ភ្នំពេញៈ នៅ​ថ្ងៃទី​ ១៦ ខែ ​តុលា​ ឆ្នាំ​ ២០២០ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​សម្រាប់​អាណត្តិ​ទី​ ១៣​។ បេក្ខជន​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​សម្រាប់​ធ្វើ​ជា​ប្រធាន​នៅក្នុង​អាណត្តិ​ថ្មី​នេះ​មាន​ ៥ ​រូប​ រួមមាន​លោក​ លី ច័ន្ទតុលា លោក កែត ឃី លោក​ សំ សុគង់ លោក​ សេក សោភ័ណ និង​លោក ស សូវាន​។

ខាងក្រោម​នេះ​ គឺជា​សារ និង​ទស្សនវិស័យ​របស់​បេក្ខជន​ដោយ​បាន​ប្តេជ្ញា​យក​ទៅ​អនុវត្ត​ដើម្បី​ធ្វើឱ្យ​ស្ថាប័ន​គណៈមេធាវី កាន់តែ​មាន​ភាពប្រសើរ​ឡើង ប្រសិន​បើ​ពួកគាត់​ត្រូវ​បាន​សហភាតា​បោះឆ្នោត​គាំទ្រ​ឱ្យ​ធ្វើជា​ប្រធាន​នៅក្នុង​អាណត្តិ​​ទី​ ១៣ ​ខាងមុខ ៖

លោក លី ច័ន្ទតុលា វ័យ​ ៤២ ​ឆ្នាំ​ បាន​ធ្វើជា​មេធាវី​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​មាន​អត្តលេខ​ ៥៨១​។ បច្ចុប្បន្ន​លោក​ជា​មេធាវី​នៅ​ក្រុមហ៊ុន​មេធាវី អេស វី ភី​។ លោក ច័ន្ទតុលា បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​ឯកជន​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​នៅ​ឆ្នាំ​ ១៩៩៩ ​ហើយ​លោក​ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​បារាំង​ទៅ​បន្ត​ការសិក្សា និង​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់ឯកជន​នៅ​ទីនោះ​នៅ​ឆ្នាំ ២០០០​។

នៅ​ឆ្នាំ​ ២០០២ លោក​ក៏​ទទួល​បាន​បរិញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ JEAN MOULIN LYON 3​។ ក្នុង​ឆ្នាំ​ ២០០៩ ​លោក​ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី ហើយ​បន្ទាប់មក​លោក​ត្រូវបាន​ដំឡើង​ឋានៈ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ដល់​បច្ចុប្បន្ន​។

បើ​សិន​បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​លោក លី ច័ន្ទតុលា ប្តេជ្ញា​ថា​៖ បន្ត​អនុវត្ត​ និង​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​ដែល​គណៈមេធាវី​ធ្លាប់​ជួបប្រទះ​កន្លងមក​ពង្រឹង​សមត្ថភាព​មេធាវី​ដែល​មាន​ស្រាប់ និង​បណ្តុះបណ្តាល​អ្នក​ដែល​ចង់​ក្លាយ​ជា​មេធាវី​។ ពង្រឹង​កិច្ចសហការ​ផ្តល់​តម្លៃ និង​ការយោគយល់​គ្នា​ជាមួយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ ជាពិសេស​ជាមួយ​ស្ថាប័ន​នគរបាល​យុត្តិធម៌ ពន្ធនាគារ និង​ស្ថាប័ន​តុលាការ​ផងដែរ​។

ជំរុញ​ឱ្យ​សមាជិក​គណៈមេធាវី​ទាំងអស់​ចូលរួម​ឱ្យបាន​សកម្ម​ជាង​មុន នៅក្នុង​ការជួយ​ជ្រោមជ្រែង​ដល់​គណៈមេធាវី និង​នៅក្នុង​ការជួយ​គ្នា​ដើម្បី​លើកតម្កើង​វិជ្ជាជីវៈ​មេធាវី ការពារ​ផលប្រយោជន៍​មេធាវី និង​ជួយ​ដល់​ការងារ​យុត្តិធម៌​ក្នុង​សង្គម​។ លើស​ពី​នេះ​ក្នុង​នាម​ជា​ស្ថាប័ន​មួយ​ក្នុង​ចំណោម​ស្ថាប័ន​ដែល​ជួយ​ដល់​វិស័យ​យុត្តិធម៌ គណៈ​មេធាវី​នឹង​សហការ​ដោយ​ស្មើភាព​ជាមួយ​រាជរដ្ឋាភិបាល​ និង​គ្រប់​ស្ថាប័ន និង​អង្គការ​ទាំងអស់​ឱ្យ​តែមាន​ប្រយោជន៍​ដល់​វិជ្ជាជីវៈ​មេធាវី​។

