The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលាក្តី​ខ្មែរក្រហម​កំពុង​ពិចារណា​លើ​សំណុំរឿង​លោក​ មាស មុត ថា​តើ​គួរ​លើកលែង​ ឬ​បន្ត​រឿងក្តី




សាលាក្តី​ខ្មែរក្រហម​កំពុង​ពិចារណា​លើ​សំណុំរឿង​លោក​ មាស មុត ថា​តើ​គួរ​លើកលែង​ ឬ​បន្ត​រឿងក្តី

Content image - Phnom Penh Post
លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរ​ក្រហម។ ហេង ជីវ័ន

សាលាក្តី​ខ្មែរក្រហម​កំពុង​ពិចារណា​លើ​សំណុំរឿង​លោក​ មាស មុត ថា​តើ​គួរ​លើកលែង​ ឬ​បន្ត​រឿងក្តី

ភ្នំពេញៈ អង្គ​បុរេ​ជំនុំជម្រះ​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ.វ.ត.ក) ហៅ​កាត់ សាលាក្តី​ខ្មែរក្រហម​កំពុង​ពិចារណា​ទៅ​លើ​សំណុំរឿង​ ០០៣ របស់​លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ខ្មែរ​ក្រហម ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ថា​តើ​គួរ​លើកលែង​ការចោទប្រកាន់ ឬ​បញ្ជូន​សំណុំរឿង​ទៅ​ជំនុំជម្រះ ខណៈ​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ខ្វែងគំនិត​គ្នា​ក្នុង​ការចេញ​ដីកា​ដំណោះស្រាយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ អ.វ.ត.ក កាលពី​ម្សិលមិញ​បាន​ពិចារណា​លើ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​ដីកា​ដំណោះស្រាយ​របស់​សហ​ចៅក្រម​ស៊ើបអង្កេត​ក្នុង​សំណុំរឿង​ ០០៣​។ តែ​ក្នុង​សេចក្តីប្រកាស​នោះ​ពុំទាន់​មាន​លទ្ធផល​ឡើយ​។

ក្នុង​សេចក្តី​ប្រកាស​លើកឡើង​ថា​៖ «​កាលពី​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​ឆ្នាំ​ ២០១៨ សហចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​បាន​ចេញ​ដីកា​ដំណោះស្រាយ​ (​ដីកា​បញ្ជូន​​រឿង​ទៅ​ជំនុំជម្រះ​) ដោយ​បញ្ជូន មាស មុត ទៅ​ជំនុំជម្រះ​។ ដោយឡែក​នៅក្នុង​ថ្ងៃ​តែមួយ​នេះដែរ សហចៅក្រម​ស៊ើបអង្កេត​ជាតិ​បាន​ចេញ​ដីកា​សម្រេច​លើកលែង​ការចោទប្រកាន់​ប្រឆាំង មាស មុត (​ដីកា​សម្រេច​លើកលែង​ចោទប្រកាន់​)»​។

លោក នេត្រ ភក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ជាធម្មតា​ចៅក្រម​ស៊ើបអង្កេត​ជាតិ និង​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ត្រូវ​ចេញ​ដំណោះស្រាយ​រួមគ្នា​ទៅលើ​សំណុំ​រឿងនេះ​ ប៉ុន្តែ​ការចេញ​ដីកា​ ២ ​ផ្សេង​គ្នា គឺជា​ការខ្វែង​គំនិត​គ្នា​។

លោក​បញ្ជាក់ថា​៖ «​ទី​១ ចៅក្រម​នៃ​ អ.វ.ត.ក ទាំងអស់​សម្រេច​ថា ការចេញ​ដីកា​ដំណោះស្រាយ​ ២ ​ផ្ទុយគ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត​ជាតិ និង​អន្តរជាតិ​ជា​ការខុសច្បាប់ ដោយ​រំលោភ​ទៅលើ​ក្របខ័ណ្ឌ​គតិយុត្ត​របស់​សាលាក្តី​ខ្មែរក្រហម​»​។

