ភ្នំពេញៈ «សារ​មន្ទីរ​មគ្គុទ្ទេស​ក៍​តេជោ​សែន​» នៃ​វិមាន​ឈ្នះ-ឈ្នះ​ នឹង​អនុញ្ញាត​ឲ្យ​សាធារណជន​​ចូល​ទស្សនា​ ៤ ថ្ងៃ ក្នុង ១ សប្តា​ហ៍ គឺនៅ​ថ្ងៃ​ពុធ សុក្រ សៅរ៍ និង​ថ្ងៃ​អាទិត្យ ចាប់​ពី ម៉ោង ២ ដល់ម៉ោង ៥ ល្ងាច​។ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់គណៈ​កម្មការ​ សាង​សង់​វិមានឈ្នះ-ឈ្នះ ​ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ៥ ខែ កុ​ម្ភៈ ឆ្នាំ ២០១៩។

តាម​សេចក្តី​ជូន​ដំណឹង​ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ណឹ​ម សុវត្ថិប្រធាន​ក្រុម​ការ​ងារ​សិ​ក្សា​ស្រាវជ្រាវ​សាង​សង់​សំណ​ង់ ​វិមានឈ្នះ-ឈ្នះនេះបាន​​ឲ្យ​ដឹង​​ថា ក្នុង​រយៈ​ពេល​ ៥ សប្ដា​ហ៍​ ចុង​ក្រោយបន្ទាប់​ពី​ការ​សម្ពោ​ធ​​វិមានឈ្នះ-ឈ្នះ និង​អប​អរ​សាទរ ខួប​លើក​ទី ២០ នៃ​ទិវានយោបាយ​ ឈ្នះ-ឈ្នះ បាន​​ធ្វើ​ឲ្យ​វិ​មាន​ ឈ្នះ ឈ្នះ ទទួល​បាន​ការ​ទាក់ទាញ និង​យក​ចិត្ដ​ទុក​ដាក់ពី​សំណាក់​សាធា​រណ​ជន​ជាតិ និង​អន្ដរជាតិ ​មក​ចូលទស្សនាជាប់​ជា​ប្រចាំ​ជារៀង​រាល់ព្រឹក ល្ងាច និង​យប់។

សេចក្ដី​​ជូន​ដំណឹង​បន្ដថា៖​ «បច្ចុប្បន្ន​ ក្រុម​ការងារ​ បាន​បន្ដ​និរន្តរ​ភាព​ក្នុង​ដំណាក់​កាល​អន្ដ​រកាល​របស់​ខ្លួន ដោយ​ទទួល​ភារកិច្ច​ដ៏ធំធេង​លើ​ស្មារតី​ទទួ​ល​​ខុស​ត្រូវ និង​ម្ចាស់​ការ​ខ្ពស់»។

សេច​ក្ដី​​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា​ ការ​កំណត់​ពេល​វេលា​ឲ្យ​ចូល​ទស្សនា​នេះ គឺ​ដោយ​សារ​​សមាជិក​ក្រុម​ការងា​រ​​​ទទួល​បន្ទុក​វិមាន​ឈ្នះ-ឈ្នះ សមត្ថ​ភាព​នៅ​មាន​កម្រិត ក្នុង​ការ​ផ្តល់​សេវា និង​បច្ចេក​ទេស​មិន​ឆ្លើយ​តបទៅ​នឹង​ទី​តាំង​​ដែល​ទើប​ចាប់​ផ្តើម​កសាង​នេះ ​ដូច​ជា បរិវេណ​តូច ការគ្រប់​គ្រង​សេវា​បច្ចេក​ទេស អគ្គិសនី និង​សណ្តាប់​ធ្នាប់ ចេញចូល នៅ​មាន​កម្រិត​ទៅ​តាម​ទំហំ​សេចក្តី​ត្រូវ​ការ​របស់​ទស្សនិក​​ជន​​ជាតិ​-អន្តរ​ជាតិ។

លោក ណឹ​ម សុវត្ថិ បាន​​ឲ្យ​ដឹង​បន្ថែម​​កាល​ពីម្សិល​មិញ​ថា ​គណៈ​កម្មការក៏​អនុញ្ញាត​ឲ្យ​​មន្ត្រី​រាជ​ការមក​ពី​តាម​ក្រសួង​ស្ថាប័ន និង​ក្រុម​កម្ម​សិក្សា​នីមួយៗ ដែល​បាន​ស្នើ​សុំ​ជា​ផ្លូវ​ការ​អាច​ចូល​សិក្សា​ស្រាវ​ជ្រាវ​ ក្រៅ​ពីពេល​វេលា​កំណត់​ខាង​លើ​បាន​​​​។ ដោ​យឡែក​នៅ​តំបន់ ​សុខ​ដុម​នីយកម្ម តំបន់​សួន​តេជោ​សន្តិ​ភាព រូប​ចម្លាក់ និង​បរិវេណ​ជុំវិញ អនុញ្ញាត​ឲ្យ​ចូល​ទស្សនា​ជា​ធម្មតា។

លោកថ្លែង​ទៀត​​ថា គណៈ​កម្មការ​សាង​សង់វិមាន​ឈ្នះ-​ឈ្នះ បាន​រៀប​ចំក្រុម​ការ​ងារ ផ្ដល់​ព័ត៌មាន​មួយ​ នៅ​ខាង​មុខ​វិមាន​ឈ្នះ-ឈ្នះ ជាបណ្ដោះ​​អាសន្ន ដើម្បី​ចែក​រំលែក​ព័ត៌មា​ន ព្រម​ទាំង​ការ​យល់​ដឹងអំពី​ការ​តាំង​ពិព័រណ៍ និង​ការ​បញ្ចាំង​ខ្សែវីដេអូ​បឋម​ ដើម្បី​ជា​ការ​សិក្សា​ស្វែង​យល់​ជា​មុន។

គួរ​រំឭក​ថា វិមានឈ្នះ-ឈ្នះ ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២៥ ខែ​កុម្ភៈ ​ឆ្នាំ​ ២០១៦ ​បន្ទាប់ពី​ការ​សាង​សង់​​​អស់​រយៈពេល​ជាង​ ២ ឆ្នាំ​ ​វិមាន​ឈ្នះ-ឈ្នះ​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ កាលពី​ថ្ងៃ​ទី២៩ ខែធ្នូ ​ឆ្នាំ ២០១៨។ «សារមន្ទី​រ​មគ្គុទេ្ទស​ក៍​​​តេ​ជោ​សែន​» នៃវិមានឈ្នះ-ឈ្នះ ​បាន​រៀបរាប់​ពី​ប្រវត្តិ ​ទិវា​ចងចាំ​នៃ​ដំណើរ​ឆ្ពោះទៅ​ផ្ដួល​រំលំ​រប​ប​ប្រល័យពូជសាសន៍​ «ប៉ុល​ពត​» ​កាលពី​ថ្ងៃ​ទី ២០ ខែមិថុនា ​ឆ្នាំ ​១៩៧៧ ​និងសកម្មភាព​ដឹកនាំ​ប្រទេសជាតិ​របស់លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន ចាប់​តាំងពី​ក្រោយ​ថ្ងៃ​ជ័យជម្នះ ៧ មករា ​រហូតដល់​ការអនុវត្ត​គោល​នយោបាយ​ ឈ្នះ​-ឈ្នះ​ របស់​លោក​សព្វថ្ងៃ​នេះ៕