ភ្នំពេញៈ អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) មានគម្រោងនឹងបើកសវនាការនៅខែវិច្ឆិកាខាងមុខនេះប្រឆាំងនឹងដីកាលើកលែងការចោទប្រកាន់លើ មាស មុត អតីតមេបញ្ជាការជើងទឹកក្នុងរបបខ្មែរក្រហមដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិកាលពីចុងឆ្នាំ ២០១៨ ក្នុងសំណុំរឿង ០០៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ដែលចេញផ្សាយកាលពីថ្ងៃទី ២៤ ខែតុលានេះ បានឲ្យដឹងថា សវនាការនឹងត្រូវធ្វើឡើងដើម្បីស្ដាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿងមុនពេលដែលអង្គជម្រះចេញសាលដីកាលើបណ្ដឹងឧទ្ធរណ៍។ សវនាការនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៧ ថ្ងៃទី ២៨ និងថ្ងៃទី ២៩ ខែវិច្ឆិកា។
សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឲ្យដឹងថា៖ «សហព្រះរាជអាជ្ញាជាតិ សហព្រះរាជអាជ្ញាអន្តរជាតិ និងសហមេធាវីជាតិ-អន្តរជាតិ ការពារក្តីជនត្រូវចោទនឹងមានសិទ្ធិលើកឡើងពីទឡ្ហីករណ៍របស់ខ្លួន។ បើសិនជនត្រូវចោទមានវត្តមាន ជនត្រូវចោទនឹងទទួលបានឱកាសដើម្បីធ្វើសេចក្តីសន្និដ្ឋានផ្ទាល់ខ្លួននៅចុងបញ្ចប់បិទសវនាការ។ នៅពេលបិទបញ្ចប់សវនាការ អង្គបុរេជំនុំជម្រះនឹងធ្វើការពិចារណាដើម្បីចេញសាលដីកាសម្រេច»។
អង្គបុរេជំនុំជម្រះនៃ អ.វ.ត.ក មានសមាសភាពចៅក្រមជាតិចំនួន ៣ រូប និងចៅក្រមអន្តរជាតិចំនួន ២ រូប។ ក្នុងនាមជាអង្គជំនុំជម្រះដោះស្រាយបណ្ដឹងឧទ្ធរណ៍ អង្គបុរេជំនុំជម្រះអាចបើកសវនាការលើសំណើ និងបណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងដីកា និងសេចក្ដីសម្រេចដែលចេញដោយសហចៅក្រមស៊ើបអង្កេត។
សេចក្តីប្រកាសព័ត៌មានបានបន្តថា សវនាការនេះនឹងធ្វើឡើងជាសាធារណៈនៅពេលដែលចាប់ផ្តើមឧទ្ទេសនាមភាគីនៅក្នុងសំណុំរឿងជូនអង្គជំនុំជម្រះនៅពេលដែលអង្គជំនុំជម្រះអានសេចក្តីរាយការណ៍អំពីសំណុំរឿងនេះ និងនៅពេលដែលចៅក្រមសួរសំណួរផ្សេងៗទៅកាន់ភាគី។ ក្រៅពីនេះអង្គបុរេជំនុំជម្រះនឹងស្តាប់ទឡ្ហីករណ៍ពីភាគីនៅក្នុងសំណុំរឿងនៅក្នុងសវនាការសម្ងាត់វិញ។
អង្គបុរេជំនុំជម្រះនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានទទួលបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាជាតិនៅថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៩ បណ្តឹងឧទ្ធរណ៍ដាក់ដោយសហមេធាវីការពារក្តីឲ្យ មាស មុត នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៩ ប្រឆាំងនឹងដីកាដំណោះស្រាយដែលចេញដោយសហចៅក្រមស៊ើបអង្កេតអន្តរជាតិនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសំណុំរឿង ០០៣ និងបណ្តឹងឧទ្ធរណ៍ដាក់ដោយសហព្រះរាជអាជ្ញាអន្តរជាតិ នៅថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០១៩ ប្រឆាំងនឹងដីកាលើកលែងចោទប្រកាន់លើ មាស មុត ដែលចេញដោយសហចៅក្រមស៊ើបអង្កេតជាតិនៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅក្នុងសំណុំរឿង ០០៣។
លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានថ្លែងថា កត្តាដែលធ្វើឲ្យមានការខ្វែងគំនិតគ្នារវាងចៅក្រមភាគីជាតិ និងចៅក្រមភាគីអន្តរជាតិគឺ ដោយសារតែសមត្ថភាពនៃការបកស្រាយច្បាប់ ហើយការកំណត់ភ័ស្តុតាង។
លោក យុ ថ្លែងថា៖ «ប្រសិនបើពិនិត្យមើលភ័ស្តុតាងផ្លូវច្បាប់ និងនីតិវិធី វានឹងមិនមានការលំបាកសម្រាប់អង្គបុរេជំនុំជម្រះធ្វើការវិនិច្ឆ័យនោះទេ។ យើងត្រូវផ្អែកទៅលើភ័ស្តុតាងជាផ្លូវក្នុងការធ្វើការសម្រេចចិត្ត។ ការផ្តល់យុត្តិធម៌ត្រូវតែធ្វើដោយខានពុំបានដោយឈរលើគោលច្បាប់ និងនីតិវិធី»។
លោក មាស មុត ត្រូវបានដាក់បញ្ចូលទៅក្នុងសំណុំរឿង ០០៣ ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដោយកំបាំងមុខកាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០១៥ ដោយចោទពីបទមនុស្សឃាត ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម។
ខណៈលោក មាស ភក្តិ កូនប្រុសរបស់លោក មាស មុត បានថ្លែងកាលពីម្សិលមិញថា ឪពុករបស់លោកកំពុងស្នាក់នៅស្រុកសំឡូត ខេត្តបាត់ដំបង មិនបានផ្លាស់ទីលំនៅទៅណាផ្សេងទេ បើទោះបីកំពុងស្ថិតនៅក្រោមការពិនិត្យរបស់សាលាក្ដីខ្មែរក្រហមក៏ដោយ។ លោក ភក្ដិ ថា៖ «គាត់នៅផ្ទះ គាត់ចាស់ហើយសុខភាព ១ ថ្ងៃកាត់ ១ ថ្ងៃកោរ នៅពេលខ្លះមានសុខភាពល្អ ពេលខ្លះឈឺ»៕