ភ្នំពេញៈ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ក្រសួង​កិច្ចការនារី​ពី​ម្សិលមិញ​បានចេញ​សារសំខាន់ៗ​អបអរសាទរ​ខួប​លើក​ទី​ ១០៩ ​ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា ក្រោម​ប្រធានបទ​ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​សមភាព​យេនឌ័រ​» ​ដើម្បី​រំឭក​ពី​ប្រវត្តិ​នៃ​ចលនា​តស៊ូ​របស់​នារី​ទូទាំង​សកលលោក​ក្នុង​ការទាមទារ​សិទ្ធិ​ស្មើភាព​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​។

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក​ ប្រាក់ សុខុន ថ្លែង​ក្នុង​ពិធី​អបអរ​ទិវា​នេះ​នៅ​ទីស្ដីការ​ក្រសួង​ពី​ម្សិលមិញ​ថា ប្រធានបទ​នៃ​ខួប​លើក​ទី​ ១០៩ នៃ​ទិវា​នារី​អន្តរជាតិ​ឆ្នាំនេះ​គឺ​ «​មាន​សន្តិភាព​មានការ​លើក​កម្ពស់​សមភាព​យេនឌ័រ​»​។ ប្រធានបទ​នេះ​មាន​ខ្លឹមសារ​ដ៏ជ្រាលជ្រៅ​បង្ហាញ​អំពី​សារៈសំខាន់​មិនអាច​ខ្វះ​បាន​នៃ​សន្តិភាព​ក្នុង​ការលើកកម្ពស់​សិទ្ធិ​ស្មើភាព​របស់​ស្ដ្រី​នៅក្នុង​សង្គម​។

លោក​រដ្ឋមន្ដ្រី​ថ្លែងថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដ៏ស្មោះ​ចំពោះ​ក្រុមការងារ​យេនឌ័រ​របស់​ក្រសួង​យើង ដែល​បាន​រៀបចំ​កម្មវិធី​អបអរសាទរ​នេះ​ឡើង ដើម្បី​រំឭក​ពី​ការតស៊ូ​យ៉ាង​ស្វិតស្វាញ​របស់​ស្ដ្រី​ទូទាំង​សកលលោក​ក៏ដូចជា នៅ​កម្ពុជា​ក្នុង​បុព្វហេតុ​ទាមទារ​នូវ​សិទ្ធិ ស្មើភាព​ខាង​សេដ្ឋកិច្ច សង្គម និង​នយោបាយ​។ ​កាលពី​ជាង​ ១០០ ​ឆ្នាំ​មុន សិទ្ធិ​ទាំងនោះ​ពុំ​ត្រូវ​បាន​ផ្ដល់ជូន​ស្ដ្រី​នោះឡើយ ហើយ​សូម្បី​តែ​សព្វថ្ងៃ​ក៏​នៅ​មាន​ការខ្វះខាត​ច្រើន​ក្នុង​ប្រទេស​មួយចំនួន​ផងដែរ​»​។

លោក​ ប្រាក់ សុខុន លើកឡើង​ថា បុព្វបុរស​ខ្មែរ​តាំងពី​សម័យ​អាណាចក្រ​នគរ​បាន​ឲ្យ​តម្លៃ​ទៅ​ស្ដ្រី​ថា​ជា​អ្នកផ្ដល់​ពន្លឺសុភមង្គល​សម្រាប់​គ្រួសារ​ដូច​ពាក្យចាស់​ពោលថា «​សំណាប​យោង​ដី ស្រី​យោង​ប្រុស​»​។ បច្ចុប្បន្ន​ការលើកកម្ពស់​សមភាព​យេនឌ័រ គឺជា​អាទិភាព​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​កម្ពុជា​។ ប៉ុន្ដែ​កិច្ចការ​នេះ​មិនអាច​សម្រេច​លទ្ធផល​ល្អ​បានឡើយ​នៅក្នុង​បរិបទ​ដែល​ប្រទេស​មាន​សង្គ្រាម អសន្តិសុខ និង​អស្ថិរភាព​នយោបាយ​។

