ភ្នំពេញ: សារមន្ទីរ​ធំៗ​ចំនួន​ ១០ ​កន្លែង​ដែល​រក្សា​ឯកសារ និង​វត្ថុ​បុរាណ​ត្រូវបាន​បិទ​ជា​បណ្តោះអាសន្ន​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ជា​វិធានការ​ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។

លោក ឡុង ប៊ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា សារមន្ទីរ​ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​ជូនដំណឹង​ឲ្យ​បិទ​បណ្ដោះអាសន្ន​នេះ​មាន​ចំនួន​ ១០ ​កន្លែង​រួមមាន​ទាំង​សារមន្ទីរ​តូចៗ​តាម​បណ្ដា​ខេត្ត​មួយចំនួនទៀត​ ប៉ុន្ដែ​លោក​មិនបាន​ចាំ​ច្បាស់​ពី​ចំនួន​សារមន្ទីរ​តូចៗ​ទាំងអស់​នោះទេ​។

លោក​បាន​បន្តថា សារមន្ទីរ​ធំៗ​ទាំង​ ១០ ​កន្លែង​នេះ​ជា​សារមន្ទីរ​ធ្វើ​សកម្មភាព​សកម្ម​ជាងគេ ដោយ​ធ្លាប់​បើក​បម្រើ​ឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ និង​សាធារណជន​ចូល​ទស្សនា​ជាប្រចាំ​ថ្ងៃ​។ សារមន្ទីរ​ទាំងអស់​នេះ​ត្រូវ​បាន​ដាក់តាំង​បង្ហាញ​នូវ​ឯកសារ​ប្រវត្តិសាស្ត្រ​វត្ថុបុរាណ​គ្រប់​សម័យកាល​វត្ថុ​ដែល​ជា​ភ័ស្ដុតាង​សង្គ្រាម​ និង​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ទៀត​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​បិទ​តាំងពី​ថ្ងៃទី​ ១៨ ខែមីនា​។ រីឯ​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ក៏​មាន​សកម្មភាព​ខ្លះ​ដែរ​ដូចជា​នៅ​ខេត្តបាត់ដំបង កំពង់ធំ សៀមរាប និង​ខេត្ត​ផ្សេងទៀត​ក៏ត្រូវ​បិទ​ដែរ​។ រឿង​ប៉ះពាល់​គឺ​វា​ប៉ះពាល់​ហើយ​តែ​គ្រាន់តែ​តិច និង​ច្រើន​ហើយ​អ្វីដែល​សំខាន់​គឺ​យើង​ទប់ស្កាត់​វីរុស​កូរ៉ូណា​នេះ​»​។

លោក ឡុង កុសល ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ និង​ជា​អ្នកនាំពាក្យ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែង​ពី​ម្សិលមិញ​ថា សារមន្ទីរ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ជាតិ​អប្សរា​មាន​ចំនួន ៣ ​កន្លែង​រួមមាន សារមន្ទីរ​ព្រះនរោត្តម​សីហនុអង្គរ សារមន្ទីរ​ឡតានី និង​សារមន្ទីរ​វាយនភណ្ឌ​ប្រពៃណី​អាស៊ី​ត្រូវ​បាន​បិទ​មិន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ចាប់​តាំងពី​ថ្ងៃទី​ ១៨ ខែមីនា​មក​។

លោក​បន្តថា ការហាម​នេះ​លោក​មិនទាន់​ដឹង​ពី​ពេលវេលា​ដែល​ត្រូវ​បើក​ដំណើរការ​ឡើងវិញ​ទេ ដោយ​នឹង​បន្ត​រង់ចាំ​រហូតដល់​ស្ថានភាព​ជំងឺឆ្លង​កូវីដ​ ១៩ ធូរស្រាល និង​រហូតដល់​មាន​ការណែនាំ​ថ្មី​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

