ភ្នំពេញៈ តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​បុរស​ម្នាក់​ឈ្មោះ យ៉ែម ជ្រិន នៅ​ដើមខែ​ក្រោយ បន្ទាប់ពី​ជំនុំជម្រះ​កាលពី​ថ្ងៃ​ ២០ ​កញ្ញា ពាក់ព័ន្ធ​ករណី​ដើរ​ចាក់​ថ្នាំ​បង្ក​ការឆ្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​ជិត​ ៣០០ ​នាក់​ នៅ​ភូមិ-ឃុំ​រកា​ស្រុក​សង្កែ ខេត្ត​បាត់ដំបង​កាលពី​ឆ្នាំ​ ២០១៤ ខណៈ​រឿងនេះ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​ ២៥ ​ឆ្នាំ​។

នៅក្នុង​អង្គសវនាការ​កាលពី​ថ្ងៃទី​​ ២០ ​កញ្ញា ​ដែលមាន​វត្តមាន​លោក​ចៅក្រម និល ណុន ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ និង​មាន​លោក ឌុចគឹម សន ជា​តំណាង​មហាអយ្យការ​នោះ ជនជាប់ចោទ ឈ្មោះ យ៉ែម ជ្រិន បាន​ឆ្លើយ​ប្រាប់​ចៅក្រម​ថា ការ​ដែល​គាត់​ដើរ​ចាក់​ថ្នាំ​ហើយ​ចម្លង​​មេរោគ​អេដស៍​ទៅ​ពលរដ្ឋ​បណ្តាល​​ឲ្យ​ស្លាប់​នោះ គឺ​គាត់​គ្មាន​ចេតនា​នោះ​ទេ​។

លោក ញ៉ែម ជ្រិន ថា​៖ «​ខ្ញុំ​មិនមាន​ចេតនា ធ្វើ​បែប​ហ្នឹង​ទេ ខ្ញុំ​សូម​តុលាការ​បន្ថយទោស​ដល់​ខ្ញុំ​ផង​»​។

លោក សំ ចំរើន ជា​មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​ថ្លែង​​ការពារ​កូនក្តី​របស់​លោក​ថា ពាក់ព័ន្ធ​ករណី​ឈ្មោះ យ៉ែម ជ្រិន នេះ លោក​យល់ឃើញ​ថា​គាត់​ពិតជា​បាន​សាង​នូវ​កំហុស​បណ្តាល​ឲ្យ​អ្នកភូមិ​រកា​ស្លាប់​ដោយសារ​ជំងឺអេដស៍​ប្រាកដ​មែន​។ ប៉ុន្តែ​ទង្វើ​របស់​កូនក្តី​លោក​នោះ​គឺជា​កំហុស​ដោយ​អចេតនា​ទេ​។

លោក បញ្ជាក់​ប្រាប់​ក្នុង​អង្គសវនាការ​ថា បញ្ហា​នេះ​ដោយសារ​កូនក្តី​លោក​មិន​បានគិត​ដល់ ហើយ​កាលពី​ពេលនោះ​ប្រសិន​បើ​មាន​ខាង​មន្ទីរ​សុខាភិបាល​ចុះ​ទៅ​ពិនិត្យ​ណែនាំ​ឲ្យ​បាន​ដិតដល់​នោះ​ប្រហែល​ជា​កូនក្តី​របស់លោក​មិនបាន​ជាប់ពន្ធនាគារ​ច្រើន​ឆ្នាំ​ដែរ​។

លោក​ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​តុលាការ​កំពូល​បន្ធូរបន្ថយ​ទោស​ដល់​កូនក្តី​ខ្ញុំ​ព្រោះ​រឿងនេះ​កើតឡើង​ដោយ​អចេតនា​ទេ​។ ​ម្យ៉ាង​ក៏​ជា​ផលវិបាក​សង្គម​ដែរ ប្រសិនបើ​​មាន​ស្ថាប័ន​ចុះ​ទៅ​ទប់ស្កាត់​មុន​នោះ​ប្រហែល​ជា​កូនក្តី​ខ្ញុំ​មិនបាន​បង្កើត​នូវ​កំហុស​ដែល​បណ្តាល​ឲ្យ​គាត់​មានទោស​ច្រើន​ដែរ​»​។

