ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំៗ ដែល​មាន​ស្រាប់​ក្នុង​រាជធានី​ភ្នំពេញ​កុំ​ឲ្យ​បារម្ភ​រឿង​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ជាយ​ក្រុង ខណៈ​ខ្លួន​និង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) បាន​ព្រម​ព្រៀង​គ្នា​លើ ៣ ចំណុច​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ។

កាលពី​ថ្ងៃ​អង្គារ​សាលា​រាជធានី​ភ្នំពេញ​បានចេញ​សេចក្ដី​ជូន​ដំណឹង​មួយ​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ជួសជុល​រថយន្ត​ធំៗ​ត្រូវ​រៀបចំ​ប្ដូរ​ទីតាំង​ទៅ​នៅ​ជាយ​ក្រុង​តាម​បណ្ដោយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ដែល​មាន​ប្រវែង​ជិត ៤៨ គីឡូម៉ែត្រ ចាប់​ពី​ចំណុច​ស្ពាន​ព្រែក​ព្នៅ ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ ៣ ផ្លូវជាតិ​លេខ ២ និង​ផ្លូវជាតិ​លេខ ២១ ទៅ​ភ្ជាប់​នឹង​ផ្លូវ​ជាតិ​លេខ ១ ដែល​ត្រូវ​សាង​សង់​រួច​នៅ​ឆ្នាំ ២០២១ ដើម្បី​បញ្ចៀស​ការ​ស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍​ញឹកញាប់។

ប៉ុន្តែ ១ ថ្ងៃក្រោយ​ចេញ​សេចក្តី​ជូនដំណឹង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង GMAC បាន​ជួប​ពិភាក្សា​គ្នា​ដើម្បី​សម្រួល​ដល់​ការ​ផ្លាស់ប្តូរ​ទីតាំង​នេះ​ក៏​ដូចជា​ចូលរួម​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ។

ក្រោយ​បញ្ចប់​កិច្ចពិភាក្សា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​មិន​តម្រូវ​ឲ្យរោងចក្រ​សហគ្រាស​ឃ្លាំង​ដែល​មាន​ស្រាប់​នៅ​ក្នុង​ក្រុង​រើ​ទៅ​ជ្រាយ​ក្រុង​ឡើយ ប៉ុន្តែ​សម្រាប់​ទីតាំង​ទើប​បង្កើត​ថ្មី នោះ GMAC ត្រូវ​សម្រួល​ឲ្យ​ពួកគេ​ទៅ​សង់​នៅ​ជាយ​ក្រុង​ឬ​តាម​បណ្តាយ​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣។

លោក ម៉េ​ត មាស​ភក្តី អ្នក​នាំា​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​បន្ថែម​ថា ការ​សម្រួល​នេះ​គឺ​ដើម្បី​បង្ក​ការ​ងាយ​ស្រួល​ដល់​ម្ចាស់​ទីតាំង ខណៈ​សាលា​រាជធានី​គ្រោង​បញ្ឈប់​ឲ្យ​ឡាន​ធំ​ចូល​ក្នុង​ក្រុង។

លោក​បន្ថែម​ថា​ការ​ប្រកាស​ជាថ្មី​នេះ​ក៏​ជាការ​បញ្ជាក់​ពី​ជំហរ​របស់​សាលា​រាជធានី​កុំ​ឲ្យ​មានការ​ភាន់​ច្រឡំ​ផង​ដែរ។

លោក​បញ្ជាក់ថា៖ «យើង​បានចេញ​បញ្ជាក់​ជាថ្មីទៀត​គឺ​ដើម្បី​កុំ​ឲ្យ​បងប្អូន​យើង​ហ្នឹង មាន​ការ​យល់​ច្រឡំ.​អ៊ីចឹង​លិខិត​ថ្មី​នេះ​យើង​បញ្ជាក់​យ៉ាង​ច្បាស់​ត្រង់​កន្លែង​រើចេញ​ថា ពុំមាន​ឲ្យ​អ្នក​មាន​ទីតាំង​ស្រាប់​ក្នុង​ក្រុង​ហ្នឹង​រើ​ចេញ​ទេ»។

លោក ម៉េ​ត មាស​ភក្តី បាន​បន្តថា៖ «សម្រាប់​អ្នក​ចង់​រកស៊ី​ថ្មី យើង​លើក​ទឹកចិត្ត ហើយក៏​មិន​មែន​បង្ខំ​ដែរ ព្រោះ​ជាការ​រកស៊ី​របស់​ពួកគាត់ តែ​គ្រាន់​តែ​លើក​ទឹក​ចិត្ត​ឲ្យ​ទៅ​ជាយៗ​ក្រុង​ទៅ ព្រោះ​ឡាន​របស់​យើង​ធំ​ដឹក​ទំនិញ​ដឹក​អី តែ​តិច​ទៀត យើង​កំណត់​ឡាន​ធំ​មិន​ឲ្យ​ចូល​ក្រុង​ទៅ នាំ​តែ​គាត់​ពិបាក យើង​តម្រង់​ទិស​គាត់​ទុក​ទេ»។

តាម​សេចក្តីប្រកាស ចំណុច​ទាំង ៣ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឯកភាព​ជាមួយ GMAC រួម​មាន​ទី១ បង្កើត​ក្រុម​ការងារ​រួមមួយ​ដែល​មាន​សមាស​ភាព​ពី​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រជុំ​កំណត់​ប្រភេទ​និង​ទំហំ​រថយន្ត​ដឹក​ទំនិញ​ធុនធ្ងន់​ចេញ​ចូល​រាជធានី​ភ្នំពេញ តម្រាយ​ផ្លូវ​ហាម​ឃាត់ និង​កំណត់​ពេលវេលា​ម៉ោង​ចេញ​ចូល សំដៅ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ។