លោក​បន្ដថា​ស្រប​តាម​និន្នាការ​ជា​សកល​ដែលមាន​ការទទួលស្គាល់​កាន់តែ​ទូលំទូលាយ​ចំពោះ​សារៈសំខាន់​នៃ​តួនាទី​របស់​ស្ដ្រី​ក្នុង​ការរួមចំណែក​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​បន្ត​អនុវត្ដ​នូវ​គោលនយោបាយ​ជំរុញ​ការគោរព​សិទ្ធិ​ស្មើភាព​របស់​ស្ដ្រី​។ ព្រមទាំង​បាន​បង្កើន​ការវិនិយោគ​ធនធាន​ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ស្ដ្រី​អាច​ពង្រីក និង​លើក​កម្ពស់​តួនាទី​របស់ខ្លួន​នៅក្នុង​រាល់​កិច្ចការ​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់ទុក​ស្ត្រី គឺជា​ឆ្អឹងខ្នង​នៃ​ប្រទេស​ជាតិ​។ ស្ដ្រី​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការថែរក្សា​សុខសន្ដិភាព និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​ប្រទេស​។ ក្នុងចំណោម​ស្ដ្រី​ពេញវ័យ​នៅ​កម្ពុជា​មាន​ចំនួន​ ៧៩ ​ភាគរយ​បាន​ចូលរួម​ក្នុង​កម្លាំង ពលកម្ម បម្រើ​ការងារ​តាម​ស្ថាប័នរដ្ឋ និង​គ្រឹះស្ថាន​ឯកជន​ដែល​ជា​អត្រា​ខ្ពស់​ជាងគេ​នៅក្នុង​តំបន់​»​។

រដ្ឋមន្ដ្រី​ការបរទេស​ក៏​បាន​រំឭក​ថា ចាប់តាំងពី​ឆ្នាំ​ ២០០៦ ​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្ដិភាព​តាមរយៈ​អង្គការ​សហប្រជាជាតិ​សរុប ​៦ ៥៥៦ នាក់​ក្នុង​នោះ​មាន​ស្ដ្រី ៣៣៨ ​នាក់​ផងដែរ​។ ក្នុង​បេសកកម្ម​នេះ​ក្នុង​តំបន់​អាស៊ាន​កម្ពុជា​ឈរ​លេខ​រៀង​ទី​ ២ ជា​ប្រទេស​ដែល​បាន​បញ្ជូន​កងកម្លាំង​ជា​នារី​នៃ​ប្រទេស​ដែល​បាន​បញ្ជូន​កម្លាំង​មួក​ខៀវ​។

លោកស្រី អ៊ាត សោភា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមការងារ​យេនឌ័រ​នៃ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ថ្លែង​ក្នុង​ពិធី​នេះ​ដែរ​ថា ការប្រារព្ធ​ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា​គឺ​ដើម្បី​រំឭក​អំពី​ប្រវត្តិ​នៃ​ចលនា​តស៊ូ​របស់​នារី​ទូទាំង​សកលលោក​ក្នុង​ការទាមទារ​សិទ្ធី​ស្មើភាព​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​បាន​ចាប់ផ្តើម​តាំងពី​ ១០៩ ឆ្នាំ​មុន​ ហើយ​មកទល់​ពេលនេះ​ក៏​នៅតែ​បន្ត​ខិតខំ​ជំរុញ​បន្ថែមទៀត​។

លោកស្រី​ថ្លែងថា​៖ «​ទោះជា​ក្នុង​រយៈពេល​កន្លងមក​នេះ សិទ្ធិ និង​សារៈសំខាន់​នៃ​តួនាទី​របស់​ស្ត្រី​ត្រូវ​បាន​ទទួលស្គាល់ និង​លើកកម្ពស់​យ៉ាង​ទូលំទូលាយ​ហើយ​កី្ត ក៏ប៉ុន្តែ​នារី​នៅតែ​ជួប​បញ្ហា​រើសអើង​ដោយផ្ទាល់ និង​ដោយ​ប្រយោល​ជាច្រើន ដូចជា​សិទិ្ធ​ក្នុង​ការទទួល​ការអប់រំ សិទ្ធិ​ទទួល​មរតក សិទ្ធិ​ក្នុង​ការបោះឆ្នោត​។​ល​។ ជាអាទិ៍​នៅ​អារ៉ាប៊ីសាអ៊ូឌីត ស្ត្រី​ទើប​បាន​ទទួល​សិទ្ធិ​បើកបរ​រថយន្ត​កាលពី​ឆ្នាំ​ ២០១៧ នេះ​ទេ​»​។