លោក កែត ឃី មាន​វ័យ ៥៣ ​ឆ្នាំ​។ លោក​បាន​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ជាង ២០ ​ឆ្នាំ​មាន​អត្តលេខ ០៧៩ ​នៅ​ក្រុម​មេធាវី​ពន្លឺយុត្តិធម៌​។ លោក​បានបញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ផ្នែក​នីតិឯកជន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ពី​ឆ្នាំ​ ២០០៣-២០០៦​។ ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០០០ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​នីតិសាស្ត្រ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។ ​លោក​ក៏​បញ្ចប់​វិញ្ញាបនបត្រ​វិជ្ជាជីវៈ​មេធាវី​ពី​ឆ្នាំ​ ១៩៩៦-១៩៩៧​ ផងដែរ​។ នៅ​ឆ្នាំ​ ១៩៨៨-១៩៩០ លោក​បានបញ្ចប់​សញ្ញាបត្រ​មធ្យម​នីតិសាស្ត្រ​ពី​សាលា​កម្មាភិបាល រដ្ឋបាល និង​នីតិសាស្ត្រ​។

លោក​ កែត ឃី មាន​បទពិសោធ​ជា​ក្រឡាបញ្ជី​នៅ​តុលាការ​កំពូល​ពី​ឆ្នាំ ១៩៩០-១៩៩៧​។ នៅ​ឆ្នាំ​ ១៩៩៨ លោក​ធ្វើជា​សមាជិក​គណៈកម្មការ​រាជធានី​ភ្នំពេញ​រៀបចំ​ការបោះឆ្នោត​។ ក្នុង​ឆ្នាំ ២០០៨ ​លោក​ធ្វើជា​អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​នៃ​អតីត​គណបក្ស​សមរង្ស៊ី និង​ពី​ឆ្នាំ​ ២០១២-២០១៣ លោក​ក្លាយជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ​ម្តងទៀត​។ នៅក្នុង​ ២០១៤-២០១៧ លោក​ជា​អគ្គលេខាធិការរង​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​។

បើ​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​លោក​ប្តេជ្ញា​ថា​៖​នឹង​ការពារ​លើក​កម្ពស់ និង​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​គ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​ដោយ​តម្លាភាព មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ និង​ចូលរួម​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌​។ គណៈមេធាវី​នឹង​ចេញមុខ​ការពារ​សហភាតា​ដែល​ត្រូវបាន​ចោទប្រកាន់​ក្នុង​ពេល​ប្រកប​វិជ្ជាជីវៈ​ឱ្យបាន​នូវ​សុវត្ថិភាព និង​ឯករាជភាព​នៃ​ស្ថាប័ន​គណៈមេធាវី​។ ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​មេធាវី​ប្រកប​ដោយ​គុណភាព គុណធម៌ ឯករាជ្យ សេចក្តី​ថ្លៃថ្នូរ​ស្របតាម​ច្បាប់ ក្រម​សីលធម៌ បទបញ្ជាផ្ទៃក្នុង ការពារ និង​ពង្រឹង​តួនាទី​មេធាវី​ដែល​ច្បាប់​ប្រគល់​ឱ្យ​ដោយ​មិន​អនុញ្ញាត​ឱ្យ​បុគ្គល ឬ​ស្ថាប័ន​ដទៃ​ទាញយក​ការងារ​មេធាវី​ឡើយ និង​ពិនិត្យ​ឡើង​វិញ​នូវ​រចនាសម្ព័ន្ធ​គណៈមេធាវី ការងារ​បុគ្គលិក​រដ្ឋបាល ហិរញ្ញវត្ថុ និង​មូលនិធិ​ផ្សេងៗ​។

លើស​ពី​នេះ​ចូលរួម​តស៊ូ​មតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ផ្តល់​សេវា​ការពារ​ជនក្រីក្រ​ឱ្យ​មាន​តុល្យភាព​សិទ្ធិ​ជាមួយ​អ្នកមាន​ប្រាក់ និង​អ្នកមានអំណាច​ និង​សិក្សា​រាល់​សេចក្តី​សម្រេច​សំខាន់ៗ​របស់​តុលាការ និង​ស្ថាប័ន​ផ្សេងៗ​ដែល​មិន​សម​ហេតុផល​ដើម្បី​តស៊ូ​មតិ​។

