
កុលាលភាជន៍ដែលត្រូវបានគេដាក់តាំងក្នុងពិធីមួយកន្លងមក។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ សារមន្ទីរកុលាលភាជន៍អង្គរភូមិតានី មានគម្រោងផលិតចម្លងកុលាលភាជន៍បុរាណមួយចំនួនឡើងវិញដើម្បីលើកស្ទួយស្នាដៃដូនតាដែលគម្រោងនេះនឹងដាក់ស្នើនៅចុងឆ្នាំនេះ ដើម្បីទទួលបានការយល់ព្រមពីគណៈកម្មការ ICC អង្គរ។
លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានទទួលបន្ទុកការងារផ្នែកវប្បធម៌ គ្រប់គ្រងសារមន្ទីរកុលាលភាជន៍អង្គរភូមិតានីបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ក្រុមការងារនៃនាយកដ្ឋានទទួលបន្ទុកផ្នែកវប្បធម៌មានគម្រោងមួយ ដើម្បីលើកកម្ពស់គម្រោងឡបុរាណនៅភូមិតានីដោយបង្កើតរោងជាងកុលាលភាជន៍ ដើម្បីឱ្យប្រជាពលរដ្ឋក្នុងភូមិមានឱកាសផលិតកុលាលភាជន៍របស់ខ្មែរឡើងវិញ។
លោកបន្តថា គម្រោងនេះអាចជាប្រយោជន៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជនលើវិស័យទេសចរណ៍ និងសម្រាប់ជាការរំឭកអំពីស្នាដៃដូនតាក្នុងការបង្ហាញពីការស្រឡាញ់ថែទាំ កុលាលភាជន៍ទៅកាន់ភ្ញៀវទេសចរ ដែលបានចូលទស្សនាកម្សាន្ត ហើយក៏អាចទិញធ្វើជាវត្ថុអនុស្សាវរីយ៍បានផងដែរ។
លោកបន្តថា៖ «កន្លែងយើងនេះ គ្រាន់ជាកន្លែងបង្ហាញពីទម្រង់កុលាលភាជន៍ដែលមានច្រើនប្រភេទ សម្រាប់ឲ្យភ្ញៀវគាត់បានឃើញ ហើយក៏អាចទិញបានដោយក្នុងនោះ គាត់អាចឃើញផ្ទាល់ពីរបៀបនៃការផលិត កុលាលភាជន៍»។
ទោះយ៉ាងណាលោក សុធារ៉ា ឲ្យដឹងថា ដោយសារតែគម្រោងនេះទើបតែត្រូវបានលើកឡើងពីមន្ត្រីជំនាញ ដូច្នេះគម្រោងនេះនឹងត្រូវបន្តដាក់ស្នើទៅគណៈកម្មការ ICC អង្គរ ដើម្បីធ្វើការសម្រេចដោយលោកសង្ឃឹមថា គម្រោងនេះនឹងលេចជារូបរាងនៅឆ្នាំ ២០២២ ខាងមុខ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា អាជ្ញាធរអប្សរា គាំទ្រចំពោះគម្រោងនេះ និងបន្តជំរុញបន្ថែមទៀត ខណៈដែលលោកចាត់ទុកថា នេះជាមរតកដូនតាខ្មែរដែលបានបន្សល់ទុកសម្រាប់ខ្មែរ ដែលគួរតែចូលរួមប្រើប្រាស់នូវវត្ថុទាំងនោះឡើងវិញ។
លោកថា ការចម្លងគំរូកុលាលភាជន៍បុរាណមកប្រើប្រាស់ឡើងវិញសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ក៏ជាការរំឭកស្នាដៃដូនតាឡើងវិញដែរដើម្បីធ្វើឱ្យមរតកដូនតាបានរស់រវើកឡើងវិញយ៉ាងដូច្នោះដែរ។
លោកបន្ថែមថា៖ «គោលបំណងនេះ គឺចង់បង្ហាញជូនទៅកាន់សាធារណជនឲ្យបានជ្រាបច្បាស់ពីភាពសម្បូរបែបនៃកុលាលភាជន៍ខ្មែរមានពីសម័យបុរាណ គឺមានច្រើន។ បន្ថែមពីនេះក៏យើងចង់ឲ្យមានការប្រើប្រាស់វត្ថុដែលជាទម្រង់ពីបុរាណ ដែលបានបង្កើតឡើងដែលយើងអាចយកមកប្រើប្រាស់ ដើម្បីបម្រើដល់ការរស់នៅរបស់យើង ឬធ្វើវាជាវត្ថុអនុស្សាវរីយ៍បានផងដែរ»។
សាស្ដ្រាចារ្យបណ្ឌិត ធុយ ចាន់ធួន អ្នកបុរាណវិទូម្នាក់ដែលធ្លាប់សិក្សាពីកុលាលភាជន៍សម័យបុរេប្រវត្ដិសាស្ត្របានលើកឡើងថា គំនិតនៃការចម្លងកុលាលភាជន៍នេះគឺជារឿងមួយដែលល្អ ព្រោះថាអាចផ្សព្វផ្សាយនូវស្នាដៃទាំងនេះដល់អ្នកជំនាន់ក្រោយជាពិសេសភ្ញៀវទេសចរ ព្រោះការចម្លងកុលាលភាជន៍ទាំងនេះគឺមិនបានធ្វើឲ្យប៉ះពាល់ដល់ទម្រង់នៃកុលាលភាជន៍ដើមនោះទេ។
លោកបានបន្ថែមថា៖ «កុលាលភាជន៍ គេធ្វើការចម្លងបានណា ព្រោះមូលហេតុអ្វី? ព្រោះកុលាលភាជន៍ គេមិនចម្លងថ្ម ឬក៏សំរឹទ្ធបានទេ ដោយសារតែទម្រង់របស់វា ខុសគ្នា។ បើទោះជាចម្លងពីខាងក្រៅដូច ១០០ ភាគរយ មើលពីខាងក្រៅអី ក៏ខាងក្នុងមិនដូចដែរ។ ដូច្នេះការចម្លងពីស្នាដៃចាស់មកស្នាដៃថ្មីហ្នឹង វាគឺជារឿងល្អមួយ សម្រាប់បង្ហាញថាសិល្បៈចម្លាក់បុរាណរបស់ខ្មែរយើងដល់កម្រិតណា ហើយយើងកុំបារម្ភថា គេចម្លងអី»។
លោកសាស្ដ្រាចារ្យបណ្ឌិតបានពន្យល់ថា ជាទូទៅការចម្លងកុលាលភាជន៍នីមួយៗមានលក្ខណៈខុសគ្នាទៅតាមស្នាដៃ និងទៅតាមតំបន់របស់អ្នកភូមិអ្នកស្រុក ហើយវាកាន់តែមានភាពខុសគ្នាទៅទៀតទៅតាមប្រទេសនីមួយៗ៕