លោក​បន្តថា​៖ «​ទី​២ ប្រកាសថា អង្គ​បុរេជំនុំជម្រះ មិនអាច​រក​សំឡេងគាំទ្រ​ពី​ចៅក្រម ៤ ​រូប​លើ ៥ យ៉ាងតិច (​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ ៣ ​រូប និង​អន្តរជាតិ ២ ​រូប​) ​ដើម្បី​ចេញ​សេចក្តីសម្រេច​មួយ​ទៅ​លើ​អង្គសេចក្តី​ដោយ​ផ្អែកលើ​សំអាងហេតុ​រួមមួយ​បានឡើយ​»​។

បើតាម​លោក ភក្ត្រា បណ្តឹងឧទ្ធរណ៍​ដែលថា បញ្ជូន​សំណុំរឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​ ឬ​ក៏​ត្រូវ​ទម្លាក់ចោល​នោះ គឺ​រក​សំឡេង​មិន​បានទេ អ៊ីចឹង​សំណុំ​រឿងនេះ​មិន​បញ្ជូន​ទៅ​ជំនុំជម្រះ​ហើយ​ក៏​អត់​ទម្លាក់ចោល​ដែរ​។ លោក​បន្តថា​៖ «​ចំណុច​សំខាន់​ទី​៣ សេចក្តី​សម្រេច​នេះ​បិទផ្លូវ​តវ៉ា មានន័យថា បើ​រក​សំឡេងគាំទ្រ​លើសលប់​មិនបាន​ទេ​គឺ​បញ្ចប់​ត្រឹម​អង្គ​បុរេ​ជំនុំជម្រះ​តែម្តង​។ ខ្ញុំ​ក៏​មិនទាន់​អត្ថាធិប្បាយ​បាន​ថា តើ​សំណុំ​រឿងនេះ​នឹង​ទៅណា​នោះទេ​»​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សាលាក្តី​បន្តថា​បន្ទាប់ពី​ពិនិត្យ​មើល​លើ​សំណុំរឿង​រួចមក​អង្គបុរេ​ជំនុំជម្រះ​បានសម្រេច​ថា​បណ្តឹងឧទ្ធរណ៍​របស់​សហព្រះរាជអាជ្ញា​ជាតិ​ និង​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​អាច​ទទួល​យក​បាន (​កថាខណ្ឌ ៥១ និង ៥៣ នៃ​សេចក្តី​ពិចារណា​) ចំណែក​បណ្តឹង​ឧទ្ធរណ៍​របស់​សហ​មេធាវី​ការពារ​ក្តី មាស មុត ត្រូវបាន​ប្រកាសថា​មិនអាច​ទទួលយកបាន​។ ជា​បញ្ហា​បឋម អង្គ​បុរេជំនុំជម្រះ​បាន​ពិចារណា​ថា ការចេញ​ព្រម​គ្នា​នូវ​ដីកា​ដំណោះស្រាយ​ ២ ​ដែល​ផ្ទុយគ្នា​របស់​សហចៅក្រម​ស៊ើបអង្កេត គឺជា​ការខុសច្បាប់ ដោយ​រំលោភបំពាន​ទៅលើ​ក្របខ័ណ្ឌ​គតិយុត្ត​របស់ អ.វ.ត.ក និង​សម្រេច​បិទផ្លូវ​តវ៉ា​។