លោក មេធាវី បញ្ជាក់​ថា​ក្នុង​រឿងនេះ​វា​ត្រូវតែ​អីចឹង ព្រោះ​រឿងនេះ​ជា​រឿង​បច្ចេកទេស​សុទ្ធសាធ តែ​យើង​ក៏​មិនមែន​ជា​អ្នកចេះ​ដែរ តែ​គ្រាន់តែ​ហេតុការណ៍​វា​បង្ហាញ​មក​បែបនេះ​។ បើ​មាន​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់ អ៊ីចឹង​ទៅ​ទើប​បណ្តាល​ឲ្យ​មាន​រឿងនេះ​កើត​ធំ​ដល់​តែមាន​រឿង​ធំ​ក៏មាន​ព្យនៈកម្ម​ធំ​ដែរ​។ បើ​មាន​ការទប់ស្កាត់​ទាន់​ពី​ស្ថាប័ន​ជំនាញ​នោះ​ប្រហែល​ជា​កូនក្តី​របស់​លោក​ក៏​​មិនអាច​ជាប់ទោស​ច្រើន​ឆ្នាំ​។

គួររំឭកថា លោក​ យ៉ែម ជ្រិន ត្រូវបាន​សាលាដំបូង​ខេត្ត​បាត់ដំបង ចោទប្រកាន់​ ៣ ​បទល្មើស ​ដែល​បទល្មើស​ទី​ ១ ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​មេរោគ​អេដស៍​ទៅ​អ្នកដទៃ​តាម​មាត្រា ១៨, ៥០​ ​នៃ​​ច្បាប់​ស្តីពី​ការបង្ការ​ និង​ការ​ប្រយុទ្ធ​ទប់ស្កាត់​ការរីករាលដាល​មេរោគ​អេដស៍​/​ជំងឺអេដស៍​,​ ទី២ ​ឃាតកម្ម​ដោយ​អំពើ​ឃោរឃៅ​​តាម​មាត្រា ២០៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ និង​ទី​៣ ​បើក​កន្លែង​ពិគ្រោះ​ព្យាបាល​ជំងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​។

បទ​ចោទ​ទាំងនេះ​ត្រូវ​បាន​​តុលាការ​ថ្នាក់ក្រោម​ផ្តន្ទាទោស​​ដាក់ពន្ធនាគារ​ ២៥ ​ឆ្នាំ​ និង​បង្គាប់​​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន​ ៥ លាន​រៀល ​ចូល​ថវិការដ្ឋ ដោយសារ​បើក​មន្ទីរ​ព្យាបាល​គ្មាន​សុំ​អាជ្ញាប័ណ្ណ និង​ពិន័យ​ជា​ប្រាក់​សងជំងឺចិត្ត​ផ្សេងទៀត​ពី​ ២ ​លាន​ដល់​ ១២ ​លាន​រៀល​ ដល់​​ជនរងគ្រោះ​ចំនួន​ ១០៧ ​នាក់​ (​អនីតិជន​ ២២ ​នាក់​)​។ មិន​​សុខ​ចិត្ត​នឹង​សាលក្រម​ជនជាប់ចោទ​បាន​ប្តឹង​ទាស់​ទៅ​សាលាឧទ្ធរណ៍​ហើយ​ត្រូវ​ឧទ្ធរណ៍​​តម្កល់​ទោស​ដដែល​។

ក្រោយ​ជំនុំជម្រះ​លោក និល ណុន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​សំណុំ​រឿងនេះ​នឹង​ប្រកាស​នៅ​ថ្ងៃទី​ ៤ ខែ​ តុលា ខាងមុខ​៕