ទី២ ក្រុមការងារ​រួម​នេះ​នឹងធ្វើ​ការប្រជុំ​រៀងរាល់ ១ ខែ​ម្តង​ឬ ៣ ខែ​ម្តង​តាម​ការ​ចាំបាច់​ដើម្បី​ពិភាក្សា​រក​ដំណោះ​ស្រាយ ក្នុងការ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ និង​ដោះស្រាយ​បញ្ហា​កង្វល់ ចំណែក​ទី ៣ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ជួយ​សម្រួល​បែបបទ​តាម​សេវា​ច្រក​ចេញ​ចូល​តែមួយ និង​ជួយ​កាត់​បន្ថយ​ពេលវេលា​ដោយ​ផ្ទាល់​ចំពោះ​ការ​សាង​សង់​រោងចក្រ​ដែល​មាន​ក្រឡា​ផ្ទៃ​ក្រោម ៣ ០០០ ម៉ែត្រ​ក្រឡា (បីពាន់​ម៉ែត្រ​ការ៉េ) ដើម្បី​ឆាប់​បាន​ដំណើរការ​សាងសង់។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា (GMAC) ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា វិធានការ​របស់​សាលា​រាជធានី​ភ្នំពេញ​គឺជា​ការ​ត្រឹមត្រូវ។ តែ​នៅ​ចំពោះ​មុខ​មាន​ទាំង​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ដោយ​វិស័យ​ឯកជន​ត្រូវ​ប្រឈម​បញ្ហា​មួយ​ចំនួន​ព្រោះ​ការ​ផ្លាស់ប្តូរ​ទៅ​ជាយ​ក្រុង​អាច​ប្រឈម​នឹង​ការខ្វះ​ធនធាន​មនុស្ស​និង​ចង្វាក់​ផលិតកម្ម។

យ៉ាងណាក្ដី លោក​ថា៖ «សម្រាប់​ជា​ទស្សនវិស័យ​វែងឆ្ងាយ ការ​ដែល​ទៅ​នៅ​ជាយ​ក្រុង​ក៏​ល្អ​ដែរ ព្រោះ​បរិយាកាស​របស់​រោងចក្រ ការ​ដឹក​ជញ្ចូន​តាម​ផ្លូវ​ក្រវាត់​ក្រុង ឆ្ពោះ​ទៅ​កាន់​កំពង់ផែ​ហ្នឹង ហើយ

ការ​ស្នាក់​នៅ​របស់​បង​ប្អូន​កម្មករ​ហ្នឹង នៅ​ក្បែរៗ​ហ្នឹង អាច​មាន​លក្ខណៈ​ទូលាយ​ជាង។ អ៊ឹចឹង​ហើយ បាន​យើង​សម្រួល​ដល់​អ្នក​ដែល​មាន​បំណង​ចង់​បង្កើត​ថ្មី​គួរ​ទៅ​រក​ទីតាំង​តាម​ការ​ណែនាំ​ឲ្យ​ហើយ​ទៅ»។

លោក គង់ សុវណ្ណ ទីប្រឹក្សា​ផ្នែកសុវត្ថិភាព​ចរាចរណ៍​និង​ជា​ប្រធាន​អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​គាំទ្រ​វិធាន​ការ​សាលា​រាជធានី​ភ្នំពេញ​ដែល​តម្រូវ​ឲ្យ​រោងចក្រ ឃ្លាំង និង​សហគ្រាស​ធំៗ ដែល​ប្រើប្រាស់​ឡាន​ដឹក​ទំនិញ​ធំ ដាក់​ទីតាំង​នៅ​ជាយ​ក្រុង។ លោក​បន្តថា ការធ្វើ​ដូច្នេះ បើ​ទោះ​ជា​ភ្លាមៗ​ហាក់​លំបាក​សម្រាប់​ម្ចាស់​ទីតាំង​ក្ដី តែ​វា​មាន​ផល​ល្អ​សម្រាប់​បញ្ចៀស​ការ​កក់​ស្ទះ​ចរាចរណ៍​និង​ជួយ​ទប់ស្កាត់​គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​ឡាន​ធំ​នេះ។

លោក​ថា៖ «ខ្ញុំ​សង្ឃឹមថា សាលា​រាជធានី​ភ្នំពេញ និង​ដៃគូ​ពាក់ព័ន្ធ​ក្នុង​គណៈ​កម្មការ​ដែល​គ្រោង​នឹង​បង្កើត​នេះ គួរ​តែ​មាន​វិធានការ​បែប​ណា​ល្អ​និង​ដោះស្រាយ​បែប​ណា​សម្រាប់​ឡាន​របៀប​ម៉េច ដែល​អាច​ចេញ​ចូល​ក្រុង​ក្នុង​ពេល​ខាង​មុខ។ រឿង​នេះ​ពេល​មាន​ដំណោះ​ស្រាយ គួរ​មាន​វេទិកា​សាធា​រណៈ​ពិភាក្សា​គ្នា ផ្តល់​ចំណេះដឹង​ដល់​ពលរដ្ឋ​ឬ​តាមយៈ​វិទ្យុ​ក្តី ទូរទស្សន៍​ក្តី ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹង​គ្រប់គ្នា»៕