តាម​ការបង្ហាញ​របស់​លោកស្រី គឺ​តួលេខ​ជំរឿន​ប្រជាជន​ក្នុង​ខែ​មីនា ឆ្នាំ​ ២០១៩ ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​ ១៥,២ ​លាន​នាក់​មាន​ស្រី​ចំនួន​ ៥១,៥ ​ភាគរយ​ (៧.៨៦៩.៩១២ ​នាក់​) រីឯ​ប្រុស​មាន​ ៤៨,៥ ​ភាគរយ​(៧.៤១៨.៥៧៧​នាក់​)​។

លោកស្រី​បន្តថា ក្រសួង​កិច្ចការនារី​បានជ្រើសរើស​យក​ប្រធានបទ «​មាន​សន្តិភាព មាន​ការលើកកម្ពស់​សមភាព​យេនឌ័រ​» ​សម្រាប់​ការអបអរសាទរ​ខួប​លើក​ទី​ ១០៩ ​ទិវា​អន្តរជាតិ​នារី​ ៨ ​មីនា ឆ្នាំ​ ២០២០​។ ក្នុង​គោលបំណង​ទី​ ១ ​គឺ​ «​អរគុណ​ដល់​សន្តិភាព​» ​ក៏ដូចជា​បំផុសស្មារតី ស្រឡាញ់​ថែរក្សា​សន្តិភាព​ដែល​បាន​នាំមក​នូវ​ការឯកភាព​ជាតិ និង​ទឹកដី​។ អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​បានរស់នៅ​ដោយ​សុខសាន្ត​ក្នុង​សេរីភាព​របប​ប្រជាធិបតេយ្យ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​លើ​គ្រប់​វិស័យ និង​សមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​ក្នុង​តំបន់ និង​ពិភពលោក​។ រំលេច​អំពី​សារៈសំខាន់ និង​តម្លៃ​ដែល​មិនអាច​កាត់ថ្លៃ​បាន​នៃ​សន្តិភាព​។

លោកស្រី​បន្ថែមថា ប្រធានបទ​នេះ​មិន​ត្រឹមតែ​បាន​នាំមក​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​បរិយាកាស​អំណោយផល​ដល់​ការងារ​ជំរុញ​សមភាព​យេនឌ័រ និង​ការលើក​កម្ពស់​សិទ្ធិ និង​ពង្រឹង​ភាព​អង់អាច​របស់​ស្ត្រី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ទាំងមូល​។

ក្រសួង​កិច្ចការនារី​នៅ​ថ្ងៃទី​ ៣ ខែមីនា បានចេញ​សារសំខាន់ៗ​ដើម្បី​ផ្សព្វផ្សាយ​ក្នុង​យុទ្ធនាការ​អបអរសាទរ​ខួប​លើក​ទី ១០៩ ​ទិវា​នារី​អន្តរជាតិ​ ៨ ​មីនា​ផងដែរ​។ សារៈសំខាន់ៗ​របស់​ក្រសួង​កិច្ចការនារី​រួមមាន​ «​អរគុណ​សម្តេច តេជោ​នាយករដ្ឋមន្ដ្រី​ដែល​បាន​ដឹកនាំ​កម្ពុជា​ឲ្យ​មាន​សន្តិភាព​»​។ «​អរគុណ​សន្តិភាព​ដែល​ធ្វើឲ្យ​ប្រទេសជាតិ​រីកចម្រើន​រុងរឿង​»​។ «​រួមគ្នា​ថែរក្សា​សន្តិភាព ធានា​បាន​សមភាព​យេនឌ័រ​ប្រកប​ដោយ​បរិយាប័ន្ន​»​។ «​វិនិយោគ​លើ​សមភាព​យេនឌ័រ ដើម្បី​កិច្ចអភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​»​។ «​ស្ត្រី​រួមគ្នា​ថែរក្សា​ការពារ​សន្តិភាព ដើម្បី​អភិវឌ្ឍន៍​ជាតិ​»​។​«​មាន​សន្តិភាព​មាន​ការលើកកម្ពស់​សមភាព​យេនឌ័រ​»៕