លោក សំ សុគង់ វ័យ​ ៤៥ ​ឆ្នាំ​ បាន​ចូល​ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ប្រមាណ​ជិត​ ២០ ​ឆ្នាំ​មក​ហើយ​ដែលមាន​អត្តលេខ ៣២១​។ បច្ចុប្បន្ន​ជា​មេធាវី​នៅ​ការិយាល័យ BBC​។ លោក​បាន​បញ្ចប់​បរិញ្ញាបត្រ​ច្បាប់​នៅ​ឆ្នាំ​ ២០០១ ហើយ​បានបញ្ចប់​ថ្នាក់​អនុបណ្ឌិត​ច្បាប់​នៅ​ឆ្នាំ​ ២០១៤​។ លោក​ក៏បាន​បញ្ចប់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នៅ​ឆ្នាំ​ ២០១០ ហើយ​បច្ចុប្បន្ន​កំពុង​បន្ត​ការសិក្សា​ថ្នាក់អនុបណ្ឌិត​ច្បាប់​អន្តរជាតិ​ជា​ភាសា​អង់គ្លេស​នៅ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​។

លោក​ក៏​កំពុង​បំពេញ​តួនាទី​ជា​សហមេធាវី​ជាតិ​តំណាង​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០១០ រហូតដល់​បច្ចុប្បន្ន និង​ធ្លាប់ជា​ទីប្រឹក្សា​ច្បាប់​នៅ​គណៈកម្មការ​សិទ្ធិមនុស្ស​នៅ​ស្ថាប័ន​រដ្ឋសភា​ក្នុង​អាណត្តិ​ទី ៥ និង​ធ្លាប់ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

បើ​សិន​បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​លោក​ សំ សុគង់​ ​ប្តេជ្ញា​ថា​៖ ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​គណៈមេធាវី​ដែល​ធ្វើឱ្យ​មេធាវី​ទាំងអស់​មាន​ការសាមគ្គី​គ្នា​មិនមាន​ការបែងចែក​ថា មេធាវី​នេះ​ជា​មេធាវី​គណបក្ស​ប្រឆាំង ឬ​មេធាវី​នោះ​ជា​មេធាវី​របស់​រដ្ឋាភិបាល​។ គណៈមេធាវី​មិនអាច​ឱ្យ​ស្ថាប័ន​ណា​ ឬ​បុគ្គល​ណា រំលោភបំពាន​បាន​នោះ​ទេ ហើយ​សមាជិក​សមាជិកា​គឺ​ត្រូវតែ​រួមការពារ​។ ការគ្រប់គ្រង​តាម​គោលការណ៍​តម្លាភាព​គណនេយ្យភាព​ និង​ភាព​ស្អាតស្អំ​ក៏​មិនអាច​ខ្វះ​បាន​នោះដែរ​ព្រោះ​គណៈមេធាវី​គឺ​ច្បាស់​ណាស់ មិនត្រូវ​ឱ្យមាន​អំពើ​ពុករលួយ​នោះឡើយ​។ ពង្រឹង​កិច្ចសហការ​ជាមួយ​គណៈមេធាវី​អន្តរជាតិ បង្កើត​កិច្ចសហការ​ជាមួយ​ស្ថាប័ន​ជាតិ​ និង​អន្តរជាតិ​ធ្វើ​ទំនើបកម្ម និង​ប្រសិទ្ធភាព​ការគ្រប់គ្រង​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។

ដឹកនាំ​គណៈមេធាវី​ឱ្យមាន​ឯករាជភាព​មិន​ឱ្យ​ស្ថិតក្រោម​គណបក្ស​នយោបាយ​ក៏​ដូចជា​ក្រោម​ស្ថាប័ន​ណា​នោះទេ​។ កន្លងមក​មាន​ការប្រព្រឹត្ត​មិន​ត្រឹមត្រូវ​ដែល​មាន​មេធាវី​មួយចំនួន​បាន​ទៅ​បម្រើ​ការងារ​នៅ​ស្ថាប័ន​ផ្សេងៗ ហើយ​មេធាវី​ដទៃទៀត គឺ​បម្រើ​គណបក្ស​តែម្តង​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​វិជ្ជាជីវៈ​មេធាវី​។ សមត្ថភាព​របស់​មេធាវី​គឺជា​បញ្ហា ខណៈ​មេធាវី​មាន​ចំនួន​ច្រើនតែ​សមត្ថភាព និង​ការប្រកួត​ប្រជែង​ជាមួយ​មេធាវី​អន្តរជាតិ គឺ​នៅ​មាន​កម្រិត​ទាប​ណាស់​។

