេស​កម្ពុជា ​មិនមាន​អ្នកស្លាប់ ដោយ​វីរុស​កូវីដ​ ១៩ ដែល​កន្លងមក​មាន​ជនបរទេស​ និង​មតិ​អន្តរជាតិ​មួយចំនួន​ហាក់​មាន​មន្ទិល​សង្ស័យថា កម្ពុជា​មាន​ការលាក់លៀម​នូវ​ករណី​ឈឺ​ក៏ដូចជា​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​។

លោកស្រី​ ឱ វណ្ណឌីន ​បាន​មានប្រសាសន៍​ថា​៖ «​ឥឡូវនេះ យុត្តិធម៌​បានផ្តល់​មកឱ្យ​កម្ពុជា​ពិតប្រាកដ​ហើយ ក៏មាន​ការទទួល​ស្គាល់​ច្បាស់លាស់​អំពី​ការខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា ​ដែល​ធ្វើបាន​ល្អប្រសើរ​ក្នុង​ការដាក់​វិធានការ​ទប់ស្កាត់​ការចម្លង​នូវ​វីរុស​កូវីដ​ ១៩»​។

បើតាម​អ្នកនាំពាក្យ​រូបនេះ​ក្រុម​គ្រូពេទ្យ​កម្ពុជា​នឹង​បន្ត​ប្រើប្រាស់​នូវ​សមត្ថភាព​ផ្ទាល់ខ្លួន​ដើម្បី​បម្រើសេវា​ជូន​ដល់​ប្រជាពលរដ្ឋ​ហើយ​លោកស្រី​សង្ឃឹមថា តាមរយៈ​បទពិសោធ​នៃ​ការគ្រប់គ្រង​ និង​ការឆ្លើយតប​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ នឹង​មាន​អត្ថប្រយោជន៍​បំផុត​សម្រាប់​កម្ពុជា​ក្នុងការ​បន្ត​នូវ​វិធានការ​នានា​ក្នុងការ​ត្រៀមលក្ខណៈ​រួចជាស្រេច​ទុកជាមុន​សម្រាប់​ប្រយុទ្ធប្រឆាំង​ទៅនឹង​ជំងឺឆ្លង​ផ្សេងៗ​ទៀត​នៅពេល​ខាងមុខ​។

ដោយឡែក​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​កាលពី​ថ្ងៃទី​ ២២ ខែមករាថា ​លោក​នឹង​ចាក់​ម្ជុល​ទី​ ១ ​ដប​ដូស​ទី​ ១ នៃ​វ៉ាក់សាំង​កូវីដ​ ១៩ ដើម្បី​ផ្តល់​ជំនឿ​ទុកចិត្ត​របស់​ប្រជាជន​កម្ពុជា ហើយ​អ្នក​ដែល​ចាក់​វ៉ាក់សាំង​ជូន​លោក គឺជា​គ្រូពេទ្យ​ការពារ​លោក​ផ្ទាល់​តែម្តង​។

លោក​មានប្រសាសន៍​ថា៖ «​តម្លៃ​ខ្លួន​ខ្ញុំ គឺ​ខ្ញុំ​ត្រូវតែ​ធ្វើ​ដើម្បីឱ្យ​ប្រជាជន​កម្ពុជា​។ នៅពេលដែល​ចាក់​វ៉ាក់សាំង​រួច ខ្ញុំ​នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​តែម្តង​ដើម្បី​ធ្វើការ​បញ្ជូនសារ​ថា កម្ពុជា​បានចាប់ផ្តើម​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ហើយ​»​។

លោកនាយក​រដ្ឋមន្ត្រី​លើកឡើង​ក្នុងពេល​អញ្ជើញ​សម្ពោធ​សមិទ្ធផល​ថ្មីៗ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​សប្តាហ៍​មុន​ថា អ្វីដែល​លោក​ចង់បាន​គឺ​មុន​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ កម្ពុជា​ត្រូវ​ទទួល​នូវ​ការចាក់​វ៉ាក់សាំង​ចំនួន​ ៥០ ម៉ឺន​នាក់ ព្រោះ​នៅពេល​ខាងមុខ​នេះ​វ៉ាក់សាំង​ចំនួន​ ៣០ ​ម៉ឺន​ដូស​ នឹង​មកដល់​កម្ពុជា​សម្រាប់​ចាក់​មនុស្ស​ ១៥ ម៉ឺន​នាក់ ហើយ​ខាង​ប្រទេស​ចិន​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ទទួលបាន​ចំនួន​ ៦០ ​ម៉ឺន​ដូស​។

លោក​មានប្រសាសន៍​ថា​៖ «​ក្នុងស្ថានភាព​នេះ យើង​មិនអាច​រង់ចាំ​តទៅទៀត​ទេ យើង​ត្រូវ​ទាក់ទង​រក​វ៉ាក់សាំង ដើម្បី​យកមក​ចាក់​ជូន​ប្រជាពលរដ្ឋ​យើង​ឥតគិតថ្លៃ និង​ឈរលើ​គោលការណ៍​ស្ម័គ្រចិត្ត​។ ប្រទេស​ចិន​ បាន​ទទួល​ជោគជ័យ​ទាំងស្រុង​ក្នុង​ការផលិត​វ៉ាក់សាំង​កូវីដ ​១៩ ចំនួន​ ២ ប្រភេទ​នោះ​គឺ ស៊ីណូវ៉ាក់ ផលិត​ដោយ​ក្រុមហ៊ុន​ឯកជន និង​ស៊ីណូហ្វាម ផលិត​ដោយ​រដ្ឋាភិបាល​ចិន ហើយ​យើង​នឹង​ប្រើ​ទាំង​ ២ ​ទាំង​ស៊ីណូហ្វាម និង​ស៊ីណូវ៉ាក់​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក​ ហ៊ុន សែន ក៏បាន​ប្រកាស​ផងដែរ​ថា វ៉ាក់សាំង​ស៊ីណូហ្វាម​នឹង​មកដល់​កម្ពុជា​នៅ​ខែកុម្ភៈ ហើយ​លោក​នឹង​ទៅ​ទទួលយក​វ៉ាក់សាំង​នេះ​ដោយ​ខ្លួនឯង​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​តែម្តង​។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី​ ២៤ ខែ មករា ឆ្នាំ​ ២០២១ កម្ពុជា​មាន​អ្នក​ឆ្លង​វីរុស​កូវីដ​ ១៩ ​ចំនួន ៤៥៨ ​នាក់​ ក្នុង​នោះ​មាន​អ្នក​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​ ៤០៥ ​នាក់​ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​ ៥៣ ​នាក់​៕

វីដេអូ៖