បើតាម​សាលាក្តី​ខ្មែរក្រហម​នៃ​មតិ​របស់​ចៅក្រម​ជាតិ​បាន​ឱ្យ​ដឹងថា ផ្អែក​តាម​ការប្រកាស​ជា​ឯកច្ឆន្ទ​របស់​អង្គបុរេ​ជំនុំជម្រះ​អំពី​អនីត្យានុកូលភាព​ពាក់ព័ន្ធ​ការចេញ​ដីកា​ដំណោះស្រាយ​ ២ ដែល​ផ្ទុយគ្នា និង​ការពិត​ដែលថា សហចៅក្រម​ស៊ើបអង្កេត មិនបាន​បញ្ជូន​ការខ្វែង​យោបល់​គ្នា​ក្នុង​សំណុំរឿង​បច្ចុប្បន្ន​ទៅ​អង្គបុរេ​ជំនុំជម្រះ ចៅក្រម​ជាតិ​បាន​ពិចារណា​ថា ដីកា​ដំណោះស្រាយ​ទាំង​ ២ របស់​សហចៅក្រម​ស៊ើបអង្កេត​មានតម្លៃ​ស្មើគ្នា​ត្រូវ​តម្កល់ទុក​ជា​បានការ​ដូចគ្នា​មាន​សុពលភាព​ដូចគ្នា​។

បន្ថែម​លើ​នេះ ចៅក្រម​ជាតិ​នៃ​អង្គបុរេ​ជំនុំជម្រះ​បាន​ពិចារណា​ថា សហ​ចៅក្រម​ស៊ើបអង្កេត​ទាំង ២ មាន​ឋានៈ​ស្មើគ្នា និង​បើតាម​គោលការណ៍​សច្ចធារណ៍​នៃ​និរទោស​មិន​មាន​ការអនុញ្ញាត​ឲ្យ​អង្គបុរេ​ជំនុំជម្រះ​សម្រេច​ថា កិច្ច​របស់​សហចៅក្រម​ស៊ើបអង្កេត​ ១ ​រូប​ណា​មាន​ឧត្តមភាព​នោះទេ​។ «​ហេតុដូច្នេះ​ចៅក្រម​ជាតិ​យល់ឃើញ​ថា ដីកា​ដំណោះស្រាយ​ទាំង​ ២ នៅតែ​មាន​តម្លៃ​ស្មើគ្នា ហើយ​សំណុំរឿង ០០៣ ប្រឆាំង មាស មុត គួរ​រក្សាទុក​នៅក្នុង​បណ្ណាសារ​របស់ អ.វ.ត.ក​»​។

ចំណែក​មតិ​របស់​ចៅក្រម​អន្តរជាតិ​ពាក់ព័ន្ធ​បណ្តឹងឧទ្ធរណ៍​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​ចៅក្រម​អន្តរជាតិ​នៃ​អង្គបុរេ​ជំនុំជម្រះ​បាន​សម្រេច​តម្កល់​មូលដ្ឋាន​បណ្តឹងឧទ្ធរណ៍​ចំនួន​ ២ ទាក់ទង​នឹង​កំហុស​អង្គច្បាប់​របស់​សហចៅក្រម​ស៊ើបអង្កេត​ជាតិ​ដែល​មិនបាន​ពិចារណា​ដោយ​ចេតនា​នូវ​ភ័ស្តុតាង​ដែល​បានដាក់​ក្នុង​សំណុំរឿង​។ «​ចៅក្រម​អន្តរជាតិ​យល់ឃើញ​ថា ជា​លទ្ធផល ដីកា​សម្រេច​លើកលែង​ចោទប្រកាន់​ត្រូវ​ទុកជា​មោឃៈ ដោយសារ​តែ​ជា​ឯកសារ​នីតិវិធី​ដែល​មិន​ពេញលេញ និង​បានប្រកាសថា មូលដ្ឋាន​បណ្តឹងឧទ្ធរណ៍​ដែល​នៅសល់​របស់​សហព្រះរាជអាជ្ញា​អន្តរជាតិ​ក្លាយ​ជា​អសារ​ឥតការ​។

បើតាម​លោក​ ភក្ត្រា ដំណើរ​រឿងនេះ​គឺ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ស្នើឱ្យ​ទម្លាក់​ការចោទប្រកាន់ ខណៈ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​ស្នើ​ឱ្យ​បញ្ជូន​សំណុំរឿង​លោក មាស មុត ទៅ​ជំនុំជម្រះ​៕

អត្ថបទគួរចាប់អារម្មណ៍