លោក​បញ្ជាក់ថា​៖ «​បើ​បិទ​សារមន្ទីរជាតិ​បែបនេះ ខ្ញុំ​គិតថា​វា​ប៉ះពាល់​គឺ​វា​ប៉ះពាល់​ហើយ ប៉ុន្ដែ​វា​មិន​ប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​ទេ ព្រោះ​ស្ថានភាព​យើង​ក៏ដូចជា​ស្ថានភាព​ពិភពលោក​អ៊ីចឹង​ដូចគ្នា គ្រាន់តែ​ថា វា​ប៉ះពាល់​តិច ឬ​ច្រើន​ហើយ​អ្វីដែល​សំខាន់ យើង​ត្រូវតែ​ការពារ​វីរុស​ឆ្លង​កូរ៉ូណា​នេះ ព្រោះ​វា​រីក​រាលដាល​ខ្លាំង​។ ដូច្នេះ​បើ​យើង​បើក​បន្ត​វា​នាំ​ឲ្យ​មាន​ការឆ្លង​ពីគ្នា​ទៅវិញទៅមក​»​។

លោកស្រី ចន្ដា ក្លេ ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​រដ្ឋាភិបាល​តាមរយៈ​ក្រសួងសុខាភិបាល និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នេះ​ព្រោះ​វា​ជា​ចំណាត់ការ​ទប់ស្កាត់​ទៅលើ​ការរីក​រាលដាល​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​។ លោកស្រី​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ដែល​ទទួលខុសត្រូវ​សារមន្ទីរ​ត្រូវគោរព និង​អនុវត្ត​អនុសាសន៍​នេះ​។

លោកស្រី​បញ្ជាក់ថា​៖ «​ជាធម្មតា​បើ​ការបិទ​សារមន្ទីរ​ជាតិ​បែបនេះ​វា​តែងតែ​ប៉ះពាល់​រដ្ឋ​គឺ​គ្មាន​ចំណូល​ចូល​រដ្ឋ​ទាំង​ឯកជន ក៏​គ្មាន​ចំណូល និង​ប្រជាពលរដ្ឋ​ដែល​ប្រកបរបរ​ទាក់ទង​វិស័យ​ទេសចរណ៍​នេះ​ក៏​គ្មាន​ចំណូល​ដែរ អ៊ីចឹង​វា​ប៉ះពាល់​អ៊ីចឹង ប៉ុន្ដែ​សំខាន់​យើង​​ទប់ស្កាត់​ជំងឺឆ្លង​នេះ​ទាំងអស់​គ្នា​»​។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ចុះ​ថ្ងៃទី​ ១៨ ខែមីនា ​ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​ផលប៉ះពាល់​នៃ​ការរីករាលដាល​ជា​សកល​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ (​កូវីដ​ ១៩) នាពេល​បច្ចុប្បន្ន ក្រសួង​វប្បធម៌​សូម​ផ្អាក​ការចូល​ទស្សនា​សារមន្ទីរ​ទូទាំង​ប្រទេស​ចាប់ពី​ថ្ងៃទី ​១៨ ខែ មីនា ឆ្នាំ​ ២០២០ ​នេះ​តទៅ​។

ចំពោះ​ការបើក​ឲ្យ​ចូល​ទស្សនា​សារមន្ទីរ​ឡើងវិញ​ក្រសួង​នឹង​ជូនដំណឹង​នាពេល​ក្រោយ​។ ក្រសួង​បញ្ជាក់ថា ដូច្នេះ​សូម​លោក-លោកស្រី​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី-ខេត្ត សាធារណជន សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ទីភ្នាក់ងារ​ទេសចរណ៍ ក្រុមហ៊ុន​ទេសចរណ៍ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ សារមន្ទីរ​ជាតិ​អង្គរ (​ខេត្តសៀមរាប​) និង​សារមន្ទីរ​ឯកជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន និង​អនុវត្ត​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​ មីនា​ ឆ្នាំ​ ២០២០ តទៅ​៕