លោក សេក សោភ័ណ វ័យ​ ៤៥ ឆ្នាំ ប្រកប​វិជ្ជាជីវៈ​ជា​មេធាវី​ជិត​ ១០ ​ឆ្នាំ​ហើយ​មាន​អត្តលេខ ៨១៧​។ បច្ចុប្បន្ន​ក្រៅពី​ដឹកនាំ​ការិយាល័យ​មេធាវី R- &L លោក ក៏​ជា​ទីប្រឹក្សា​ផ្នែក​ច្បាប់​របស់​ធនាគារ​ពិភពលោក​ផងដែរ​។ លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់​នៅ​ឆ្នាំ​ ១៩៩៩ និង​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ច្បាប់​ឯកជន​នៅ​ឆ្នាំ​ ២០០៨​។ បទពិសោធ​ការងារ​លោក​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រីរាជការ បន្ទាប់មក​ក៏បាន​ចេញមក​បម្រើការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

លោក​ធ្លាប់ជា​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខាង​ការងារ​ និង​ធ្លាប់​ជា​សាស្ត្រាចារ្យ​ច្បាប់ ហើយ​ឆ្លងកាត់​បទពិសោធ​ការងារ​ទាំងនេះ​មាន​រយៈពេល​ប្រមាណ​ ១០ ​ឆ្នាំ​។

បើសិន​បាន​ជាប់ឆ្នោត​ជា​ប្រធាន​គណៈមេធាវី​លោក​ លី សេក សោភ័ណ ប្តេជ្ញា​ថា​៖ លោក នឹង​កែប្រែ​ពី​របៀប​នៃ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ដោយ​មិនឱ្យ​បេក្ខជន​ម្នាក់ៗ​ចំណាយ​លុយ​ខ្លួនឯង​ក្នុង​ការជប់លាង​ដោយ​មិនមាន​តម្លាភាព​នោះទេ​។ មាន​ន័យថា រាល់​ការរៀបចំ​ពិធីជប់លៀង​ស្វែងរក​សំឡេងឆ្នោត គឺជា​ការទទួល​ខុសត្រូវ​របស់​គណៈមេធាវី ហើយ​បេក្ខជន​ប្រធាន​គណៈមេធាវី​ទាំងអស់​គឺ​មាន​សិទ្ធិ​ស្មើភាព​គ្នា​ក្នុង​ការបង្ហាញ​សមត្ថភាព​ដែល​ធ្វើ​ឡើង​ដោយ​គណៈមេធាវី​។ លើស​ពី​នេះ​លោក​ក៏មាន​ផែនការ​បង្កើត​ផែនការ​យុទ្ធសាស្ត្រ​រួមមួយ​រយៈពេល​ ១០ ​ឆ្នាំ​សម្រាប់​ការដឹកនាំ​របស់​គណៈមេធាវី ដើម្បី​រៀបចំ​គោលការណ៍​ដឹកនាំ​ស្ថាប័ន និង​វិជ្ជាជីវៈ​នេះ​ឱ្យស្រប​ទៅតាម​គុណតម្លៃ​របស់​គណៈមេធាវី និង​វិជ្ជាជីវៈ​។

ភ្នំពេញ​ប៉ុស្តិ៍​បាន​ព្យាយាម​ទាក់ទង​ទៅ​បេក្ខជន​ប្រធាន​គណៈមេធាវី​ម្នាក់ទៀត គឺ លោក ស សូវាន ដើម្បី​ស្នើសុំ​លោក​ធ្វើការ​អធិប្បាយ​ពី​បញ្ហា​នេះ ប៉ុន្តែ​លោក​បាន​មាន​ប្រសាសន៍​ក្នុង​សំឡេង​ខ្សាវៗ​ថា លោក​កំពុងមាន​ជំងឺ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បានឡើយ​។

សូមបញ្ជាក់ថា តំណែង​ប្រធាន​គណៈមេធាវី​ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​ ២ ​ឆ្នាំ​ដែល​ត្រូវ​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ដោយ​សមាជិក​គណៈមេធាវី​ដែល​មាន​ប្រមាណ​ជាង​ ២ ០០០ ​នាក់​៕