ភ្នំពេញៈ ​សារព័ត៌មាន Vice Asia បានសម្រេច​លុប​ខ្លឹមសារ​នៃ​បទសម្ភាស​ជាមួយ​ជនជាតិ​អៀកឡង់​ឈ្មោះ Matt Loughrey ចេញពី​បណ្តាញ​ផ្សព្វផ្សាយ​របស់​ខ្លួន​ និង​ចេញ​សារ​សុំទោស​ជា​សាធារណៈ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ និង​ប្រជាជន​កម្ពុជា​ចំនួន ២ លើក ក្រោយពី​មានប្រតិកម្ម​ពី​សាធារណ​ជនជាតិ អន្តរជាតិ និង​វិធានការ​របស់​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ។ នេះ​បើតាម​សេចក្តី​ជូន​ដំណឹង​ក្រសួង​វប្បធម៌​ និង​វិចិត្រសិល្បៈ​នៅ​ថ្ងៃទី ១៩ ខែ​មេសា​ឆ្នាំ ២០២១ នេះ។

សេចក្តី​ជូនដំណឹង​នេះ​បន្តថា លើក​ទី ១ កាលពី​ថ្ងៃ​សុក្រ ទី ៩ ខែ​មេសា បណ្ដាញ​សារព័ត៌មាន VICE Asia បាន​ចុះផ្សាយ​បទសម្ភាស​មួយ​ជាមួយ Matt Loughrey វិចិត្រករ ដែល​បាន​កែប្រែ​រូបថត​ជនរងគ្រោះ​ពី​មន្ទីរ​ស-២១ នៅ​កម្ពុជា ទៅជា​រូប​គូល័រ ដែល​រូបថត​ទាំង​នោះ​ធ្លាប់​ប្រើប្រាស់​ដោយ​របប​ខ្មែរក្រហម​នា​អំឡុង​ឆ្នាំ ១៩៧៥ ដល់ ១៩៧៩។

អត្ថបទ​ផ្សព្វផ្សាយ​នេះ​បាន​បង្ហាញ​រូបថត​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរក្រហម​ដែល​ច្នៃ​ដោយ​លោក Loughrey ខុសពី​ការពិត។ សាច់រឿង​អត្ថបទ​នេះ មិន​បាន​ឆ្លើយតប​ទៅនឹង​កម្រិត​ស្តង់ដា​នៃ​វិចារណកថា របស់ VICE Asia ឡើយ ហេតុដូច្នេះ​ទើប​អត្ថបទ​ខាងលើ​ត្រូវ​ដកចេញ​ពី​បណ្តាញ​សារព័ត៌មាន។

សារព័ត៌មាន VICE Asia ឱ្យ​ដឹងថា «យើងខ្ញុំ​សោកស្ដាយ ពន់ពេក​ចំពោះ​កំហុស​ដែល​កើតមាន ហើយ​យើង​ខ្ញុំ​នឹង​បន្ត​តាមដាន​ពី​ភាពខ្វះខាត​លើ​ដំណើរការ​នៃ​ការកែសម្រួល​អត្ថបទ​មុនពេល​ចេញផ្សាយ»។

បើតាម​ក្រសួង​វប្បធម៌ បញ្ជាក់​ថា សារព័ត៌មាន VICE Asia បាន​សរសេរ​សូមទោស​លើក​ទី ២ ថា “យើងខ្ញុំ​បាន​ចំណាយពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ដើម្បី​ពិនិត្យ​ឡើងវិញ​នូវ​កង្វះខាត​ក្នុង​ការចេញ​ផ្សាយ​អត្ថបទ​របស់ Matt Loughrey។ យើងខ្ញុំ មាន​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការឈឺចាប់​បណ្តាល​មកពី​អត្ថបទ​នេះ និង​សូម​អភ័យទោស​ដោយស្មោះ​ចំពោះ​ក្រុមគ្រួសារ​ជនរងគ្រោះ​ និង​ប្រជាជន​ក្នុង​ប្រទេស​កម្ពុជា»។

សារព័ត៌មាន VICE Asia បន្តថា៖ «បច្ចុប្បន្ន យើងខ្ញុំ​កំពុង​ទាក់ទង​ផ្ទាល់​ជាមួយ​សហគមន៍​ និង​បុគ្គល​មួយចំនួន​ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ។ យើងខ្ញុំ​នឹង​បន្ត​ខិតខំ​ត្រួតពិនិត្យ និង​ថ្លឹងថ្លែង​យ៉ាង​ហ្មត់ចត់​ចំពោះ​អត្ថបទ​ដែល​ត្រូវ​ចុះផ្សាយ​ក្នុង​បណ្តាញ​របស់​យើងខ្ញុំ ដើម្បី​ធានាថា​នឹងមិន​ឲ្យ​មាន​ការខ្វះខាត​កើតមាន​ឡើង​ជាថ្មី​ម្ដង​ទៀតឡើយ»។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១ បានស្នើ​ដល់​សារព័ត៌មាន VICE Asia ឱ្យ​លុប​រូប​ជនរងគ្រោះ​ជំនាន់​ខ្មែរក្រហម​ដែល​ខ្លួន​យក​ពី​មន្ទីរ​ស-២១ ទៅ​បង្ហោះ​តែ​បែរជា​កែ​ខុសពី​ស្ថានភាព​ដើម។

ការស្នើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​សារព័ត៌មាន VICE Asia នេះ​បាន​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា These People Were Arrested by the Khmer Rouge and Never Seen Again (ពលរដ្ឋ​ទាំងនេះ ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ពួក​ខ្មែរក្រហម ហើយ​បាត់​ខ្លួន​ជា​រៀងរហូត)។ អត្ថបទ​នេះ​បាន​ផ្សាយ​ពីថ្ងៃ​ទី ៩ ខែមេសា ឆ្នាំ ២០២១ ដែល​បាន​យក​រូបថត​ជនរងគ្រោះ​ជំនាន់​ខ្មែរក្រហម​ទៅ​កែច្នៃ​ជា​ពណ៌​ធម្មជាតិ និង​បាន​ច្នៃ​ឲ្យ​ខុសពី​ស្ថានភាព​ជាក់ស្តែង អំឡុង​ពេល​ដែល​ជនរងគ្រោះ​ទទួលរង​នូវ​ការគំរាមកំហែង​ពី​សំណាក់​ពួក​ខ្មែរក្រហម៕